ប្រទេស​ថៃចាប់​ខ្លួន​បេសកជន​សាសនា​ជនជាតិ​កូរ៉េ​សញ្ជាតិ​អាមេរិក​ម្នាក់​ពី​បទ​ជួញ​ដូរ​មនុស្ស

ជន​សង្ស័យ​ការ​ជួញ​ដូរ​មនុស្ស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​វត្តមាន​នៅ​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​របស់​ប៉ូលិស​នៅ​ក្រុង​បាំងកក កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥។

ផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​នៃ​វីអូអេ​បាន​រាយការណ៍​ថា ពួក​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​អ្នក​ផ្សព្វផ្សាយ​គ្រឹស្តសាសនា​អាមេរិកាំង​មាន​ដើម​កំណើត​កូរ៉េ​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រត់​ពន្ធ​ជនជាតិ​កូរ៉េ​ខាង​ជើង​៧​នាក់​ចូល​ក្នុង​ប្រទេស​នៃ​ទ្វីបអាស៊ី​អាគ្នេយ៍​នេះ។ ​អ្នក​ផ្សាយ​គ្រឹស្តសាសនា​រូប​នេះ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ​យូរយា​មក​ហើយ ​ហើយ​ដែល​គេ​ស្គាល់​ថា​មាន​ត្រកូល ​លី ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្រោយ​ពី​លោក​បាន​សារភាព​ថា​បាន​ជួយ​ពួក​ជនជាតិ​កូរ៉េ​ខាង​ជើង​រត់​ចោល​ជួរ​ឱ្យ​ឆ្លង​កាត់​ព្រំដែន​នៅ​ក្រោយ​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​ជន​ជាតិ​កូរ៉េ​ម្នាក់​នៅ​ក្នុង​ប្រទេស​ឡាវ​ដែល​បាន​សុំ​ឱ្យ​លោក​ជួយ។​ ជន​ជាតិ​កូរ៉េ​ខាង​ជើង​ទាំង​៧​នាក់​នោះ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​លោក​លី​ដែរ។ ​អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ស្ថានទូត​ស.រ.អា.​ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា ​លោក​បាន​ដឹង​អំពី​ព័ត៌មាន​ដែល​ថា​ពល​រដ្ឋ​ស.រ.អា.​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ៕