អ្នកស្រាវជ្រាវ​ជនជាតិ​​​ថៃ​​​នៅ​អ៊ីរ៉ង់​​ដើរ​តួនាទី​សំខាន់​​ក្នុង​ការ​ជួយ​ឱ្យ​មាន​ការ​ដោះលែង​​​​ចំណាប់​ខ្មាំង​ថៃ

លោក Lerpong Sayed ជា​សាស្ត្រាចារ្យ​​បង្រៀន​​​​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​​នៅ​​សាកលវិទ្យាល័យ​​​អន្តរជាតិ Al-Mustafa នៃ​​ប្រទេស​អ៊ីរ៉ង់ ដែល​ជួយ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ថៃ​ពី​ក្រុម​ហាម៉ាស់។

នៅ​ពេល​ពួក​អ្នកការទូត​ថៃ​ធ្វើ​ការចរចាឱ្យមានការ​ដោះលែង​ពួក​ពលករ​ថៃដែល​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុងការវាយប្រហារដ៏​ប្រល័យ​របស់​ក្រុម​ហាម៉ាស់​ក្នុង​ប្រទេស​អ៊ីស្រាអែល ពួក​ជនជាតិ​ថៃ​កាន់​សាសនាអ៊ិស្លាម​សំខាន់ៗ​ មានរួមទាំងសមាជិកម្នាក់​នៃ​សមាគមអតីត​និស្សិត​សាកលវិទ្យាល័យ​មួយផង បានធ្វើកិច្ចការ​ស្រប​គ្នា​នឹង​អ្នកការទូត​ទាំង​នោះ​តាមបែប​ផ្ទាល់ខ្លួន​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំង​ថៃ។

លោក Lerpong Sayed ដែល​ជា​សាស្ត្រាចារ្យបង្រៀនជំនាញ​វិទ្យាសាស្ត្រ​នយោបាយនៅសាកលវិទ្យាល័យ​អន្តរជាតិ Al-Mustafa នៃប្រទេស​អ៊ីរ៉ង់​ កំពុងបង្រៀននៅពេល​ក្រុមភេរវជនហាម៉ាស់វាយ​លុក​ចេញ​ពីតំបន់ហ្កាហ្សាកាល​ពី​ថ្ងៃទី​៧ ខែតុលា ដោយ​បានសម្លាប់ជនជាតិថៃ​អស់​ចំនួន៣៩នាក់និង​ចាប់ពង្រត់៣២នាក់​ទៀត ជា​មួយ​ជនជាតិ​អ៊ីស្រាអែល​រាប់រយ​នាក់​ដែល​ត្រូវ​បានសម្លាប់និងចាប់ពង្រត់។​

លោក Lerpong ដែល​ជាប្រធាន​សមាគម​អតីតនិស្សិតថៃ-អ៊ីរ៉ង់​មួយ បាន​ចាប់ផ្តើមទាក់ទង​នឹង​សមាជិក​សមាគម​នេះ​ដែល​មាន​ទំនាក់ទំនង​ជា​មួយពួកមេដឹកនាំ​ហាម៉ាស់ ហើយ​បានបង្កើត​ក្រុម​មិនផ្លូវការ​មួយ។

នៅ​ពេលគេមិនដឹងច្បាស់លាស់​ថា​តើ​អន្តរាគមន៍​របស់ក្រុម​លោក​បាន​ជួយ​សម្រេចដល់​លទ្ធផលផ្តាច់ព្រ័ត្រ​នេះ​ឬយ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​ពួក​ហាម៉ាស់​បាន​ដោះលែងជនជាតិ​ថៃ២៣នាក់​តាំងពី​ខែ​វិច្ឆិកា​មក ដែល​ភាគច្រើន​ជា​ពលករ​ខាង​កសិកម្មមាន​ប្រាក់ចំណូល១ពាន់៥រយ​ដុល្លារ​ក្នុង​មួយ​ខែ គឺ​មាន​ចំនួន​ប្រាំ​ដង​ច្រើន​ជាង​ប្រាក់ចំណូល​ដែលពួក​គេ​ទទួល​បាននៅក្នុង​ប្រទេស​ថៃ។

លោក​ Lerpong បាន​និយាយ​ប្រាប់​ផ្នែកផ្សាយ​ជា​ភាសាថៃ​នៃ​វីអូអេ​ថា៖ «​ខ្ញុំ​យល់​ថាប្រទេស​ថៃ​មាន​ជោគជ័យបំផុត​ក្នុង​ពិភពលោកក្នុងការ​ជួយ​ក្រុម​ចំណាប់​ខ្មាំង។ ចាប់ពី​ពេល​នេះទៅ យើងនឹងប្រើបណ្តាញ​ទាក់ទង​ស្រដៀងគ្នា​នេះ...​ដើម្បី​សុំឱ្យ​ក្រុមហាម៉ាស់ដោះលែងជនជាតិថៃ​ដទៃទៀត»។

រូបឯកសារ៖ អ្នកស្រី Nutthawaree Munkan ជា​ចំណាប់ខ្មាំង​ជនជាតិ​ថៃ​ដែល​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ដោះលែង បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​ថៃ​វិញ កាល​ពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការ​ទាក់ទង​គ្នា​ជា​ផ្លូវការ

មានអ្នក​កាន់​សាសនា​អ៊ិស្លាម​ប្រមាណ​៣​លាន​នាក់ក្នុងចំណោម​ប្រជារាស្ត្រថៃ​ភាគច្រើន​ដែល​កាន់​ព្រះពុទ្ធសាសនា។ ពួកគេ​ជា​ច្រើន​នាក់​បាន​រស់នៅ​ក្រោម​ការគ្រប់គ្រងគ្រាមាន​អាសន្ន​ក្នុងប៉ែក​នានា​នៅ​ភាគ​ខាងត្បូង​ប្រទេស ដែល​នៅ​ទីនោះការបះបោររបស់​ក្រុម​អ្នក​កាន់​សាសនា​អ៊ិស្លាមបាន​បណ្តាល​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ស្លាប់​កាលពី​ពីរ​ទសវត្សរ៍​មុននេះ។

បើ​តាមប្រភពផ្លូវការ​មួយ​ដែល​សុំ​មិនឱ្យគេ​បញ្ចេញ​អត្តសញ្ញាណ ក្នុង​រយៈពេល​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការវាយប្រហារ​របស់​ពួក​ហាម៉ាស់ ក្រសួង​ការបរទេស​ថៃបាន​ចាប់ផ្តើម​ទាក់ទង​ជាមួយពួក​សមភាគី​ផ្ទាល់​របស់​ខ្លួន នៅពេល​លើក​ទឹកចិត្ត​ឱ្យ​បើកបណ្តាញ​ឯទៀតៗ​សម្រាប់​ពិភាក្សា​គ្នា។ គោល​ដៅគឺ​ការ​ដោះលែង​ក្រុម​ចំណាប់ខ្មាំង​ដោយ​គ្មាន​លក្ខខណ្ឌ។

ក្នុង​រយៈពេល​ខ្លី​ក្រោយ​ការ​វាយប្រហារនោះ លោក Wan Muhamad Noor Matha អ្នក​នយោបាយ​ជើង​ចាស់​កាន់​សាសនាអ៊ិស្លាម​និងជា​ប្រធានរដ្ឋសភា​បច្ចុប្បន្ននិង​លោក​ Syed Sulaiman Husaini មេដឹកនាំ​ក្រុម​មូស្លីមនិកាយ Shia នៃ​ប្រទេស​ថៃ បាន​ទាក់ទង​ជា​មួយ​ក្រុមលោក Lerpong ហើយ​បាន​សុំ​ឱ្យ​ពួកគេ​ប្រើបណ្តាញ​ផ្ទាល់ខ្លួន​និង​បណ្តាញ​វិជ្ជាជីវៈ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

លោក Lerpong បាន​ថ្លែងប្រាប់​វីអូអេ​ភាសា​ថៃតាម​ទូរសព្ទ​ថា វា​ជា​ការ​សម​ហេតុផល​ដែល​ទាក់ទង​ជា​មួយ​អ៊ីរ៉ង់​ដែល​ជាអ្នកគាំទ្រ​និង​ផ្តល់​ប្រាក់​កាស​ឱ្យ​ក្រុម​ហាម៉ាស់​ជា​យូរ​មក​ហើយ។ លោក​បាន​និយាយ​ថា​ក្នុង​ឋានៈ​លោកធ្លាប់​ជា​សកម្មជន​គាំទ្រ​សិទ្ធិ​ជនជាតិ​ប៉ាឡេស្ទីន លោក​បានស្គាល់​ពួក​ឥស្សរជនហាម៉ាស់​នៅ​អ៊ីរ៉ង់​រួច​ស្រេច​ហើយ។

លោក​ Lerpong បាន​និយាយថា​នៅ​ពេលអ្នកកាន់​សាសនា​អ៊ិស្លាមថៃ​ល្បី​ឈ្មោះ​ពីរ​នាក់​នេះ​ហៅ​ទូរសព្ទ​ទៅ​លោក លោក«កំពុង​ឋិត​នៅអ៊ីរ៉ង់​រួច​ជា​ស្រេច​ហើយ ដែល​សម្រួល​ដល់​ការ​ទាក់ទង​ជា​មួយ​ភាគី​ពាក់ព័ន្ធដើម្បី​រក​វិធី​ដោះលែងពួក​ចំណាប់ខ្មាំងថៃ។ លោក​បានបន្ថែម​ថាអាជ្ញាធរ​អ៊ីរ៉ង់​ដែល​មាន​ការ​ទាក់ទង​ជាមួយ​ក្រុម​ហាម៉ាស់​«ក៏បាន​ជួយ​ដែរ»។

​រូបឯកសារ៖ ចំណាប់​ខ្មាំង​ជាពលករថៃមួយ​ក្រុម​ដំបូង​ដែល​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ដោះលែង​ បាន​ទៅ​ដល់​ប្រទេស​ថៃ​វិញ​កាល​ពី​ថ្ងៃទី ៣០ ខែវិច្ឆកា ឆ្នាំ២០២៣។

នៅ​ត្រឹម​ថ្ងៃ​ទី២៦ ខែ​តុលា គណៈប្រតិភូ​ថៃ​មួយបាន​ជួបជា​មួយ​លោក Khaled Qaddoumi អ្នកតំណាង​ក្រុម​ហាម៉ាស់​នៅ​អ៊ីរ៉ង់។ បើ​តាមបណ្តាញ​សារព័ត៌មាន Channel News Asia ដោយ​ត្រូវ​បានដាក់​ទណ្ឌកម្ម​ពីរ​ដង​ដោយសហរដ្ឋអាមេរិក លោក Qaddoumi ត្រូវ​បាន​ពណ៌នា​ដោយអ្នក​ធ្វើការ​ចរចា​ម្នាក់​ថា«ឋិតក្នុង​ចំណោម​បុគ្គល​គោលដៅ​កំពូល​របស់​សហរដ្ឋ​អាមេរិក»។

លោក Lerpong បាននិយាយប្រាប់​វីអូអេ​ភាសា​ថៃ​ថា៖ «​ក្រោយពី​ក្រុម​យើង​បាន​ជួប​ជាមួយ​ពួក​មន្ត្រី​ហាម៉ាស់ ​វាហាក់​ដូចជា​ពួក​គេ​បានសន្យា​ដល់ពួក​យើង​ថា ​ប្រសិនបើ​មានការឈប់បាញ់គ្នា ក្រុម​ហាម៉ាស់នឹង​ដោះលែង​ក្រុមចំណាប់ខ្មាំង​ថៃដោយគ្មាន​លក្ខខណ្ឌ»។

ហើយនៅ​ពេល​ការឈប់បាញ់​គ្នា​សម្របសម្រួលដោយ​ប្រទេស​កាតាចូល​ជា​ធរមានកាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ជនជាតិ​ថៃ១០នាក់ឋិតក្នុង​ចំណោម​ចំណាប់ខ្មាំងដំបូងៗ​ដែល​ត្រូវ​បាន​ដោះលែង។

រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថៃ​លោក Parnpree Bahiddha-Nukara បាន​និយាយប្រាប់​វីអូអេភាសា​ថៃ​កាលពី​ខែ​វិច្ឆិកា​ថា​ ភាព​សាំញ៉ាំខាង​ភស្តុភារ​បាន​បន្ថែម​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ដោះលែងក្រុម​ចំណាប់ខ្មាំង។

លោក Parnpree បានថ្លែង​ថា ពួក​មន្ត្រីមជ្ឈិម​បូព៌ា​បាន​និយាយ​ប្រាប់ពួក​សមភាគីថៃ​របស់​គេថា៖ «​មានការ​ពិបាកក្នុង​ការ​ដោះលែងក្រុម​ចំណាប់ខ្មាំង​នៅ​ពេល​នោះ​ ​ព្រោះអ្នក​ដែល​ត្រូវ​បាន​ចាប់​បង្ខាំង​មិនមែន​ជា​ក្រុម​តែ​មួយ​ទេ គឺ​មានច្រើនជាង​មួយ​ក្រុម ​ហើយ​ប្រហែលមាន​ច្រើនជាង​ពីរ​ក្រុម​ផង។ ហើយក្រុម​ចំណាប់ខ្មាំងប្រហែល​ត្រូវដាក់​ឱ្យ​នៅ​ដាច់​ពី​គ្នា»។

នាយករដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin ត្រូវបាន​ដក​ស្រង់​ពាក្យ​សម្តីកាលពី​ថ្ងៃទី៥ ខែ​ធ្នូ​ដោយ​បណ្តាញ​ព័ត៌មាន​ថៃ Standard ថា​ ចំណាប់​ខ្មាំង​នៅ​សេសសល់​អាច​ត្រូវ​ដោះលែង​ប្រសិន​បើ​មាន​ការ​ឈប់​បាញ់​គ្នាមួយ​លើក​ទៀត។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters មិន​មានការ​ឈប់បាញ់​គ្នា​ទៀត​ទេ​តាំង​ពី​ដើម​ខែ​ធ្នូ​មក​ ហើយ​ចំណាប់ខ្មាំង​ជាង១៣០នាក់​នៅតែ​ឋិត​ក្នុង​តំបន់​ហ្កាហ្សា​តទៅទៀត​តាំង​ពី​ថ្ងៃទី១៥ ខែ​ធ្នូមក។

លោក Lerpong បាននិយាយថា ក្រុម​អ្នកចរចា​របស់​ក្រុម​អតីត​និស្សិត​បាន​ទាក់ទង​ជា​មួយ«ក្រុម​ជន​ដែលទាក់ទិនមក​ពី​ក្រុម​ហាម៉ាស់​និង​អ៊ីរ៉ង់»​ដើម្បី​ឱ្យ​ដឹង​ច្បាស់លាស់អំពី​ចំនួន​ជនជាតិ​ថៃ​ដែលនៅ​ជាប់​ឃុំឃាំង​ជា​ចំណាប់ខ្មាំងនៅឡើយនិង​ដើម្បី​ឱ្យ​ដឹង​អំពី​ជោគវាសនា​ពួក​គេផង​ដែរ។

លោក Lerpong បាន​ថ្លែង​ថា៖ «​ដរាបណា​ជនជាតិ​ថៃ​នៅ​តែ​ត្រូវ​ជាប់ឃុំឃាំង កាតព្វកិច្ច​របស់​យើង​នៅ​តែមាន​ត​ទៅទៀត»។

លោក​បាន​ថ្លែង​ថា នៅ​ពេល​អនាគត អាជ្ញាធរថៃ​ត្រូវ​ពិចារណាជាថ្មី​អំពីការអនុញ្ញាតឱ្យ​ពលករទៅធ្វើការ​នៅ​តំបន់​ដែល​អាច​មាន​សង្គ្រាម។

លោក Lerpong បាន​និយាយថា៖ «នៅក្នុង​ការចរចា​គ្នា ក្រុម​ហាម៉ាស់​បាន​និយាយ​ប្រាប់​ពួក​យើង​ថា​ ពួក​គេ​គ្មាន​បញ្ហា​ជាមួយ​ក្រុម​ពលករ​មក​ពី​ប្រទេស​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ទេ ជា​ពិសេស​មក​ពីប្រទេស​ថៃ។ ប៉ុន្តែ​បញ្ហាគឺថា​កន្លែង​ធ្វើការ​របស់​ពួក​គេ​ឋិត​ក្នុង​តំបន់​មាន​ជម្លោះ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ