លោកប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បានក្លាយជានាយករដ្ឋមន្ត្រីផ្លូវការរបស់ថៃហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានការទទួលស្គាល់ពីព្រះមហាក្សត្រថៃ Bhumibal Adulyadej។
លោកឧត្ដមសេនីយ៍ប្រាយុទ្ធ បានទទួលព្រះរាជសារបញ្ជាក់ពីតួនាទីរបស់លោកនៅឯពិធីមួយក្នុងទីក្រុងបាងកក។ លោកនិយាយថា៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមស្បថមុខប្រជារាស្ត្រថា ខ្ញុំនឹងឧទ្ទិសខ្លួនប្រាណរបស់ខ្ញុំ និងការខិតខំប្រឹងប្រែងដើម្បីធ្វើការដោយស្មោះត្រង់ដល់ប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជារាស្ត្រ ហើយនឹងនាំសុភមង្គលនិងសន្តិភាពជូនប្រជារាស្ត្រវិញ»។
គួររំលឹកថាលោកប្រាយុទ្ធ ចាន់អូចា បានដឹកនាំធ្វើរដ្ឋប្រហារយោធាទម្លាក់លោកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្ត្រីថៃចេញពីតំណែងកាលពីថ្ងៃទី២២ ខែឧសភា។
លោកបញ្ជាក់ថាលោកនឹងចុះចេញពីតំណែងជានាយអគ្គសេនាធិការកងទ័ពនៅខែក្រោយ ហើយលោកនឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់មានការបោះឆ្នោតថ្មីដែលនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ។ ការយល់ព្រមដោយព្រះមហាក្សត្រនៅថ្ងៃចន្ទនេះ ជាការបញ្ជាក់យ៉ាងច្បាស់សម្រាប់ការបង្កើតរដ្ឋាភិបាលអន្តរកាល៕