សែរាជវង្សថៃ បុគ្គលល្បីៗ និង សាធារណជនកំពុងបួងសួងសម្រាប់ម្ចាស់ក្សត្រី Bajrakitiyabha Narendira Debyavati បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរបន្ទាប់ពីបានដួលសន្លប់កាលពីថ្ងៃទី ១៤ ខែធ្នូ ខណៈពេលដែលកំពុងបង្ហាត់ឆ្កែរបស់ព្រះនាងដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងមួយ។
ម្ចាស់ក្សត្រីដែលមានព្រះជន្ម ៤៤ ឆ្នាំ ដែលសាធារណជនថៃដាក់ព្រះនាមថា ម្ចាស់ក្សត្រី Ong-Bha គឺជាសមាជិករាជវង្សជាន់ខ្ពស់របស់ប្រទេសថៃ ដែលស្ថិតនៅលើគេតាមឋានានុក្រមអំណាចនៅក្នុងប្រទេសនេះ។
ព្រះនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីបាត់បង់ស្មារតី នាពេលព្រឹកក្នុងខេត្ត Nakhon Ratchasima ស្ថិតនៅភាគឦសាន។ យោងតាមបច្ចុប្បន្នភាពចុងក្រោយចេញផ្សាយដោយព្រឹត្តិប័ត្ររបស់រាជវាំង Royal Gazette បានរៀបរាប់ថា ស្ថានភាពរបស់ម្ចាស់ក្សត្រី «មានសភាពនឹងនរខ្លះ» គិតត្រឹមថ្ងៃទី ១៩ ខែធ្នូ។
ព្រឹត្តិប័ត្រនោះ លើកឡើងថា «ក្រុមវេជ្ជបណ្ឌិតបានដាក់ថ្នាំជួយឲ្យបេះដួង សួតនិងក្រលៀនរបស់ព្រះនាងបន្តដំណើរការ។ អាជ្ញាធរបានចេញសេចក្ដីព្រមានមិនឲ្យមានការធ្វើអត្ថាធិប្បាយស្មានៗទៅលើស្ថានភាពរបស់ព្រះនាង»។
ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអាចនាំមកនូវគ្រោះថ្នាក់ នៅក្នុងប្រទេសដែលរបបរាជានិយមទទួលបានការគោរពដោយមនុស្សជាច្រើន និងការពារយ៉ាងតឹងរ៉ឹងដោយច្បាប់ស្ដីពីការប្រមាថចំពោះអង្គព្រះមហាក្សត្រ (lèse-majesté law)។ ច្បាប់នេះកំណត់ថា ការបរិហាកេរ្តិ៍ ការប្រមាថ និង ការគំរាមកំហែងចំពោះអង្គព្រះមហាក្សត្រគឺជាបទល្មើសព្រហ្មទណ្ឌ។
ម្ចាស់ក្សត្រីអង្គនេះ គឺជាបុត្រីម្នាក់ក្នុងចំណោមបុត្រទាំង ៣ របស់ព្រះមហាក្សត្រ Vajiralongkorn ដែលទទួលបានគោរមងារផ្លូវការស្របតាមច្បាប់ស្នងរាជរបស់ព្រះបរមរាជវាំងឆ្នាំ ១៩២៤ បើទោះបីជាមកទល់នឹងពេលនេះ ពុំទាន់មានរជ្ជទាយាទណាម្នាក់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ។
ស្ថានភាពគួរឲ្យរន្ធត់និងក្រៀមក្រំនេះ បានកើតមាននៅក្នុងចំណោមអ្នករាជានិយមថៃ ដែលបានកោតសរសើរម្ចាស់ក្សត្រី Ong-Bha អស់រយៈពេលជាយូរមកហើយ ដោយសារតែកិច្ចការសាធារណៈ និងការបង្ហាញពីការដាក់ខ្លួនជាមួយពលរដ្ឋសាមញ្ញ ដែលទាំងអស់នោះរួមមានតួនាទីជាព្រះរាជអាជ្ញានៅក្នុងសំណុំរឿងព្រហ្មទណ្ឌធំៗមួយចំនួននៅប្រទេសថៃផង។
ពលរដ្ឋថៃម្នាក់ឈ្មោះ Taew Supawadee បានថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំតែងតែបួងសួងសូមឲ្យអព្ភូតហេតុកើតឡើងជារៀងរាល់ថ្ងៃ ហើយមិនមែនតែខ្ញុំទេដែលធ្វើដូច្នេះ គឺពលរដ្ឋថៃទាំងអស់កំពុងតែបួងសួងដូចគ្នាដែរ។ ខ្ញុំមិនទាន់បានចូលទៅបួងសួងដោយផ្ទាល់នៅមន្ទីរពេទ្យ Chulalongkorn Memorial នៅឡើយទេ។ ខ្ញុំបានត្រឹមតែធ្វើការបួងសួងតាមបណ្ដាញសង្គម នៅលើវិបសាយប៉ុណ្ណោះ ដោយបានផ្ញើសារទៅមិត្តភ័ក្តិ និងសុំឲ្យអ្នកដទៃទៀតបួងសួមសូមឲ្យម្ចាស់ក្សត្រីមានសុខភាពល្អ»។
ព័ត៌មានលម្អិតពាក់ព័ន្ធនឹងបញ្ហាព្រះរាជសុខភាព ឬការសោយទិវង្គតនៃសែរាជវង្សថៃ ត្រូវបានបិទបាំងយ៉ាងតឹងរ៉ឹងដោយព្រះបរមរាជវាំង ដែលការណ៍នេះធ្វើឲ្យអាជ្ញាធរមូលដ្ឋានរិះរកវិធីល្អបំផុតដើម្បីគ្រប់គ្រងស្ថានការណ៍។
តំបន់មួយចំនួន ដូចជាមណ្ឌលទេសចរណ៍ Khao San Road នៅកណ្ដាលទីក្រុងបាងកក បានសម្រេចលុបចោលការអបអរពិធីឆ្លងឆ្នាំសាកល ដោយជ្រើសរើសយកការអបអរនេះដោយស្ងៀមស្ងាត់វិញ។
តារាល្បីៗបានបង្ហោះសារបួងសួងសូមឲ្យម្ចាស់ក្សត្រីមានសុខភាពល្អ។ តារាទាំងនោះរួមមានទាំងតារាសម្ដែង Akarat Nimitchai ដែលបានបួសជាសង្ឃរយៈពេលមួយសប្ដាហ៍។
ម្ចាស់ក្សត្រី Ong-Bha ប្រសូតនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៧៨ និងជាចៅច្បងរបស់អតីតព្រះមហាក្សត្រ Bhumibol ជាមួយព្រះមហាក្សត្រីយានី Sirikit។ ព្រះនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យថៃផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ។ ព្រះនាងបានបញ្ចប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Cornell នៅទីក្រុង New York សហរដ្ឋអាមេរិក។
កាលពីឆ្នាំ ២០១២ ព្រះនាងបានធ្វើជាតំណាងប្រទេសថៃនៅក្នុងគណៈកម្មការអង្គការសហប្រជាជាតិស្ដីពីការទប់ស្កាត់បទល្មើស និង យុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ) ដោយបានបំពេញការងារនេះនៅទ្វីបអឺរ៉ុប មុនពេលយាងត្រឡប់មកកាន់ប្រទេសថៃវិញនិងកាន់ការងារជាព្រះរាជអាជ្ញាថ្នាក់ខេត្ត។ នៅក្នុងតួនាទីជាព្រះរាជអាជ្ញានេះហើយដែលធ្វើឲ្យព្រះនាងក្លាយជាជ័យលាភីក្នុងចំណោមទណ្ឌិតស្ត្រី។
បិតាព្រះនាងបានប្រគល់តួនាទីឲ្យព្រះនាងធ្វើជាមេបញ្ជាការនៃកងអង្គរក្សព្រះមហាក្សត្រនៅក្នុងឆ្នាំ ២០២១ ដែលនេះបញ្ជាក់ពីតួនាទីមជ្ឈិមរបស់ព្រះនាងនៅក្នុងរចនាសម្ព័ន្ធព្រះបរមរាជវាំង។
អាជីវករបើកហាងលក់ដូរម្នាក់នៅទីក្រុងបាងកក គឺអ្នកស្រី Kanchariya Nitchyakarnn និយាយថា ការចងចាំរបស់អ្នកស្រីចំពោះម្ចាស់ក្សត្រីអង្គនេះ គឺមានតាំងពីពេលព្រះនាងនៅតូចម៉្លេះ។
អ្នកស្រីនិយាយបណ្ដើរជូតទឹកភ្នែកបណ្ដើរថា៖ «ព្រះនាងតែងតែខិតខំធ្វើការ។ ព្រះនាងគឺជាកម្លាំងដ៏សំខាន់ក្នុងការរុញច្រានប្រទេសយើងឲ្យដើរទៅមុខ។ ខ្ញុំសូមបួងសួងឲ្យសុខភាពម្ចាស់ក្សត្រីមានភាពប្រសើរឡើង និងបួងសួងឲ្យម្ចាស់ក្សត្រីឆ្លងផុតពីសោកនាដកម្មនេះ។ ខ្ញុំជឿជាក់ថា ពលរដ្ឋថៃទាំងអស់យល់ស្របជាមួយខ្ញុំដែរ»។
របបរាជានិយមថៃក៏មានអ្នករិះគន់ជាច្រើនផងដែរ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកស្រឡាញ់របបនេះទេ ជាពិសេសក្នុងចំណោមអ្នកចូលរួមគាំទ្រចលនាប្រជាធិបតេយ្យវ័យក្មេង ដែលបានចោទប្រកាន់ព្រះបរមរាជវាំងថាត្រូវរូវគ្នាជាមួយកងទ័ព ដែលបម្រើផលប្រយោជន៍មនុស្សលំដាប់ខ្ពស់មួយចំនួនតូច ជាជាងពលរដ្ឋថៃទាំងមូល។
នៅក្នុងឆ្នាំ ២០២០ បាតុកម្មជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ដែលគាំទ្រដោយយោធា ដែលបាតុកម្មនោះបានឈានដល់មានការរិះគន់របបរាជានិយមជាសាធារណៈដ៏កម្រផងដែរ។
ជាការឆ្លើយបត មនុស្សចំនួន ២២៥ នាក់ត្រូវបានចោទប្រកាន់ រួមទាំងយុវជនដែលពេលនោះមានអាយុត្រឹមតែ ១៤ ឆ្នាំ ដោយរងការចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស ដូចជាបំពានលើច្បាប់ស្ដីពីការប្រមាថចំពោះអង្គព្រះមហាក្សត្រ។ នេះបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្សឈ្មោះថា ក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស(Thai Lawyers for Human Rights)។
ច្បាប់ស្ដីពីការប្រមាថអង្គព្រះមហាក្សត្រ ដែលគេស្គាល់ថាជាច្បាប់ ១១២ តាមលេខបទបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌថៃ ចែងផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៣ ឆ្នាំរហូតដល់ ១៥ ឆ្នាំចំពោះអ្នកដែលរងបទចោទបរិហាកេរ្តិ៍សែរាជវង្ស៕