ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋមន្ត្រី​ថៃ​អះអាង​ថា​លោកស្រី​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​ថ្ងៃ​បោះឆ្នោត

  • Steve Herman

លោក​ស្រី Yingluck Shinawatra នាយករដ្ឋមន្ត្រី​ថៃ​​រលីងរលោង​ទឹក​ភ្នែក​ក្នុង​ពេល​ថ្លែង​​ឯ​​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣។
រដ្ឋាភិបាល​ថៃ ជា​ថ្មី​ម្តង​ទៀត បាន​ច្រានចោល​ការ​ទាមទារ​របស់​មេដឹកនាំ​បាតុកម្ម​ដែល​ស្នើ​ឲ្យ​រំលាយ​រដ្ឋាភិបាល​ចោល ដែល​ជា​វិធី​មួយ​ដើម្បី​ឲ្យ​មាន​ការ​តែងតាំង​ក្រុម​ប្រឹក្សា​ប្រជា​ពលរដ្ឋ​មួយ​ដឹកនាំ​ប្រទេស។

មួយ​ថ្ងៃ​ក្រោយ​ពី លោកស្រី Yingluck Shinawatra ចាត់​វិធានការ​ដោយ​រំលាយ​ចោល​សភា​និង​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត វា​ក្លាយជា​ភ័ស្តុតាង​ថា បាតុកម្ម​តាម​ផ្លូវ​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោកស្រី​នោះ បាន​ធ្វើ​ឲ្យ​លោកស្រី​នាយក​រដ្ឋមន្រ្តី មាន​ការ​រំជួល​ចិត្ត​យ៉ាងខ្លាំង។

នៅ​ក្នុង​ការ​ថ្លែង​ដ៏​ខ្លី លោកស្រី​យីងឡាក់ បាន​អះអាង​ចំពោះ​ការ​យល់​ឃើញ​របស់​លោកស្រី​ថា លោកស្រី​នៅតែ​មាន​តួនាទី​ជា​នាយក​រដ្ឋ​មន្រ្តី​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ខាង​មុខ​នេះ ថ្វីបើ​មាន​ការទាមទារ​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​អ្នកប្រឆាំង​នឹង​លោកស្រី ឲ្យ​លោកស្រី​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់​ក៏ដោយ។

លោកស្រី​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា លោកស្រី​បាន​ដក​ខ្លួន​រហូត​ដល់​ចំណុច​មួយ​ដែល​លោកស្រី​មិន​អាច​ដក​ជាង​នេះ​ទៀត​បាន​ទេ។ លោកស្រី​ថ្លែង​ទៀត​ថា លោកស្រី​ចង់​ឲ្យ​មាន​ឥរិយាបទ​ចំពោះ​លោកស្រី​ដោយ​ត្រឹមត្រូវ​ផង​ដែរ។

គ្រា​ដែល​លោកស្រី​ដើរ​ចេញ​ពី​វេទិកា អ្នក​យក​ព័ត៌មាន​នានា បាន​ចាប់​អារម្មណ៍​ថា លោកស្រី​បាន​រលីងរលោង​ទឹក​ភ្នែក។

នៅ​ខាង​ក្រៅ ក្លឹប​កងទ័ព (Army Club) ដែល​លោកស្រី​បាន​ជួប​សមាជិក​ខុទ្ទិកាល័យ​របស់​លោកស្រី​នោះ ក្រុម​បាតុករ​បាន​ដាក់​សំពាធ​ឲ្យ​ដក​លោកស្រី​ចេញ​ពី​តំណែង។


នៅ​មុន​ថ្ងៃ​នោះ​មួយ​ថ្ងៃ មាន​មនុស្ស​១​សែន​៥​ម៉ឺន​នាក់ បាន​ដើរ​ដង្ហែរ​ឆ្ពោះ​ទៅ​បរិវេណ​អគារ​រដ្ឋាភិបាល​ដើម្បី​ជា​ការតវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​គេ​ហៅ​ថា របប​គ្រប់គ្រង​ខុស​ច្បាប់​ដោយ​បងប្រុស​របស់​លោកស្រី គឺ​អតីត​នាយក​រដ្ឋ​មន្រ្តី លោក Thaksin Shinawatra។ លោក Thaksin នៅ​តែ​និរទេស​ខ្លួន ដើម្បី​គេច​ពី​ការជាប់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​ថៃ។

គ្រាដែល​រដ្ឋាភិបាល ត្រៀម​រៀបចំ​សម្រាប់​ការបោះឆ្នោត​ដែល​នៅ​សល់​មិន​ដល់​៦០​ថ្ងៃ​ទៀត​ទេ​នោះ អ្នកប្រឆាំង​នឹង​លោកស្រី​យីងឡាក់ បន្ត​ទាមទារ​ឲ្យ​ដាក់​ក្រុម​ប្រឹក្សា​ប្រជាពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​នោះ ដឹកនាំ​រដ្ឋាភិបាល​ជា​ជំនួស​វិញ។

ជា​ប្រទេស​មួយ​ដែល​មាន​នយោបាយ​បើក​ចំហរ​ជាង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​អគ្នេយ៍ ការជាប់​គាំង​នយោបាយ​របស់​ថៃ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្រៅ​ប្រទេស។

ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ រួមទាំង​ការបោះឆ្នោត។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Jen Psaki ថ្លែង​ថា រដ្ឋាភិបាល​ក្រុងWashington ចង់​ឲ្យ​ស្ថានការណ៍​នេះ ត្រូវ​បាន​ដោះស្រាយ​ដោយ​គ្មាន​អំពើ​ហិង្សា​ទៀត​ទេ។

«ការ​ផ្តោត​របស់​យើង គឺ​បន្ត​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​ ចំពោះ​អ្វី​ដែល​កើត​មាន​ឡើង​នៅ​លើ​ទឹកដី​ប្រទេស​ថៃ ហើយ​នឹង​ថា ប្រាកដ​ណាស់​ថា យើង​បាន​តាម​ដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​សេចក្តី​ថ្លែង​ការណ៍​នេះ​ជា​ភ័ស្តុតាង​ស្រាប់។ ក៏ប៉ុន្តែ គ្មាន​ការ​ចង្អុល​បង្ហាញ​ថា យើង​គាំទ្រ​ភាគី​ខាង​ណា​មួយ​នោះ​ទេ»។

រី​ឯ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​វិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក ​Hong Lei ក៏​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​បោះឆ្នោត​ដែរ។

លោក Hong Lei បាន​ថ្លែង​ថា ជា​ប្រទេស​ជិត​ខាង​ដ៏​រាក់ទាក់​ ​ប្រទេស​ចិន​សង្ឃឹម​ថា ការ​បោះឆ្នោត​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ដោយ​រលូន ហើយ​ចិន​ចង់​ឃើញ​ថា គ្រប់​ភាគី​ទាំងអស់​ធ្វើ​ប្រតិបត្តិការ​ដោយ​គោរព​ទៅ​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់។

វា​នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ទេ​ថា កម្លាំង​របស់​ភាគី​ប្រឆាំង​នឹង​ធ្វើ​ពហិកា​ការ​បោះឆ្នោត​ឬ​យ៉ាង​ណា​ទេ ដែល​ការ​បោះឆ្នោត​នេះ​ ពួកគេ​ជា​អ្នក​ចាញ់​ប្រៀប។​

លោក Suthep Thaugsuban មេដឹកនាំ​ខាង​ភាគី​ប្រឆាំង​ម្នាក់ ដែល​បាន​លាលែង​ចេញ​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ទាមទារ​ឲ្យ​មន្រ្តី​រាជការ​រាយការណ៍​ទៅ​ក្រុម​បាតុករ​ជា​ជាង​ទៅ​រដ្ឋាភិបាល។ លោក Suthep ដែល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​បទ​បះបោរ​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​កង​សន្តិសុខ​ស្ម័គ្រចិត្ត​ គ្រប់គ្រង​ជំនួស​ប៉ូលិស ដែល​លោក​បាន​ចាត់​ទុក​ពួកគេ​ថា ជា​អ្នក​ពុក​រលួយ និង​ជា​អ្នក​ការពារ​រដ្ឋាភិបាល៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG