ឯកសារមួយត្រូវបោះពុម្ពផ្សាយ កាលពីថ្ងៃសៅរ៍ នៅក្នុងទស្សនាវដ្តីវាំង បង្ហាញថា ព្រះរាជា Maha Vajirakongkorn នៃប្រទេសថៃ បានដកហូតមកវិញនូវគ្រឿងឥស្សរិយយស ដែលព្រះរាជាថៃបានបំពាក់ឱ្យអតីតនាយករដ្ឋមន្ត្រី តាក់ ស៊ីន ស៊ីណាវ៉ាត្រា ដែលបានត្រូវបណ្តេញចេញពីតំណែង។
បទបញ្ជារបស់ព្រះរាជាថៃអង្គនេះបានធ្វើឡើងជិតមួយសប្តាហ៍ នៅក្រោយការបោះឆ្នោតដ៏មានជម្លោះមួយដែលនៅក្នុងនោះគណបក្សនយោបាយមួយលម្អៀងទៅខាងលោក តាក់ ស៊ីន កំពុងស្វះស្វែងបង្កើត «រណសិរ្សប្រជាធិបតេយ្យ» មួយប្រឆាំងនឹងគណបក្សមួយ ដែលចង់រក្សាទុកមេដឹកនាំរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០១៤ ឱ្យកាន់អំណាចតទៅទៀត។
ឯកសារនៅក្នុងទស្សនាវដ្តីវាំងនេះបាននិយាយថា សកម្មភាពរបស់ព្រះរាជាបានធ្វើឡើង ដោយសារសាលក្រមថា លោក តាក់ ស៊ីន មានទោសនៅក្នុងករណីពុករលួយមួយកាលពីឆ្នាំ ២០០៨ ហើយលោកបានរត់គេចខ្លួនចេញពីប្រទេសដែលជាអាកប្បកិរិយាមិនសមរម្យខ្លាំង» នេះបើតាមការចែងក្នុងទស្សនាវដ្តីនេះ។
កាលពីថ្ងៃសៅរ៍មុន ព្រះរាជានៃប្រទេសថៃក៏បានធ្វើសេចក្តីថ្លែងការណ៍មួយប្រកបដោយអាថ៌កំបាំង និងដែលគេបានរំពឹងថា ធ្វើឡើងនៅពេលល្ងាចមុនថ្ងៃបោះឆ្នោតកាលពីថ្ងៃទី ២៤ ខែមីនា ដោយទ្រង់បានរំលឹកដល់អត្ថាធិប្បាយមួយធ្វើឡើងដោយព្រះសពព្រះបិតាព្រះអង្គអំពីសេចក្តីត្រូវការដាក់ «ពួកមនុស្ស ល្អៗ» ឱ្យកាន់អំណាចនិងបញ្ចៀសកុំឱ្យពួកមនុស្សអាក្រក់ៗ...បង្កើតចលាចល»៕