បុរសអាយុ២៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ហើយទ្រព្យសម្បត្តិរបស់ជននោះត្រូវបានប៉ូលិសឆែកឆេរកាលពីថ្ងៃអាទិត្យ នៅក្នុងករណីពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅទីក្រុង Manchester ដែលបានសម្លាប់មនុស្សអស់ចំនួន២២នាក់កាលពីសប្តាហ៍មុន។ នេះបើយោងតាមសម្តីរបស់ប៉ូលិស។
បុរសម្នាក់នេះគឺជាជនទី១២ហើយ ដែលត្រូវចាប់ឃុំខ្លួននៅអង់គ្លេស ក្នុងករណីជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Manchesterរបស់ជនឈ្មោះ Salman Abedi អាយុ២២ឆ្នាំ ក្រោយពេលដែលតារាចម្រៀងប៉ុប នាង Ariana Grande បញ្ចប់ការប្រគុំតន្រ្តីរបស់ខ្លួននៅវេទិកា Manchester កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។
ស្ត្រីម្នាក់និងបុរសវ័យជំទង់ម្នាក់ដែលត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួនកាលពីសប្តាហ៍មុន ត្រូវបានដោះលែងទៅវិញដោយគ្មានការចោទប្រកាន់អ្វីទាំងអស់។
បងប្អូនប្រុសរបស់ជនឈ្មោះ Abedi និងឪពុករបស់គេក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសលីប៊ីកាលពីសប្តាហ៍មុនផងដែរ។ អ្នកនាំពាក្យម្នាក់និយាយថា ជនឈ្មោះ Hashim ដែលជាបងប្អូនប្រុសរបស់ Abedi បានដឹងអំពីផែនការធ្វើការវាយប្រហាររបស់គេ។
ខណៈដែលការអង្កេតកំពុងបន្ត អង់គ្លេសបានបន្ថយកម្រិតនៃការគំរាមកំហែងសន្តិសុខមកនៅត្រឹម «ធ្ងន់ធ្ងរ» កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមលោកស្រីនាយករដ្ឋមន្ត្រី Theresa May។
កម្រិតនៃការគំរាមកំហែងសន្តិសុខបានបង្កើនដល់កម្រិត «ធ្ងន់ធ្ងរបំផុត» ដែលមានន័យថា ការវាយប្រហារមួយទៀតអាចនឹងកើតមានឡើង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃច័ន្ទនៅកន្លែងប្រគុំតន្រ្តីប៉ុបទីក្រុង Manchester រួចមក។ ប៉ុន្តែកម្រិតនៃការគំរាមកំហែងសន្តិសុខនៅត្រឹម «ធ្ងន់ធ្ងរ» មានន័យថា ការវាយប្រហារមួយនៅតែអាចកើតឡើងខ្ពស់៕