វាគឺជា រាត្រីប្រគល់រង្វាន់អូស្កា Academy Awards ដ៏អស្ចារ្យមួយដល់សិល្បៈករ និង សិល្បៈការនីដែលមានជំនាញផ្សេងៗគ្នានៅសហរដ្ឋអាមេរិក ហើយក្នុងចំណោមនោះគេមិនសូវឃើញមានវត្តមានរបស់ខ្សែភាពយន្តបរទេសនោះទេ។ ក៏ប៉ុន្តែខ្សែភាពយន្តកូរ៉េខាងត្បូងដែលមានចំណងជើងថា Parasite បានទទួលជ័យជម្នះដោយទទួលបានពានរង្វាន់អូស្កាដល់ទៅ៤ រួមទាំងពានរង្វាន់សម្រាប់អ្នកដឹកនាំភាពយន្តល្អជាងគេ និងពានរង្វាន់សម្រាប់ខ្សែភាពយន្តល្អជាងគេបំផុតផងដែរ។
នេះគឺជា រាត្រីដ៏អស្ចារ្យមួយសម្រាប់លោក Bong Joon Ho អ្នកផលិតខ្សែភាពយន្តកូរ៉េ ខាងត្បូង ដែលបានឈ្នះពានរង្វាន់ Academy ដល់ទៅ៤ រួមទាំងពានរង្វាន់អ្នកដឹកនាំភាពយន្តល្អជាងគេបំផុត និងពានរង្វាន់សម្រាប់ខ្សែភាពយន្តល្អជាងគេបំផុតផងដែរ។ ខ្សែភាពយន្តនោះមានចំណងជើងថា Parasite ដែលបង្ហាញពីការរិះគន់អំពីវិសមភាពសង្គមនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Bong Joon Ho បានលើកឡើងពីភាពវិជ្ជមានដែលសមាគមពានរង្វាន់ Academy បានផ្លាស់ប្តូរឈ្មោះប្រភេទខ្សែភាពយន្តបរទេសល្អជាងគេបំផុតទៅជាប្រភេទខ្សែភាពយន្តអន្តរជាតិល្អជាងគេបំផុត ដោយបង្ហាញពីការរួមបញ្ចូលខ្សែភាពយន្តបរទេសក្រៅពីភាពយន្តអាមេរិកាំងទៅក្នុងកម្មវិធីប្រកួតពានរង្វាន់ Academy កាន់តែច្រើនបន្ថែមទៀត។ លោកក៏បានលើកឡើងអំពីការទទួលស្គាល់ពីកម្មវិធីប្រគល់រង្វាន់ Academy ចំពោះភាពយន្ត Parasite របស់កូរ៉េខាងត្បូងផងដែរ។
ខ្សែភាពយន្តមានចំណងជើងថា 1917 របស់លោក Sam Mendes ដែលស្ថិតនៅ លំដាប់ជួរមុខនៃពានរង្វាន់អូស្កាដែលនិយាយអំពីការប្រឆាំងរបស់ពួកទាហាននៅអំឡុងសង្គ្រាមលោកលើកទីមួយដែលបានជួយសង្គ្រោះជីវិតមនុស្ស១៦០០នាក់បានឈ្នះពានរង្វាន់ចំនួនបី ដោយរួមទាំងពានរង្វាន់សម្រាប់ខ្សែភាពយន្តដែលមានរូបភាពមានចលនាល្អបំផុតផងដែរ។
សិល្បៈការនីអ្នកស្រី Brie Larson អ្នកស្រី Sigourney Weaver និងអ្នកស្រី Gal Gadot ដែលគេស្គាល់ថាជា តួអង្គសម្តែងជាវីរៈនារី បានថ្លែងអំពីបញ្ហាប្រឈមក្នុងការក្លាយជាស្រ្តីនៅក្នុងវិស័យភាពយន្តហូលីវូដ ខណៈអ្នកស្រី Weaver ថាស្រ្តីគ្រប់រូបគឺជាវីរៈនារី។
អ្នកស្រី Hildur Guonadottir បានឈ្នះពានរង្វាន់អូស្កាសម្រាប់ខ្សែភាពយន្តមានចំណងជើងថា Joker ហើយនៅក្នុងសុន្ទរកថារបស់អ្នកស្រី អ្នកស្រីបានលើកទឹកចិត្តដល់ស្រ្តីផ្សេងទៀតឲ្យដើរតាមការចង់បានរបស់ខ្លួន និងទេពកោសល្យតន្ត្រីរបស់ខ្លួន។
សិល្បៈការនីផ្សេងទៀតក៏បានឈ្នះពានរង្វាន់នៅក្នុងពិធីប្រគល់រង្វាន់នៅយប់នោះផងដែរ ដូចជាអ្នកស្រី Julia Reichert ជាសហនាយកដឹកនាំភាពយន្តឯកសារមានចំណងជើងថា American Factory ជាមួយនឹងអ្នកស្រី Carol Dysinger នាយកដឹកនាំភាពយន្តឯកសារខ្លីមួយមានចំណងជើងថា Learning to Skateboard in a Warzone if you're a Girl។
សម្រាប់ពានរង្វាន់ផ្នែកការសម្តែងជាតួអង្គសំខាន់វិញ លោក Brad Pitt បានឈ្នះពានរង្វាន់ជាតួរងល្អបំផុតសម្រាប់ការសម្តែងរបស់លោកនៅក្នុងខ្សែភាពយន្តរបស់លោក Quentin Tarantino ដែលមានចំណងជើងថា Once Upon a Time in Hollywood។ នៅអំឡុងពេលការថ្លែងសន្ទរកថារបស់លោក លោកបានថ្លែងពាក់ព័ន្ធនឹងរឿងនយោបាយគឺអំពីព្រឹទ្ធសភាមិនព្រមឲ្យមានសាក្សីនៅក្នុងសវនាការដកលោក Trump ចេញពីតំណែង។
លោក Brad Pitt បានថ្លែងថា៖ «គេប្រាប់ខ្ញុំថា ខ្ញុំមានពេលតែ៤៥វិនាទីប៉ុណ្ណោះ ដើម្បីថ្លែងសន្ទរកថា គឺច្រើនជាងពេលដែលព្រឹទ្ធសភាឲ្យលោក John Bolton នៅសប្តាហ៍នេះទៅទៀត»។
លោក Joaquin Phoenix បានឈ្នះពានរង្វាន់អូស្កាជាអង្គសម្តែងល្អបំផុត និងបានឡើងថ្លែងសារដ៏គួរឲ្យទាក់ទាញ។ លោកបាននិយាយថា៖«នៅពេលនេះយើងមានអារម្មណ៍ថា យើងជាម្ចាស់ពានរង្វាន់នៅក្នុងជំនាញផ្សេងៗគ្នា ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមើលឃើញចំណុចដូចគ្នា។ ខ្ញុំគិតថា មិនថាយើងនិយាយអំពីវិសមភាពយេនឌ័រការរើសអើង សិទ្ធិមនុស្ស ឬសិទ្ធិសត្វនោះទេ គឺយើងកំពុងនិយាយអំពីភាពអយុត្តិធម៌»។
អ្នកស្រី Laura Dern បានឈ្នះអូស្កាជាតួរងល្អបំផុតនៅក្នុងការសម្តែងរបស់អ្នកស្រីជាមេធាវីដ៏ក្លាហានម្នាក់នៅក្នុងករណីលែងលះគ្នាមួយនៅក្នុងរឿង Marriage Story។ អ្នកស្រីក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរចំពោះការរើសអើងអ្នកដឹកនាំរឿងជាស្រ្តីដោយកម្មវិធីផ្តល់ពានរង្វាន់អូស្កានេះផងដែរ ដូចជានាង Greta Gerwig។
ចុងបញ្ចប់គឺអ្នកស្រី Renne Zellwegger បានទទួលពានរង្វាន់អូស្កាជាអ្នកសម្តែងស្រីល្អបំផុតសម្រាប់ការសម្តែងរបស់នកស្រីជាតួអង្គតំណាងឲ្យអ្នកស្រី Jury Garland នៅក្នុងរឿង Judy ។ កម្មវិធីប្រគល់ពានរង្វាន់អូស្កាបានមើលរំលងភាពយន្តនានាដែលផលិតដោយក្រុមហ៊ុន NETFLIX។
កម្មវិធីផ្តល់ពានរង្វាន់នេះពោរពេញដោយភាពរីករាយ និងអធិកអធម ប៉ុន្តែចំណាប់អារម្មណ៍ខ្លាំងបំផុតបានកើតឡើង នៅពេលដែល អ្នកស្រី Jane Fonda ប្រកាសពីខ្សែភាពយន្តដែលឈ្នះពានរង្វាន់សម្រាប់ភាពយន្តល្អជាងគេបំផុតគឺខ្សែភាពយន្ត Parasite ហើយកម្មវិធីបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ៕