ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ថៃ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ ខណៈ​ការ​ចាក់​វ៉ាក់សាំង​មាន​ភាព​យឺតយ៉ាវ

រូបឯកសារ៖ គ្រូពេទ្យ​ម្នាក់​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩​ ដល់​ពលរដ្ឋ​ក្នុង​តំបន់ Klong Toey ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ខ្ពស់​បំផុត​កាលពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា​កន្លង​ទៅ​នេះ ចាប់​តាំងពី​ពេល​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង បន្ទាប់ពី​ពន្ធនាគារ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​បាងកក​មាន​ករណី​ឆ្លង​ជំងឺ​នេះ ដែល​ជំរុញ​ឲ្យ​មាន​ការ​បន្ត​រាំង​ខ្ទប់​តាម​កន្លែង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស។

រលក​ចុងក្រោយ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​បាន​កើតឡើង​កាលពី​ខែមេសា ដែល​បង្ក​ឡើង​ដោយ​បណ្តុំ​មនុស្ស​នៅ​កន្លែង​កម្សាន្ត​ពេល​រាត្រី ដែល​ជា​កន្លែង​ពេញ​និយម​របស់​អ្នក​មាន​នៅ​ក្នុង​ទីក្រុង​បាងកក។

ករណី​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha បញ្ជា​ឲ្យ​ភោជនីយដ្ឋាន​និង​រង្គសាល​នានា​បិទ​ទ្វារ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ផ្នែក​ទេសចរណ៍​និង​សេវាកម្ម​របស់​ប្រទេស​ថៃ​ប្រឈម​នឹង​ការ​ដួល​រលំ។

ប្រទេស​ថៃ​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៤.៨៨៧ ករណី កាលពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា​កន្លង​ទៅ​នេះ ដែល​នេះ​ជា​កំណត់ត្រា​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត បន្ទាប់ពី​អ្នក​ទោស​ចំនួន ២.៨៣៥ នាក់​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​នេះ​នៅ​ពន្ធនាគារ​ពីរ​កន្លែង​ក្នុង​ទីក្រុង​បាងកក។

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​នៅ​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ៤០០ នាក់​ស្លាប់ ដោយ​មន្ទីរពេទ្យ​មិន​មាន​គ្រែ​ពេទ្យ​សម្រាប់​ទទួល​អ្នក​ជំងឺ​បន្ត​ទៀត ហើយ​រដ្ឋាភិបាល​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ជូន​សាធារណជន​ ដែល​កំពុងតែ​ព្រួយ​បារម្ភ​អំពី​វិបត្តិ​ផ្ទួនៗ​ផ្នែក​សុខភាព​និង​សេដ្ឋកិច្ច ខណៈ​ប្រទេស​នេះ​ត្រៀម​បើក​ឡើង​វិញ​ដើម្បី​ទទួល​អ្នក​ទេសចរ​បរទេស។

កាលពី​ពេល​ថ្មីៗ​នេះ លោកPrayuth បាន​សន្យា​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​គ្រប់​រូប ដោយ​ទទូច​ថា «ភាព​ស៊ាំ​ដោយ​ប្រយោល​នឹង​ជំងឺ [កូវីដ១៩]» តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង គឺជា​ជម្រើស​តែ​មួយ​គត់​នៅ​ក្នុង​ការ​ឆ្លង​ឲ្យ​ផុត​ពី​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ នេះ។

ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​ថា មាន​មនុស្ស​ត្រឹមតែ ៦៤០.០០០ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ថៃ​ជិត ៧០ លាន​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ចំនួន​ពីរ​លើក​រួច​ហើយ។

ប្រទេស​ថៃ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna ក្រុមហ៊ុន Sinovac ក្រុមហ៊ុន Johnson & Johnson និង​ក្រុមហ៊ុន AstraZeneca។ ប្រទេស​ថៃ​នឹង​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca នៅ​ក្រោម​អាជ្ញាប័ណ្ណ​រយៈពេល​វែង។

ប៉ុន្តែ​សម្រាប់​ពេល​នេះ ប្រទេស​ថៃ​កំពុង​ប្រជែង​ទិញ​វ៉ាក់សាំង​រាប់​សិប​លាន​ដូស​ជា​បន្ទាន់​ដើម្បី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ខែ​មិថុនា​ខាង​មុខ បន្ទាប់ពី​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​នេះ​កាលពី​ដើម​ឆ្នាំ​នេះ នៅ​ពេល​ដែល​អត្រា​ឆ្លង​ជំងឺ​នេះ​ហាក់​ដូចជា​ចុះ​អន់ថយ​ទៅ​វិញ។

បុគ្គលិក​អាកាសយានដ្ឋាន​លោក Sarayut Jumpa ថា លោក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​សំណាង​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ទី​ពីរ របស់​ក្រុមហ៊ុន Sinovac របស់​ចិន ដែល​រៀបចំ​ចាក់​ជូន​នៅ​អាកាសយានដ្ឋាន Suvarnabhumi ដែល​ជា​អាកាសយានដ្ឋាន​ដ៏​ចម្បង​មួយ​ក្នុង​ទីក្រុង​បាងកក និង​ដែល​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​នៅ​ពេល​ចូល​ចាក់​វ៉ាក់សាំង។

លោក Sarayut និយាយ​ដូច្នេះ​ថា៖ «វ៉ាក់សាំង​នេះ​ប្រហែលជា​មិន​អាច​ការពារ​យើង​បាន ១០០% ទេ ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ខ្ញុំ​នឹង​មិន​សូវ​ឈឺ​ធ្ងន់​ទេ ក្នុង​ករណី​ខ្ញុំ​ឆ្លង​វីរុស​នេះ»។

លោក​បាន​បន្ថែម​ថា កិច្ចការ​បន្ទាប់​របស់​លោក​គឺ​ត្រូវ​បញ្ចុះបញ្ចូល​ឪពុកម្តាយ​របស់​លោក​ឲ្យ​ជឿ​ថា វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព។

ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដែល​មាន​លក្ខណៈ​យឺតយ៉ាវ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​នៅ​តាម​អ៊ីនធឺណិត​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ។

ដោយសារ​បុគ្គលិក​អាកាសយានដ្ឋាន​ជាង ៤.០០០ នាក់​បាន​ចាក់​វ៉ាក់សាំង និង​មាន​អ្នក​ដំណើរ​ចំនួន​តិច​និង​នៅ​ឆ្ងាយ​ពី​គ្នា នៅ​ពេល​នេះ អាកាសយានដ្ឋាន​នេះ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ដាក់​ឲ្យ​ប្រើ​ជា​កន្លែង​ចាក់​វ៉ាក់សាំង​សាធារណៈ​បាន​ភ្លាមៗ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ផ្ដល់​ការ​អនុញ្ញាត។

លោក Kittipong Kittikachorn អគ្គនាយករង​នៃ​អាកាសយានដ្ឋាន​នេះ បាន​និយាយ​ថា៖ «នៅ​មុន​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ យើង​ធ្លាប់​ទទួល​បាន​អ្នក​ដំណើរ​អន្តរជាតិ​ចំនួន ២០០.០០០ នាក់​ក្នុង​មួយ​ថ្ងៃ។ ឥឡូវ​នេះ យើង​ទទួល​បាន​ត្រឹមតែ​ប្រមាណ ១.០០០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ»។

លោក Kittipong Kittikachorn បាន​បន្ថែម​ថា៖ «អាកាសយានដ្ឋាន​នេះ​បាន​ត្រៀម​បរិក្ខារ​ចាំបាច់​ទាំង​អស់​រួចរាល់​ហើយ​ដើម្បី​ប្រែក្លាយ​ឲ្យទៅជា​កន្លែង​ចាក់​វ៉ាក់សាំង»។

កន្លង​មក ប្រទេស​ថៃ​គិត​ថា ខ្លួន​បាន​គេច​ផុត​ពី​វិបត្តិ​សុខភាព​សាធារណៈ​ដ៏​អាក្រក់​បំផុត​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ នេះ តាមរយៈ​ការ​បិទ​ព្រំដែន​និង​វិធានការ​ចត្តាឡីស័ក​ចំនួន ១៤ ថ្ងៃ​ដ៏​តឹងរ៉ឹង។

ផ្ទុយ​ទៅ​វិញ វិធានការ​ទាំង​នោះ​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ដែល​ចំណូល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​មាន​ចន្លោះ​ពី ១/៥ ទៅ ១/៤ នៃ​ចំណូល​សរុប​របស់​ខ្លួន។

ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ​ជាង ៦% កាលពី​ឆ្នាំ​មុន។ ក្តី​សង្ឃឹម​ដែល​រំពឹង​ថា សេដ្ឋកិច្ច​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ត្រីមាស​ទី ៣ នៃ​ឆ្នាំ​នេះ ហាក់ដូចជា​មាន​កាន់តែ​តិច​ទៅៗ បន្ទាប់ពី​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​ថ្មី​ចុងក្រោយ​បំផុត​នៃ​ជំងឺ​កូវីដ១៩ នេះ។

អាជ្ញាធរ​ថៃ​កំពុង​ទទូច​ឲ្យ​មាន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​ខែ​តុលា​ខាង​មុខ​សម្រាប់​អ្នក​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ដោយ​កោះ Phuket មាន​បំណង​បើក​ទទួល​ភ្ញៀវ​ទេសចរ​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា​ខាង​មុខ បន្ទាប់ពី​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​ផ្តួចផ្តើម​ដោយ​វិស័យ​ឯកជន។

ប៉ុន្តែ​រលក​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នេះ បាន​ធ្វើ​ឲ្យ​គម្រោង​ខាង​លើ​នេះ​មាន​ភាព​ស្រពិចស្រពិល។ សណ្ឋាគារ​ដែល​បាន​ពុះពារ​ឆ្លងកាត់​ការ​បាត់បង់​ប្រាក់​ចំណូល​ពេញ​មួយ​ឆ្នាំ ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ទ្វារ​ជា​ថ្មី។ ចំណែក​ឯ​រង្គសាល ភោជនីយដ្ឋាន និង​ក្លឹប​រាត្រី​នានា​នៅ​ក្នុង​ប្រទេស​ដែល​ល្បី​ពី​ជីវិត​ក្នុង​ពេល​រាត្រី​មួយ​នេះ ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​បុគ្គលិក។

នៅ​ពេល​នេះ វិបត្តិ​មួយ​នេះ​កំពុង​ក្លាយជា​បញ្ហា​នយោបាយ​ធ្ងន់ធ្ងរ​សម្រាប់​លោកPrayuth ដែល​ជា​អតីត​មេបញ្ជាការ​មិន​មាន​ប្រជាប្រិយភាព ដែល​បាន​ដណ្តើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤ និង​ក្រោយ​មក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត។

លោក Krid Kanjanakit អាយុ ៣៦ ឆ្នាំ ដែល​ជា​ម្ចាស់​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ទីក្រុង Pattaya បាន​ប្រាប់ VOA ថា៖ «សេដ្ឋកិច្ច​អាច​ងើប​ឡើង​វិញ​បាន​ឬ​ក៏​មិន​បាន​គឺ​អាស្រ័យ​លើ​ចំនួន​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​បញ្ហា​គឺ​ថា រដ្ឋាភិបាល​នេះ​ធ្វើ​អ្វីៗ​ក៏​យឺត​ដែរ»។

កាលពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា​កន្លង​ទៅ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​ការិយាល័យ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើបអង្កេត​លើ​លោក Prayuth ចំពោះ​ការ​ចោទ​ប្រកាន់​ថា បាន​ខកខាន​នៅ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន​ទាន់​ពេលវេលា ដែល​បណ្តាល​ឲ្យ​មាន​ករណី​ស្លាប់​ដែល​មិន​គួរ​នឹង​កើត​មាន៕