វីរុសកូរ៉ូណាថ្មីបាននាំឱ្យមានវិបត្តិជាច្រើននៅក្នុងប្រទេសថៃ។
បញ្ហាធំៗ មានបញ្ហាថែទាំសុខភាពនិងសេដ្ឋកិច្ច។ ក៏ប៉ុន្តែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ក៏នាំឱ្យមានផលប៉ះពាល់ដល់វិស័យនយោបាយថៃដែរ ហើយនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចារ បានពន្យារពេលការរុះរើគណៈរដ្ឋមន្ត្រី ដែលជាការចាំបាច់ និងបានពន្យារពេលការដាក់ប្រទេស ក្នុងគ្រាអាសន្នផងដែរ។
អ្នកវិភាគនិយាយថា ការពន្យារពេលការរុះរើគណៈរដ្ឋមន្ត្រីនេះបានធ្វើឲ្យរដ្ឋាភិបាលឋិតក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់។
ក្រុមយោធាដែលបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារមួយ កាលពីឆ្នាំ ២០១៤ កំពុងគ្រប់គ្រងប្រទេសថៃជាមួយក្រុមចម្រុះមួយនៃគណបក្សនយោបាយនានា។ គណបក្សមួយក្នុងបណ្តាគណបក្សទាំងនេះ គឺគណបក្ស Palang Pracharath ដែលសមាជិក ១៨ នាក់ បានលាលែង កាលពីសប្តាហ៍ទីមួយនៃខែមិថុនា ដោយមានការខ្វែងគំនិតគ្នាអំពីថា តើប្រទេសថៃគួរឆ្លើយតបបែបណាជាមួយជំងឺកូវីដ១៩។ ការលាលែងរបស់សមាជិកទាំងនេះបង្ខំឱ្យមានការបោះឆ្នោតនៅខាងក្នុងគណបក្ស ដែលអាចផ្លាស់ប្តូរសមាជិកខ្លះរបស់គណក្សនេះ ដែលជាសមាជិកនៃគណៈប្រតិបត្តិ។
ទោះជាមានការមិនប្រាកដប្រជាខាងនយោបាយក៏ដោយ ក៏លោក ប្រាយុទ្ធ ដែលជាឧត្តមសេនីយ៍ម្នាក់នៃកងយោធាបានក្តាប់អំណាចយ៉ាងតឹងរ៉ឹង។ លោកបានពន្យារពេលដាក់ប្រទេសក្នុងគ្រាមានអាសន្នរហូតដល់ថ្ងៃទី ៣០ មិថុនា ដែលផ្តល់អំណាចដល់រដ្ឋអំណាច ក្នុងការចាប់ខ្លួនបាតុករយាយីក្រុមអ្នកកាសែត និងអ្នកលាតត្រដាងព័ត៌មានសម្ងាត់ ដែលរាយការណ៍អំពីព័ត៌មានមិនគាំទ្ររដ្ឋាភិបាល និងធ្វើទុក្ខបុកម្នេញអ្នកធ្វើការខាងសុខាភិបាល ដែលតវ៉ាអំពីការខ្វះខាតការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ។
រដ្ឋាភិបាលបាននិយាយថា វិធានការទាំងនេះជាការចាំបាច់ដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា។
លោក Brad Adams ជានាយកប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។ លោកបានមានប្រសាសន៍ថា៖ «ក្រិត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះផ្តល់ឱ្យអាជ្ញាធរថៃនូវអំណាចគ្មានការត្រួតពិនិត្យ ដើម្បីបង្ក្រាបសេរីភាពជាមូលដ្ឋានដោយគ្មានការទទួលខុសត្រូវ»។
ការត្រួតត្រារឹតបន្តឹងនេះធ្វើតាមលំនាំដែលមាននៅទូទាំងពិភពលោក។ រដ្ឋាភិបាលនានាបានប្រើបញ្ហាវីរុសនេះជាលេស ដើម្បីប្រើអំណាចក្នុងគ្រាអាសន្ន ដូចជាការបញ្ជូនពួកទាហានទៅដាក់ពង្រាយនៅតាមផ្លូវនៅក្នុងប្រទេសឈីលី រហូតដល់ការដំឡើងកាម៉េរ៉ា នៅក្នុងក្រុងដែលអាជ្ញាធររុស្ស៊ី ឃ្លាំមើលពលរដ្ឋខ្លួន។
បញ្ហានៅក្នុងប្រទេសថៃមានច្រើនឡើងៗ
បន្ថែមពីលើវិបត្តិនយោបាយរដ្ឋាភិបាលក្រុងបាងកក ត្រូវដោះស្រាយបញ្ហាឯទៀតៗដែរ ដោយមានរួមបញ្ចូលការរាំងស្ងួត និងដំណើរសេដ្ឋកិច្ចចុះខ្សោយ។
ភាពតានតឹងបានកើនឡើងនៅក្នុងសប្តាហ៍ទីពីរនៃខែមិថុនា នៅពេលសមាជិកសភាបានដើរចេញពីការប្រជុំនៃគណៈកម្មាធិការមួយ ដែលពិភាក្សាអំពីប្រាក់រាប់ពាន់លានដុល្លារដែលប្រទេសថៃនឹងចំណាយសម្រាប់ការរើបឡើងវិញពីជំងឺកូវីដ១៩។ ការមិនចុះសម្រុងគ្នាអំពីចំណាយ និងការឆ្លើយតបឯទៀតៗ ចំពោះការរាតត្បាតនៃវីរុសកូរ៉ូណា គឺជាហេតុផលជំរុញឲ្យមានការលាលែងរបស់សមាជិកគណបក្សនេះ កាលពីអាទិត្យទីមួយនៃខែមិថុនា។
លោក Rawin Leelapatana និងលោក KhemthongTonsakulrungruang ជាអ្នកស្រាវជ្រាវ។លោកទាំងពីរបង្ហាញហេតុផលថា បញ្ហាទាំងនេះមានបន្តិចៗកាលពីពេលមុននេះ។ លោកទាំងពីរថ្លែងថាកាលពីដើមឆ្នាំនេះ ប្រជារាស្ត្រថៃខឹងសម្បាស្រេចហើយនឹងរដ្ឋអំណាចដែលបានបង្ក្រាបសមាជិកគណបក្សប្រឆាំង។
លោក Rawin និងលោក Khemthong បានសរសេរនៅក្នុង Verfassungsblog ដែលជាវេទិកាសាស្ត្រាចារ្យសាកលវិទ្យាល័យថា៖ «ការមិនពេញចិត្តបានកើនឡើងរាលដាលទៅដល់បញ្ហាឯទៀតៗ ដូចជាការបរាជ័យរបស់លោកប្រាយុទ្ធក្នុងការជួយសង្គ្រោះសេដ្ឋកិច្ច ដែលធ្លាក់ដុនដាប និងការបោសសម្អាតអំពើពុករលួយក្នុងរដ្ឋាភិបាល»។
លោកទាំងពីរបានសរសេរថា ជំងឺកូវីដ១៩ ជាការបង្វែរការយកចិត្តទុកដាក់សំខាន់មួយ។
«ដូច្នេះការរាតត្បាតជាសាកលនៃជំងឺនេះផ្តល់ឱ្យលោកប្រាយុទ្ធនូវការបិទបាំង និងការពន្យារពេលដែលលោកត្រូវការជាខ្លាំង»។
ក្រៅពីប្រទេសចិន ប្រទេសថៃជាប្រទេសទីមួយដែលបានរាយការណ៍អំពីករណីអ្នកជំងឺកូវីដ១៩។ រហូតមកដល់ពេលនេះ វីរុសនេះបានបណ្តាលឱ្យមនុស្ស ៥៨ នាក់ស្លាប់ និងមានមនុស្សឆ្លងរោគនេះ ៣,១២៥ នាក់នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍នេះ។ សកម្មជននិយាយថា វីរុសនេះក៏បាននាំឱ្យមានជំងឺកូវីដ១៩ ក្នុងចំណោមក្រុមមនុស្សដែលគេមើលរំលង ជាពិសេសអ្នកទោស និងក្រុមជនចំណាកស្រុកគ្មានឯកសារ។
អង្គការមូលនិធិកុមាររបស់ អ.ស.ប.ហៅ កាត់ថា UNICEF បាននិយាយថា ពួកគេបានទៅជួបជនចំណាកស្រុក និងក្រុមជនឯទៀតៗនៅក្នុងប្រទេសថៃ ដើម្បីផ្តល់ជំនួយវេជ្ជសាស្ត្រផ្តល់ប្រាក់ជំនួយគ្រាមានអាសន្នផ្តល់ព័ត៌មាន អំពីការអនុវត្តវិធានការអនាម័យ និងការគាំទ្រខាងសុខភាពផ្លូវចិត្ត។
លោក Thomas Davin ជាអ្នកតំណាងអង្គការ UNICEF នៅក្នុងប្រទេសថៃ។
លោកបាននិយាយថា៖ «ពួកជនចំណាកស្រុកនិងក្រុមមនុស្សឯទៀតៗ ដែលងាយរងគ្រោះបានប្រឈមឧបសគ្គមួយចំនួនរួចជាស្រេច ហើយនៅមុនការរាតត្បាតជាសាកលនៃជំងឺកូវីដ ដោយសារស្ថានភាពរបស់ពួកគេការមិនចេះភាសាស្លាកស្នាមទុរយសខាងសង្គមនិងការរើសអើង»។
លោកបានមានប្រសាសន៍បន្ថែមថា៖ «វាជាការទទួលខុសត្រូវរួមគ្នារបស់យើង ក្នុងការគាំទ្រពួកជនដែលងាយរងគ្រោះបំផុត ដោយមិនគិតអំពីស្ថានភាពផ្លូវច្បាប់ ឬខាងពូជសាសន៍ ហើយយើងធ្វើឱ្យប្រាកដប្រជាថា ពួកគេមានសុវត្ថិភាព និងទទួលបានសេវា ដើម្បីអាចរស់រានមានជីវិត និងមានសុខភាពល្អតទៅទៀត»៕
ប្រែសម្រួលដោយ លោកឈឹម សុមេធ