ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​បើក​ប្រទេស​ឡើង​វិញ​សម្រាប់​អាជីវកម្ម ខណៈ​វិស័យ​ទេសចរណ៍​បន្ត​ងើប​ឡើង​វិញ


រូបឯកសារ៖ នៅផ្សារ​ទំនើប MBK Mall ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ គេឃើញ​មាន​ភ្ញៀវ​អន្តរជាតិ​ជាច្រើន បន្ទាប់​ពី​ប្រទេស​ថៃ​បាន​បើក​ច្រក​ព្រំដែន​ឡើងវិញ​នៅ​ក្នុង​ឆ្នាំ​នេះ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ នៅផ្សារ​ទំនើប MBK Mall ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ គេឃើញ​មាន​ភ្ញៀវ​អន្តរជាតិ​ជាច្រើន បន្ទាប់​ពី​ប្រទេស​ថៃ​បាន​បើក​ច្រក​ព្រំដែន​ឡើងវិញ​នៅ​ក្នុង​ឆ្នាំ​នេះ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។

កាលពី​ពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​ទេសចរណ៍​ថៃ ឬ TAT បាន​ប្រកាស​ថា ភ្ញៀវ​ទេសចរ​ជាង ៧ លាន​ ៣ សែន​នាក់​បាន​ធ្វើដំណើរ​ទស្សនា​ក្នុង​ប្រទេស​ថៃ ​ចាប់​ពី​ខែមករា ដល់​ចុង​ខែតុលា។ គិត​ត្រឹម​ថ្ងៃទី ១ ខែតុលា ប្រទេស​ថៃ​បាន​លុបចោល​វិធានការ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩​ ដែល​នៅ​សល់​ទាំង​អស់ ​រួម​ទាំង​ឯកសារ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង ឬ​លទ្ធភាព​ធ្វើ​តេស្ត​រហ័ស​ផង​ដែរ។

ប្រធាន​អាជ្ញាធរ TAT លោក Yuthasak Supasorn លើក​ឡើង​ថា ពេលវេលា​លំបាក​បាន​ឆ្លង​ផុត​ហើយ។

លោក Yuthasak Supasorn បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ប្រទេស​ថៃ​ទទួល​បាន​របាយការណ៍​ថា​បាន​ជោគជ័យ​លើ​គ្រប់​វិធានការ​ទាំង​អស់ រាប់​ចាប់​ពី​ការ​ធ្វើ​ទីផ្សារ​ទេសចរណ៍​ជា​បន្តបន្ទាប់ និង​ការ​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព និង​សុខមាលភាព​របស់​រដ្ឋបាល​សុវត្ថិភាព និង​សុខមាលភាព​ថៃ និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ៧ លាន​នាក់​ដែល​បាន​ធ្វើដំណើរ​ត្រឡប់​មក​ប្រទេស​យើង ​គិត​មក​ដល់​ពេល​នេះ​ក្នុង​ឆ្នាំ២០២២»។

ប្រទេស​ថៃ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ទេសចរ​ចំនួន ៣០ លាន​នាក់មក​កំសាន្ដ​នៅ​ឆ្នាំ ២០២៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រទេស​ថៃ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ទេសចរ​ចំនួន ៣០ លាន​នាក់មក​កំសាន្ដ​នៅ​ឆ្នាំ ២០២៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។

វិស័យ​ទេសចរណ៍

សេដ្ឋកិច្ច​ថៃ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍។​ នៅ​ក្នុង​ឆ្នាំ ២០១៩ វិស័យ​ទេសចរណ៍​បាន​រួម​ចំណែក​ប្រមាណ ១១% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ថៃ ហើយ​ប្រជាជន​ថៃ​ប្រមាណ ២០% ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ។ នេះ​បើ​យោង​តាម​ធនាគារ​ថៃ។

ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ថៃ​ បានធ្លាក់​ចុះ ៦% នៅ​ក្នុង​ឆ្នាំ ២០២០​ ក្នុង​អំឡុង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ទូទាំង​សកលលោក ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩។ យោងតាម​កាសែត The Nation លោកAnucha Burapachaisri អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​ បាន​ថ្លែង​ដោយ​សំអាង​លើ​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ជាតិ​ថា ចាប់​តាំង​ពី​ពេល​បើក​ព្រំដែន​ឡើង​វិញ ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ថៃ​ បាន​កើន​ឡើង ២,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ប្រចាំ​ឆ្នាំ​ សម្រាប់​ឆមាស​ទី ១ ​ក្នុង​ឆ្នាំ ២០២២​ នេះ។​

លោក Gary Bowerman អ្នក​វិភាគ​ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ បាន​ថ្លែង​ថា ប្រទេស​ថៃ​កំពុង​នាំ​មុខ​លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ថ្មី​ម្តង​ទៀត។

លោក Gary Bowerman បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «មុន​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ប្រទេស​ថៃ​ជា​ប្រទេស​ដែល​មាន​ភ្ញៀវ​ទេសចរច្រើន​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​នេះ​ជា​ប្រទេស​ដំបូង​ដែល​ព្យាយាម​បើក​ព្រំដែន​ឡើង​វិញ ហើយ​អាជ្ញាធរ​ទេសចរណ៍​ថៃ​តែងតែ​មាន​ការ​ជឿជាក់ និង​តែងតែ​ព្យាករណ៍​ចំនួន​អ្នក​ទេសចរ​ដ៏​ខ្ពស់​មួយ។ ពួកគេ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ក្នុង​ប្រទេស។ សម្រាប់​ប្រទេស​ថៃ អ្វីៗ​គឺ​ដើម្បី​ការ​ទាញ​ភ្ញៀវ​ទេសចរ​ចូល​ក្នុង​ប្រទេស»។

លោក Bowerman បាន​ថ្លែង​ថា ឆ្នាំ ២០២២​ ជា​ឆ្នាំ​ខុស​ពី​ឆ្នាំ​មុនៗ ដូច្នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​គេ​រំពឹង​មាន​ចំនួន​ទាប​ជាង​រាល់​ដង។ លោក​បាន​ពណ៌នា​ឆ្នាំ ២០២២​ ថា​ «ជា​ឆ្នាំ​ចម្លែក និង​មាន​រយៈពេល​ខ្លី»។

លោក Bowerman បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ប្រទេស​ភាគច្រើន​នៅ​ក្នុង​តំបន់​មិន​បើក​ព្រំដែន​ឱ្យ​មាន​ការ​ចូល​ក្នុង​ប្រទេស ឬ​ចេញ​ក្រៅ​ប្រទេស​ទេ រហូត​ដល់​ខែមេសា​ ឆ្នាំ​នេះ ដូច្នេះ​វា​ជា​ឆ្នាំ​មួយ​ដែល​មាន​រយៈពេល​តែ ៣/៤ ប៉ុណ្ណោះ​ សម្រាប់​វិស័យ​ទេសចរណ៍»។

កាលពី​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​ដែល​បានទៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង ៣៩ លាន​នាក់​ ដែល​នេះ​ជា​ចំនួន​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​មក​ដល់​ពេល​នេះ។

ទេសចរ​បស្ចិមប្រទេស​បាន​ត្រឡប់​មក​កំសាន្ដ​នៅ​ប្រទេស​ថៃ​វិញ ចាប់​តាំង​ពី​ប្រទេស​ថៃ​ចាប់​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​គោលនយោបាយ​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ខែ​តុលា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ទេសចរ​បស្ចិមប្រទេស​បាន​ត្រឡប់​មក​កំសាន្ដ​នៅ​ប្រទេស​ថៃ​វិញ ចាប់​តាំង​ពី​ប្រទេស​ថៃ​ចាប់​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​គោលនយោបាយ​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ខែ​តុលា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការ​សម្លឹង​ទៅកាន់​ឆ្នាំ​ ២០២៣

មន្ត្រី​ទេសចរណ៍​ថៃ​កំពុង​ព្យាករណ៍​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ត្រឹមតែ ១៨ លាន​នាក់​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ ២០២៣ ជាមួយ​នឹង​ក្តីសង្ឃឹម​តិចតួច​ថា ភ្ញៀវ​ទេសចរ​ចិន​ដែល​ជា​ទូទៅ​រួម​ចំណែក​ជិត ៣០% នៃ​ភ្ញៀវ​ទេសចរ​ទាំង​អស់​របស់​ថៃ​ នឹង​កើន​ឡើង។

លោក Bowerman បាន​ថ្លែង​ថា ការ​សម្រេច​ឱ្យ​បាន​នូវ​តួលេខ​នេះ​ត្រូវ​ការ​ពេលវេលា​ខ្លះ ជា​ពិសេស​ក្នុង​អំឡុង​ពេល​មាន​ភាព​មិន​ច្បាស់លាស់​ថា​ តើ​នៅ​ពេល​ណា​ភ្ញៀវ​ទេសចរ​ចិន​នឹង​ចូល​ទៅ​ប្រទេស​ថៃ​ក្នុង​ចំនួន​ច្រើន​នោះ​។

លោក Bowerman បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ការ​រំពឹង​ថា ពួកគេ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ១២ លាន​នាក់​ នៅ​ឆ្នាំ​ក្រោយ នៅ​ពេល​ពួកគេ​ទទួល​បាន​តែ ១១ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​ជា​តួលេខ​ដ៏​ខ្ពស់​មួយ។ ខ្ញុំ​គិត​ថា គ្រប់​គ្នា​មិន​រំពឹង​ថា ចិន​នឹង​បើក​ព្រំដែន​ទេ​ [រហូត​ដល់] ​យ៉ាង​ហោច​ណាស់​ខែឧសភា... ខ្ញុំ​គិត​ថា យើង​មិន​អាច​ពឹងផ្អែក​ខ្លាំង​លើ​ការ​ព្យាករណ៍​អំពី​ភ្ញៀវ​ទេសចរ​ចិន​បាន​នោះ​ទេ»។

ប្រទេស​ចិន​កំពុង​បន្ត​អនុវត្ត​គោលនយោបាយ​គ្មាន​កូវីដ ឬ «សូន្យ​កូវីដ​» អស់​រយៈពេល​ជាង ៣ ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​វីរុស​កូរ៉ូណា​ត្រូវ​បាន​រកឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan។ ការ​បិទ​ខ្ទប់​ក្នុង​ទីក្រុង​ចិន​នៅ​តែ​មាន​ជាទូទៅ ខណៈ​សកម្មភាពពាណិជ្ជកម្ម​សេដ្ឋកិច្ច​យឺតយ៉ាវ ព្រំដែន​នៅ​បន្ត​បិទ​សម្រាប់​ភ្ញៀវ​អន្តរជាតិ ហើយ​វិធានការ​ចត្តាឡីស័ក​នៅ​តែ​បន្ត​អនុវត្ត​សម្រាប់​ពលរដ្ឋ​ចិន​ដែល​ត្រឡប់​ចូល​ប្រទេស​វិញ​ក្រោយ​ពី​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស។

រហូត​មក​ដល់​ពេល​នេះ​ អាកាសយានដ្ឋាន​ Suvarnabhumi ក្នុង​ទីក្រុង​បាងកក​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត ៣ លាន ៩ សែន​នាក់​ក្នុង​ឆ្នាំ​នេះ ហើយ​ចំនួន​មនុស្ស​ជាច្រើន​បាន​តម្រង់​ជួរ​ដើម្បី​ឆ្លង​កាត់​កន្លែង​ត្រួត​ពិនិត្យ​ពន្ធ​គយក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅនេះ។ នេះ​បើ​យោង​តាម​មន្ត្រី​ទេសចរណ៍។

សម្រាប់​ម្ចាស់​អាជីវកម្ម​ថៃ ចំនួន​ភ្ញៀវ​ទេសចរ​ច្រើន​ជា​សញ្ញា​ល្អ​មួយ។​

អ្នកស្រី Chan Holland ជា​ម្ចាស់​ទីភ្នាក់ងារ Canary Travel Thailand ក្នុង​ទីក្រុង​បាងកក​ បាន​ថ្លែង​ថា ការ​កក់​បាន​កើន​ឡើង​ចាប់​តាំង​ពី​ខែតុលា ហើយ​អតិថិជន​ភាគច្រើន​របស់​អ្នកស្រី​មក​ពី​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប។

អ្នកស្រី Chan Holland បាន​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖ «កាលពី​ឆ្នាំ​មុន [យើង] ប្រហែល​មាន​អតិថិជន​ [ជា​ធម្មតា] ប្រមាណ ១០%។ ជា​ការ​បៀបធៀប​ ខ្ញុំ​គិត​ថា វា​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ៨០%។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ និង​អរគុណ​ដល់​ភ្ញៀវ​ទេសចរ​ទាំង​អស់​ ដែល​យើង​ទទួល​បាន​នៅ​ពេល​នេះ។ សូម​ស្វាគមន៍​មក​កាន់​ប្រទេស​ថៃ»។

លោក Charlee Keardkumsap ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៅ​សណ្ឋាគារ Bandara Suites ក្នុង​ទីក្រុង​បាងកក​ បាន​ប្រាប់ VOA ថា អាជីវកម្ម​បាន​កើន​ឡើង​ក្នុង​រយៈពេលប៉ុន្មាន​ខែ​កន្លងទៅ​នេះ។

លោក Charlee Keardkumsap បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «អាជីវកម្ម​របស់​យើង​បាន​កើន​ឡើង​ជាង ៥០% បន្ទាប់​ពី [ប្រទេស​យើង] បាន​បើក​ឡើង​វិញ [សម្រាប់​វិស័យ​ទេសចរណ៍]»។ លោក​បាន​ពន្យល់​បន្ថែម​ថា ឆ្នាំ ២០២៣​ អតិថិជន​ជាច្រើនបាន​កក់​ ក្នុង​ត្រីមាស​ទី ១ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អាស៊ី​បាន​កើន​ឡើង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ក្នុង​អំឡុង​ស្ថានភាព​ដ៏​ល្អ​នេះ​ ប្រទេស​ថៃ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កិច្ចសហ ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ APEC ពេញ​មួយ​ឆ្នាំ។ ហើយ​កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris រួម​ជាមួយ​មេដឹកនាំ​មក​ពី​ប្រទេស​ផ្សេងៗ ​រួម​មាន​អូស្ត្រាលី កាណាដា និង​ចិន​ បាន​ធ្វើ​ដំណើរ​ទៅកាន់ទីក្រុង​បាងកក​ ប្រទេស​ថៃ ដើម្ប​ចូលរួម​កិច្ច​ប្រជុំ​កំពូល APEC ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ ក្នុង​រយៈពេល ៤ ឆ្នាំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG