លោកស្រី​យីងឡាក់​តទល់​នឹង​បទ​ចោទ​តុលាការ​ខណៈ​ដែល​នយោបាយ​ថៃ​បន្ត​ជាប់គាំង

  • Ron Corben

លោក​ស្រី​នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់ ​ស៊ីណាវ៉ាត់​ (Yingluck Shinawatra)

តុលាការ​ធម្មនុញ្ញ​ប្រទេស​ថៃ​បាន​ដាក់​ឱសានវាទ​ដល់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី យីងឡាក់ ​ស៊ីណាវ៉ាត់​ (Yingluck Shinawatra) ត្រឹម​ថ្ងៃ​ទី​២ខែ​ឧសភា​ដើម្បី​រៀបចំ​សំណុំ​រឿង​ក្តី​ការពារ​ខ្លួន លោកស្រី​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ថា​បាន​រំលោភ​អំណាច។ សំណុំ​រឿង​នេះ​កើត​ឡើង​ដំណាល​គ្នា​នឹង​ភាព​មិន​ច្បាស់​លាស់​កំពុង​បន្ត​យ៉ាង​ច្របូក​ច្របល់​ថា​ តើ​ពេល​ណា​ដែល​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​ថ្មីមួយ​ដើម្បី​បញ្ចប់​ការ​ប្រជែង​អំណាច​នយោបាយ​ដ៏​ល្វីង​ជូរ​ចត់​របស់​ប្រទេស​នេះ។​

​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ​យីងឡាក់​ ស៊ីណាវ៉ាត់ ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ក្នុង​សាលក្រម​ចំនួន​ពីរ​ដែល​គេ​រំពឹង​ថា​ តុលាការ​ធម្មនុញ្ញ​និង​គណៈកម្មការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ប្រទេស​ថៃ​គ្រោង​នឹង​ប្រកាស​នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​ពុធ​ តុលាការ​ធម្មនុញ្ញ​បាន​អនុញ្ញាតិ​ឲ្យ​លោក​ស្រី​យីងឡាក់​ឈប់​ សម្រាក​ដើម្បី​ដាក់​ភស្តុតាង​បន្ថែម​ទៀត​រហូត​ដល់​ថ្ងៃ​ទី​២​ខែ​ឧសភា​ ខណៈ​ដែល​លោកស្រី​ជាប់​ចោទ​ពី​បទ​រំលោភ​អំណាច​នោះ។

ក្រុម​រាជអាជ្ញា​បាន​ចោទ​ប្រកាន់​លោកស្រី​ថា​បាន​ផ្លាស់ប្តូរ​អតីត​ប្រធាន​ក្រុមប្រឹក្សា សន្តិសុខ​ជាតិ​ម្នាក់​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ក្រុម​មន្ត្រី​សន្តិសុខ​ជាតិ​ជាន់​ខ្ពស់​ឡើង​វិញ។​ តុលាការ​រដ្ឋបាល​បាន​សម្រេច​ប្រឆាំង​នឹង​ការ​រុះរើ​របស់​រដ្ឋាភិបាល​ ហើយ​បាន​បញ្ជា​ឲ្យ​មាន​ការ​តែង​តាំង​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​នេះ​ឡើង​វិញ។

សាលក្រម​តុលាការ​ធម្មនុញ្ញ​ប្រឆាំង​នឹង​លោកស្រី ​យីងឡាក់​អាច​តម្រូវ​ឲ្យ​ លោកស្រី​ចាកចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី។​ តុលាការ​នេះ​ក៏​អាច​បញ្ជា​ឲ្យ​ រំលាយ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​គណបក្ស​ Pheu Thai ​ផង​ដែរ។

លោកស្រី ​យីងឡាក់​ក៏​ប្រឈម​មុខ​នឹង​បទចោទពី​គណៈកម្មការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ប្រទេស​ថៃ​ផងដែរ​ពី​បទ​បាន​ធ្វេសប្រហែស​ចំពោះ​តួនាទី​របស់​លោកស្រី​ជា​ប្រធាន​គណៈកម្មាធិការ​កម្មវិធី​ស្រូវ​អង្ករ​ជាតិ។

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Chulalongkorn ​គឺ​លោក Panitan Wattanayagorn ​ដែល​ជា​អតីត​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ ថ្លែង​ថា ជីវិត​នយោបាយ​របស់លោកស្រី​នាយករដ្ឋមន្ត្រី​ត្រូវ​គេ​បញ្ចប់​ហើយ។

លោក​ពន្យល់​ថា៖ «ចំណុច​សំខាន់​នៃ​បញ្ហា​ជា​ការណ៍​ពិត​គឺ​សាលក្រម​តុលាការ​នៅ​ខែ​នេះ​ឬ​ខែ​បន្ទាប់​ទាក់ទង​នឹង​លោកស្រី​យីងឡាក់។​ តែ​នៅ​មាន​សំណុំ​រឿង​ជា​ច្រើន​ទៀត​ប្រឆាំង​នឹង​លោក​ស្រី។​ ដូច្នេះ​ការ​ដឹកនាំ​ក្នុង​អាណត្តិ​នយោបាយ​របស់​លោក​ស្រី​បាន​ផុត​ទៅ​ហើយ។​ បញ្ហា​នៅ​ត្រង់​តែ​ពេល​វេលា​តែ​ប៉ុណ្ណោះ។​ តែ​រឿង​សំខាន់​គឺ​ត្រង់​ថា​តើ​រដ្ឋាភិបាល​គណបក្ស​ Pheu Thai ​អាច​រក​អ្នក​ដឹកនាំ​ថ្មី​ដោយ​គ្មាន​ការ​បោះឆ្នោត​ ដើម្បី​បន្ត​កាន់​អំណាច​របស់​ខ្លួន​បាន​ទេ?​ ប្រសិន​បើ​គេ​មិន​អាច​រក​បាន​ទេ​ រដ្ឋាភិបាល​របស់​ពួក​គេ​នេះ​នឹង​ដួលរលំ»។

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​បង្អាក់​ដំណើរការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២​ ខែកុម្ភៈ​ដោយ​បញ្ឈប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដល់​បេក្ខជន​ខ្លះ​ ហើយ​ការ​បោះឆ្នោត​ខ្លះ​ទៀត​ផង។​ តុលាការ​ធម្មនុញ្ញ​បន្ទាប់​មក​ក៏​បាន​ទុក​ការ​បោះឆ្នោត​នោះ​ជា​មោឃៈ។

លោកស្រី ​យីឡាក់ ​នៅ​បន្ត​កាន់​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល​ចាំ​ផ្ទះ​ តែ​រដ្ឋាភិបាល​នេះ​មិន​មាន​អំណាច​ ក្នុង​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ ហើយ​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុក​ស្មាញ​ផ្នែក​ធម្មនុញ្ញភាព​ក្នុង​អំណាច​របស់​ខ្លួន​ផ្សេង​ទៀត។

នៅ​សប្តាហ៍​នេះ ​គណៈកម្មការ​បោះឆ្នោត​បាន​ពិភាក្សា​ជាមួយ​គណបក្ស​នយោបាយ​ចំនួន​៦០​ក្នុង​កិច្ចប្រឹង​ប្រែង​ដើម្បី​បង្កើត​របប​ប្រជាធិបតេយ្យ​សភានិយម​ឡើង​វិញ។

វិបត្តិ​នយោបាយ​បច្ចុប្បន្ន​បាន​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ជាង​២០នាក់​និង​រាប់រយ​នាក់​ទៀត​រង​របួស។

Gotham Areeya ​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ Mahidol ​ថ្លែង​ថា​ មាន​ការ​ភិតភ័យ​អំពី​ការ​ប៉ះ​ទង្គិច​គ្នា​ថែម​ទៀត​ ប្រសិន​ណា​បើ​ប្រទេស​ថៃ​មិន​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​មួយ​ទេ​នោះ។

«យើង​មិន​មាន​ពេល​ច្រើន​ទេ​ឥឡូវ​នេះ។​ គេ​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ហេតុ​កន្លង​មក​ដែល​ថា​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត​មើល​ទៅ​ហាក់​ដូច​ជា​អាច​ សម្រេច​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឡើង​វិញ​ក្នុង​អំឡុង​ពេល​៦០​ទៅ​៩០​ថ្ងៃ​ទៀត។ ក្នុង​ករណី​នេះ ​នាឡិកា​នឹង​ចាប់ផ្តើម​ដើរ​ទៅ​មុខ​ម្តង​ទៀត​ ហើយ​ពេល​វេលា​នៃ​ការ​ចរចា​គ្នា​កាន់​តែ​ខើច​ទៅ​ ប្រសិន​បើ​គេ​មិន​ធ្វើ​កិច្ចការ​(ចរចា)​តាម​នោះ​ទេ។​ ដូច្នេះយើង​ទំនង​អាច​ឈាន​ទៅ​រក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ទៀត»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ភាគី​ទាំង​ពីរ​ចាំបាច់​ត្រូវ​តែ​ចរចា​គ្នា​កែ​ទម្រង់​សភា​និង​ រដ្ឋាភិបាល​ ដែល​ញ៉ាំញី​ដោយ​ភាព​ភ័យខ្លាច​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​រយៈ​ពេល​វែង​ពី​ដំណើរ​ការ​នៃ​ភាព​មិន​ច្បាស់​លាស់​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​នេះ៕

ប្រែសម្រួល​ដោយ សុខ ខេមរា