ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងក្រុមរាជានិយមគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn រាប់ពាន់នាក់ បានប្រឈមមុខបង្ហាញកម្លាំងដាក់គ្នានៅថ្ងៃពុធនេះ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ស្របពេលដែលភាពតានតឹងផ្នែកនយោបាយកំពុងកើនឡើង ក្រោយពីមានរលកតវ៉ាប្រមាណ ៣ ខែកន្លងមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្ដុំគ្នាចេញដំណើរពីវិមានប្រជាធិបតេយ្យទៅកាន់វិមានរដ្ឋាភិបាល ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ដែលជាអតីតមេដឹកនាំយោធា ចុះចេញពីតំណែង និងទាមទារឲ្យមានរដ្ឋធម្មនុញ្ញថ្មី។ ពួកគេក៏បានអំពាវនាវផងដែរឲ្យមានការធ្វើកំណែទម្រង់របបរាជានិយម។
នៅប៉ុន្មានម៉ែត្រពីគ្នានោះ គេឃើញមានក្រុមរក្សាសន្តិសុខ មន្ត្រីរដ្ឋាភិបាល និងអ្នករាជានិយម ដែលស្លៀកសំលៀកបំពាក់ពណ៌លឿងតំណាងឲ្យពណ៌ព្រះមហាក្សត្រ មុនពេលដែលក្បួនព្រះទីន័ងព្រះមហាក្សត្រគ្រោងនឹងធ្វើដំណើរតាមផ្លូវនោះ។
ទោះបីជាមានការប្រតាយប្រតប់គ្នាបន្តិចបន្ដួចក៏ដោយ ក៏ភាគីទាំងពីរភាគច្រើនរក្សាគម្លាតពីគ្នា ប៉ុន្តែការបង្ហាញកម្លាំងដាក់គ្នានេះ បង្កឲ្យមានការភ័យខ្លាចនៅក្នុងប្រទេសដែលធ្លាប់រងគ្រោះរួចទៅហើយដោយសារអំពើហិង្សាតាមដងផ្លូវអស់ពេលមួយទស្សវត្សរ៍រវាងក្រុមអ្នកគាំទ្រ និងក្រុមប្រឆាំងរដ្ឋាភិបាលមុនរដ្ឋប្រហារឆ្នាំ ២០១៤។
លោក Parit "Penguin" Chirawat មេដឹកនាំក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ក្រុមអ្នកតវ៉ាថា៖ «មានជំនឿលើលទ្ធិប្រជាធិបតេយ្យ។ យើងមិនអាចត្រឡប់ក្រោយបានទេ»។
ចំណែកឯលោក Buddh Issara មេដឹកនាំខាងក្រុមអ្នករាជានិយមវិញ បាននិយាយថា អ្នកតវ៉ាអាចទាមទារលទ្ធិប្រជាធិបតេយ្យបាន ប៉ុន្តែមិនត្រូវទាមទារឲ្យមានកំណែទម្រង់របបរាជានិយមដូចអ្នកខ្លះបានធ្វើនោះទេ៕