ក្រុមបាតុករមួយក្រុមតូចបានតវ៉ា ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពន្យារពេល និងបន្លំលទ្ធផលនៃការបោះឆ្នោតកាលពីសប្តាហ៍មុន។
នៅក្នុងការបោះឆ្នោតលើកដំបូងរបស់ថៃ ចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំ ២០១៤មក គណបក្ស Phalang Pracharat ដែលគាំទ្រដោយពួកយោធា បានឈ្នះសំឡេងឆ្នោត ហើយបានប្រកាសពីជ័យជម្នះ។
តែគណបក្ស ភឺថៃ ដែលមានទំនាក់ទំនងជាមួយលោក ថាក់ ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវបណ្តេញចេញពីមុខតំណែង បានប្រកាសពីជ័យជម្នះដែរ ដោយបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សដទៃទៀត។ ការណ៍នេះបានធ្វើឲ្យគណបក្សទាំងនេះមានសំឡេងភាគច្រើនក្នុងសភា។
លទ្ធផលពិតប្រាកដចេញពីការបោះឆ្នោតអាចនឹងត្រូវគេប្រកាសឲ្យដឹងច្បាស់លាស់ នៅមុនថ្ងៃ ៩ ខែឧសភា នៅពេលគណៈកម្មាធិការបោះឆ្នោតនិយាយថា ខ្លួននឹងបញ្ចេញលទ្ធផលបោះឆ្នោតជាផ្លូវការ។
មានក្រុមសកម្មជនគណបក្សជំទាស់ជិត ១០០ នាក់ បានធ្វើបាតុកម្មនៅក្បែរវិមានឯករាជ្យក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់គណៈកម្មាធិការបោះឆ្នោតពីបទលួចបន្លំ ហើយបានស្រែកប្រឆាំង និងកាន់បដា៕