ខណៈដែលមានការរាយការណ៍អំពីការកើនឡើងនៃការគាបសង្កត់ឆ្លងប្រទេសនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្សបាននិយាយថា ការអនុវត្តកម្មវិធីការពារជនភៀសខ្លួនដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសថៃមានដំណើរវិវឌ្ឍន៍យឺតៗប្រកបដោយក្ដីសង្ឃឹម។
ក្រុមអ្នកតស៊ូមតិបានបញ្ជាក់ថា ជនភៀសខ្លួនដែលបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់កម្មវិធីនេះមានភាពស្ទាក់ស្ទើរក្នុងការដាក់ពាក្យស្នើសុំដោយសារតែភ័យខ្លាចថាការធ្វើដូច្នេះនឹងបង្ហាញអត្តសញ្ញាណរបស់ពួកគេដល់ប៉ូលិស និងថាការចេញមុខស្នើសុំនេះអាចទទួលបានលទ្ធផលផ្ទុយពីការចង់បាន។
ប្រទេសថៃមិនទទួលស្គាល់ជនភៀសខ្លួនជាផ្លូវការទេ ហើយចាត់ទុកបុគ្គលណាដែលចូលក្នុងប្រទេសនេះដោយគ្មានទិដ្ឋាការដែលមានសុពលភាពឬគ្មានលិខិតឆ្លងដែនថាជាជនទេសន្តរប្រវេសន៍ខុសច្បាប់។
កាលពីខែកញ្ញាឆ្នាំមុន រដ្ឋាភិបាលថៃបានដាក់ឱ្យដំណើរការនូវយន្តការត្រួតពិនិត្យថ្នាក់ជាតិដើម្បីផ្ដល់ «ឋានៈជនស្ថិតក្រោមការការពារ» ដល់អ្នកមកពីប្រទេសដទៃដែលអាចបញ្ជាក់ថាពួកគេ «មិនអាចឬមិនចង់» ត្រឡប់ទៅប្រទេសដើមវិញ «ដោយសារតែការភ័យខ្លាចដែលមានអំណះអំណាងច្បាស់លាស់ថានឹងរងការធ្វើទុក្ខបុកម្នេញ»។
VOA បានសុំការអត្ថាធិប្បាយអំពីយន្តការត្រួតពិនិត្យថ្នាក់ជាតិនេះដែលបានចូលជាធរមានកាលពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំមុន។ ប៉ុន្តែ ទាំងប៉ូលិសថៃដែលមានការិយាល័យអន្តោប្រវេសន៍ជាអ្នកដឹកនាំកម្មវិធីនេះ និងក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក៏ដូចជាក្រសួងការបរទេសថៃដែលជាស្ថាប័នពាក់ព័ន្ធ មិនបានឆ្លើយតបនឹងសំណើរបស់ VOA ទេ។
នៅក្នុងជំនួបជាមួយអង្គការផ្ដល់ជំនួយកាលពីខែកញ្ញាកន្លងទៅនេះ មន្ត្រីអន្តោប្រវេសន៍ថៃបាននិយាយថា មនុស្សតិចជាង ១០ នាក់ ដែលរួមមានទាំងមនុស្សពេញវ័យនិងកូនៗរបស់ពួកគេ ត្រូវបានត្រួតពិនិត្យពេញលេញនិងទទួលបានសិទ្ធិជ្រកកោនតាមរយៈយន្តការនេះ។ នេះបើតាមការបញ្ជាក់របស់អង្គការផ្ដល់ជំនួយដែលបានប្រាប់ VOA។
បើតាមអង្គការផ្ដល់ជំនួយ មន្ត្រីអន្តោប្រវេសន៍បានឱ្យដឹងថា អ្នកដាក់ពាក្យម្នាក់ត្រូវបានច្រានចោល ហើយអ្នកដាក់ពាក្យប្រហែល ២០០ នាក់ទៀតកំពុងរង់ចាំលទ្ធផលនៃការវាយតម្លៃលើពាក្យស្នើសុំរបស់ពួកគេ។
អ្នកស្រី Krittaporn Semsantad ប្រធានកម្មវិធីនៃអង្គការ Peace Rights Foundation នៅប្រទេសថៃ បានថ្លែងនៅក្រោយជំនួបនោះថា៖ «បើនិយាយពីការអនុវត្តយន្តការនេះវិញ វាមិនទាន់មានសមាមាត្រជាមួយនឹងចំនួនអ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោននិងជនភៀសខ្លួននៅក្នុងប្រទេសថៃទេ»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំអាចនិយាយបានថា ពួកគេបានប្រឹងប្រែងអស់លទ្ធភាព។ ប៉ុន្តែ នៅមានលក្ខខណ្ឌកម្រិតយ៉ាងខ្លាំង»។
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា អ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ ៥.០០០ នាក់កំពុងរស់នៅក្នុងប្រទេសថៃ។ ប៉ុន្តែ ក្រុមអ្នកការពារសិទ្ធិមនុស្សបាននិយាយថា ចំនួនជាក់ស្ដែងអាចមានច្រើនជាងនេះ។
នៅពេលត្រូវបានទទួលយកតាមរយៈកម្មវិធីសិទ្ធិជ្រកកោននេះ ជនភៀសខ្លួនគួរតែមានសុវត្ថិភាពរួចផុតពីការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែក្រុមអង្គការតស៊ូមតិសិទ្ធិមនុស្សបានលើកឡើងថា យន្តការត្រួតពិនិត្យថ្នាក់ជាតិនេះមានដំណើរការយឺតពេកដែលមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។
ពួកគេនិយាយថា គណៈកម្មការត្រួតពិនិត្យមានការលំបាកក្នុងការផ្ទៀងផ្ទាត់ជីវប្រវត្តិរបស់អ្នកស្នើសុំ និងមានអ្នកបកប្រែតិចពេកដែលជាបញ្ហាប្រឈមផ្នែកភាសា។ ពួកគេថា អ្នកស្នើសុំជាច្រើនថែមទាំងមិនបានដឹងថាមានកម្មវិធីបែបនេះនៅប្រទេសថៃទៀតផង។
ក្រុមអង្គការតស៊ូមតិបានបញ្ជាក់ទៀតថា មនុស្សជាច្រើនថែមទាំងមិនមានទំនុកចិត្តលើរដ្ឋាភិបាលក្នុងការពិនិត្យពិច័យលើពាក្យសុំរបស់ពួកគេដោយយុត្តិធម៌ ហើយពួកគេខ្លាចថាប្រសិនបើពាក្យស្នើសុំរបស់ពួកគេត្រូវបានច្រានចោល ពួកគេអាចនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសដែលពួកគេបានរត់គេចចេញវិញ។
អ្នកស្រី Tanyakorn Thippayapokin អ្នកសម្របសម្រួលផ្នែកតស៊ូមតិគោលនយោបាយសម្រាប់អង្គការ Asylum Access Thailand ដែលបានចូលរួមក្នុងជំនួបនេះដែរ បានថ្លែងថា៖ «អ្នកទាំងនោះបារម្ភថា ប្រសិនបើពួកគេដាក់ពាក្យស្នើសុំតាមរយៈយន្តការត្រួតពិនិត្យថ្នាក់ជាតិនេះ ពួកគេត្រូវបង្ហាញអត្តសញ្ញាណទៅរដ្ឋាភិបាលថៃ ហើយប្រសិនបើពួកគេមិនមានលក្ខខណ្ឌគ្រប់គ្រាន់បំពេញតាមការចង់បានរបស់យន្តការត្រួតពិនិត្យថា្នក់ជាតិនេះ ពួកគេនឹងត្រូវបណ្ដេញចេញទៅប្រទេសកំណើតរបស់ពួកគេវិញ»។
អ្នកតស៊ូមតិនានាបាននិយាយថា លក្ខខណ្ឌកំណត់សម្រាប់ការស្នើសុំមានលក្ខណៈតឹងតែងពេកដែលរារាំងពលករចំណាកស្រុកស្របច្បាប់ដែលអាចជាអ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវការការការពារផងនោះ មិនឱ្យស្នើសុំបាន។ អ្នកតស៊ូមតិទាំងនោះថែមទាំងបាននិយាយថា គោលការណ៍នៃការស្នើសុំនេះផ្ដល់អំណាចទូលំទូលាយពេកឱ្យរដ្ឋាភិបាលបដិសេធពាក្យសុំរបស់អ្នកស្នើសុំក្រោមហេតុផលមិនច្បាស់លាស់នៃហានិភ័យសន្តិសុខជាតិ។
អ្នកខ្លះបារម្ភថា ការណ៍ដែលមិនមានការពន្យល់អំពីហានិភ័យផ្នែកសន្តិសុខជាតិនេះ រដ្ឋាភិបាលអាចបដិសេធអ្នកដាក់ពាក្យស្នើសុំដើម្បីកសាងឬរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
លោក Kannavee Suebsang ដែលជាតំណាងរាស្ត្រគណបក្សប្រឆាំងនៅក្នុងប្រទេសថៃនិងជាប្រធានអនុគណៈកម្មាធិការដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ជនចំណាកស្រុកដែលចូលក្នុងប្រទេសថៃដោយខុសច្បាប់ បានលើកឡើងអំពីករណីនៃជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) ៤៨ នាក់មកពីចិន ដែលត្រូវបានអាជ្ញាធរថៃចាប់ដាក់ឃុំដោយគ្មានការចោទប្រកាន់តាំងពីពួកគេត្រូវបានចាប់ខ្លួនដោយសារតែការចូលមកក្នុងប្រទេសថៃដោយខុសច្បាប់កាលពីជាងមួយទសវត្សរ៍មុនមក។
អ្នកស្រី Krittaporn បាននិយាយថា មន្ត្រីអន្តោប្រវេសន៍បានប្រាប់អ្នកស្រីថា ជាតិសាសន៍អ៊ុយហ្គ័រដែលជាប់ឃុំទាំងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បំពេញលក្ខខណ្ឌរបស់យន្តការត្រួតពិនិត្យថ្នាក់ជាតិ ប៉ុន្តែអ្នកស្រីបានបន្ថែមថា ក្រុមអង្គការមិនមែនរដ្ឋាភិបាលមិនអាចជួបជាមួយពួកគេដើម្បីដឹងថាតើពួកគេត្រូវបានផ្ដល់ឱកាសដើម្បីដាក់ពាក្យស្នើសុំឬក៏យ៉ាងណានោះទេ។
ក្រុមអ្នកតស៊ូមតិបានស្នើឱ្យរដ្ឋាភិបាលថៃពង្រីកការជូនដំណឹងដល់អ្នកស្វែងរកសិទ្ធិជ្រកកោននិងជនភៀសខ្លួនអំពីកម្មវិធីនេះ ជួលអ្នកបកប្រែភាសាបន្ថែម និងកាត់បន្ថយមន្ត្រីទីភ្នាក់ងារសន្តិសុខនៅក្នុងគណៈកម្មការព្រួតពិនិត្យ ដើម្បីឱ្យកម្មវិធីនេះដំណើរការបានប្រសើរជាងមុន៕