ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី ១៣ ខែ​តុលា ឆ្នាំ ២០១៦

  • Steve Herman

ស្រ្តី​ម្នាក់​ជូត​ទឹក​ភ្នែក​នៅ​ក្រោយ​ការ​ប្រកាស​ថា ស្តេច Bhumibol Adulyadej បាន​សោយ​ទិវង្គត​ នៅ​មន្ទីរពេទ្យ Siriraj ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​ជា​ព្រះមហាក្សត្រ​សោយរាជ្យ​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បាន​សោយ​ទិវង្គត​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ព្រះជន្ម ៨៨ ព្រះវស្សា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ព្រះ​រាជវាំង​ថៃ​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។ ព្រះ​រាជវាំង​មិន​បាន​ផ្ដល់​មូលហេតុ​អំពី​ការ​សោយទិវង្គត​របស់​ព្រះអង្គ​ទេ។

ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​ជា​ព្រះមហាក្សត្រ​សោយរាជ្យ​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បាន​សោយ​ទិវង្គត​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ព្រះជន្ម ៨៨ ព្រះវស្សា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ព្រះ​រាជវាំង​ថៃ​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។

ព្រះ​រាជវាំង​ថៃ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​បាន​សោយ​ទិវង្គត​នៅ​ឯ​មន្ទីរពេទ្យ Siriraj ក្រុង​បាងកក​នៅ​វេលា​ម៉ោង ៣ និង ៥២ នាទី រសៀល ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែ​តុលា ឆ្នាំ ២០១៦ នេះ។

ព្រះ​មហាក្សត្រ Bhumibol ជា​ព្រះមហាក្សត្រ​ដែល​ប្រជាពលរដ្ឋ​ថៃ​មាន​ការ​គោរព​ស្រលាញ់​ខ្លាំង​បំផុត និង​ជា​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​បាន​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ព្រះអង្គ​បាន​ចំណាយ​ពេល​គង់​នៅ​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​តម្រងនោម និង​ជំងឺ​សួត​ជា​ដើម។

ព្រះ​មហាក្សត្រ Bhumibol បាន​ឡើង​សោយរាជ្យ​នៅ​ថ្ងៃ​ទី ៩ ខែ​មិថុនា ឆ្នាំ ១៩៤៦ ពេល​ដែល​ព្រះអង្គ​មាន​ព្រះជន្ម ១៨ ព្រះវស្សា ដែល​គិត​មក​ទល់​ឆ្នាំ ២០១៦ នេះ ព្រះអង្គ​សោយរាជ្យ​បាន ៧ ទសវត្សរ៍​គត់។

ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ១៩២៧ នៅ​ក្នុង​ទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ពេល​ដែល​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ម្ចាស់ Mahidol កំពុង​សិក្សា​ផ្នែក​ឱសថ​សាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ Harvard។

ព្រះ​មហាក្សត្រ Bhumibol ជា​ព្រះ​មហាក្សត្រ​ដែល​មាន​ទ្រព្យ​ធន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​ទស្សនាវដ្ដី Forbes បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា ព្រះអង្គ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង ៣០ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ ២០១១។

លោក​នាយក​រដ្ឋ​មន្ត្រី Prayuth Chan Ocha បាន​និយាយ​ថា បើ​យោង​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Maha Vajiralongkorn ដែល​មាន​ព្រះជន្ម ៦៣ ព្រះ​វស្សា នឹង​ក្លាយ​ជា​ព្រះមហាក្សត្រ បន្ទាប់ពី​ការ​សោយទិវង្គត​របស់​បិតា​របស់​ព្រះអង្គ។ លោក​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​ដំណឹង​ដល់​រដ្ឋសភា​ជាតិ​អំពី​អ្នក​ស្នងរាជ្យ​បន្ត​ពី​ព្រះមហាក្សត្រ Bhumibol ហើយ​រដ្ឋសភា​នឹង​ចាត់ចែង​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​ស្នងរាជ្យ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Vajiralongkorn មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​គោរព​ស្រលាញ់​ដូច​ព្រះ​បិតា​របស់​ព្រះអង្គ​ទេ ដោយសារ​តែ​ព្រះអង្គ​មាន​រឿង​អាស្រូវ​ផ្សេងៗ និង​ភាគច្រើន​គង់​នៅ​ក្រៅ​ប្រទេស។ បើ​ប្រៀប​ជាមួយ​នឹង​ព្រះអង្គ​ម្ចាស់ ព្រះ​អនុជ​របស់​ព្រះអង្គ គឺ​ម្ចាស់​ក្សត្រី Sirindhorn ត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​គោរព​ស្រលាញ់​ខ្លាំង​ជាង ដោយសារ​តែ​ព្រះអង្គ​មិន​ប្រកាន់​ព្រះ​កាយ​ពេល​ព្រះអង្គ​ជួប​ជាមួយ​ប្រជានុរាស្ត្រ ហើយ​ព្រះអង្គ​មាន​ភាព​សកម្ម​នៅ​ក្នុង​កិច្ចការ​មនុស្សធម៌។

ប្រជាពលរដ្ឋ​ថៃ ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​កាន់​ទុក្ខ​រយៈពេល​វែង​ជា​ផ្លូវ​ការ​មួយ​នៅ​ទូទាំង​ប្រទេស។

អ្នក​វិភាគ​និយាយ​ថា ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ Bhumibol នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​យោធា​របស់​លោក Prayuth Chan Ocha នៅ​បន្ត​កាន់​អំណាច​យូរ​ទៅ​មុខ​បន្ថែម​ទៀត៕