ប៉ូលិស​ថៃ​អះអាង​ថា ការធ្វើ​ឃាតលោក លិម គិមយ៉ា ជា​«ការសងសឹក​ផ្ទាល់ខ្លួន»

ក្នុងរូបដែលផ្សព្វផ្សាយដោយសារព័ត៌មាន Khaosod News បង្ហាញពីលោក លី រតនរស្មី (ស្តាំ) និងមន្ត្រីប៉ូលិសនាំខ្លួនជនជាប់ចោទជនជាតិថៃឈ្មោះ Ekalak Paenoi (កណ្តាល) ដែលត្រូវបានចោទពីបទសម្លាប់លោក លិម គិមយ៉ា នៅស្ថានីយ៍ប៉ូលិស Chana Songkram នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ (Courtesy of Khaosod News)

មន្រ្តី​នគរ​បាល​ជាន់​ខ្ពស់​របស់​ថៃ​បាន​បញ្ចេញ​ព័ត៌មាន​ថា​ ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​សប្តាហ៍​មុន គឺ​ជា«ការ​សង​សឹក​ផ្ទាល់​ខ្លួន» រវាង​មេខ្លោង​នៃ​ឃាតកម្ម និង​ជន​រង​គ្រោះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ​ឈ្មោះ​ Khaosod​ ដែល​បាន​ដក​ស្រង់​សម្តី​របស់​មន្រ្តី​នគរ​បាល​ថៃ និង​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

អគ្គស្នងការ​នគរបាល​ថៃ លោក Kittirat Panpetch ត្រូវ​បាន​ដក​ស្រង់​សម្តី​តាម​រយៈ​សារព័ត៌មាន​ថៃ​ថា​ ករណី​បាញ់​ប្រហារ​នេះ​ជា«​ជម្លោះ​ផ្ទាល់​ខ្លួន» និងជា​«ការ​សងសឹក​ផ្ទាល់​ខ្លួន»តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា​ វា​«មិន​មែន​ជា​រឿង​នយោបាយ»ឡើយ។

ទោះជាយ៉ាងណា លោក​មិន​បាន​បញ្ជាក់​ថា ​ជម្លោះ​អ្វី​ឱ្យពិត​ប្រាកដទេ។

ការ​អះអាង​របស់​មេ​នគរ​បាល​ថៃ ខណៈ​អាជ្ញាធរ​ថៃ​បាន​ស្នើ​ប៉ូលិស​ Interpol​ ឱ្យ​ឃាត់​ខ្លួន​ជន​ជាតិ​កម្ពុជា​ពីរ​នាក់ ដែល​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​រឿង​ឃាតកម្ម​នេះ ក្នុង​នោះ​មាន​លោក លី រតន​រស្មី ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​សង្ស័យ​ថាបានផ្តល់​ប្រាក់​ដល់​ជន​ដៃ​ដល់ និង​លោក ពេជ្រ គឹមស្រ៊ិន ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​អ្នក​ឱ្យសញ្ញា និង​រូបភាព​ដល់​ឃាតក​រជា​ជន​ជាតិ​ថៃ។

បើ​ទោះ​មាន​ការ​អះអាង​ពី​នគរ​បាល​ថៃ​អំពី​ជម្លោះ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ឃាតកម្ម​នេះ មន្រ្តី​គណបក្ស​ជំទាស់​មួយ​ចំនួន​មិន​ជឿ​ការ​អះអាង​របស់​ប៉ូលិស​ថៃ​ឡើយ។

លោក អ៊ុំ សំអាន អតីត​តំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ បានស្នើ​ឱ្យថៃ​ស៊ើប​អង្កេត​បន្ត​ទៀត ដោយ​លោក​មិន​ជឿ​ថាជារឿង​សង​សឹក​ផ្ទាល់​ខ្លួន​ឡើយ។

លោក​បន្ថែម​ថា ​លោក លិម គិមយ៉ា និង​លោក លី រតន​រស្មី មិន​ដែល​មាន​ជម្លោះ​ជាមួយ​គ្នា ហើយ​លោក លិម គិមយ៉ា រស់​នៅ​ប្រទេស​បារាំង ហើយ​លោក លី រតន​រស្មី រស់​នៅ​កម្ពុជា​ និង​ថៃ។

លោក អ៊ុំ សំអាន បារម្ភ​អំពី​ការ​បន្ធូរ​បន្ថយ​ឃាតកម្ម​នេះ កុំ​ឱ្យវា​ក្លាយ​ជា​រឿង​ធំ ខណៈ​លោក​ថា​ អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មេដឹកនាំ​ថៃ​បច្ចុប្បន្ន​នេះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ឬ​ក៏​អាច​រដ្ឋាភិបាល​អ្នកស្រី Paetongtarn គាត់​មិន​ចង់​ឱ្យរឿង​ហ្នឹង​ល្បី​ផ្សព្វផ្សាយ​។ វា​ជា​រឿង​នយោបាយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​វិស័យ​ទេស​ចរណ៍​នៅ​ថៃ ដោយ​សារ​ប្រទេស​ថៃ​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន ក៏​អាច​ថា​បាន»។

លោក​ជំរុញ​ឱ្យរដ្ឋាភិបាល​បារាំង​ត្រូវ​ឃ្លាំមើល​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ថៃ ដោយ​សារ​ជន​រង​គ្រោះ​មាន​សញ្ជាតិ​បារាំង។

ចំណែក​លោក មុត ចន្ថា អតីត​មន្រ្តី​គណបក្ស​ជំទាស់​មួយ​រូប បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា «គេ​កំពុង​រៀបចំ​ឈុត​ឆាក​ ដើម្បី​ក្រឡៃ​ផែនការ​ធ្វើ​ឃាត»​លើ​លោក លិម គិមយ៉ា។ លោក​បន្ថែម​ថា ​ជន​រង​គ្រោះ​ពុំ​ដែល​ស្គាល់​លោក លី រតន​រស្មី ឡើយ។

លោក​បញ្ជាក់​ថា៖ «ចំពោះ​មនុស្ស​មិន​ដែល​ស្គាល់​គ្នា និង​មិន​ដែល​មាន​ទំនាក់​ទំនង​ជាមួយគ្នា​ តើ​មាន​ហេតុ​ផល​អ្វី​ដែល​បង្កើត​ឱ្យ​មាន​ជម្លោះ​បុគ្គល​ជាមួយ​គ្នាយ៉ាង​ដូច​ម្តេច​កើត?​ ហេតុផល​នេះ​មិន​សមរម្យ ហើយ​វា[ជា]រឿង​ប្រឌិត​បង្វែរ​ទិស​ដៅ»។

កាល​ពី​ថ្ងៃ​ពុធ តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន ​លោក លី រតន​រស្មី ដែល​ជា​ជនជាតិ​ខ្មែរ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ប្រាក់​ដល់​ឃាតករ​ដែល​បាន​សារភាព​ថាបាន​បាញ់​សម្លាប់​លោក លិម គិមយ៉ា។ នេះ​បើ​តាម​សារព័ត៌មាន​ថៃឈ្មោះ​ Thai PBS​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ។

លោក លី រតន​រស្មី ត្រូវ​បាន​អាជ្ញាធរ​ថៃ​អះអាង​ថា ​មាន​ឈ្មោះ​ថៃ​ថា​ Somwang Bamrungkit អាយុ​៤៣​ឆ្នាំ។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ជួល​ខ្មាន់​កាំភ្លើង​ជា​ជន​ជាតិ​ថៃ​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា កាល​ពី​សប្តាហ៍​មុន។

លោក លី រតនរស្មី អតីត​សកម្ម​ជន​គណបក្ស​ជំទាស់ មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​សារព័ត៌មាន​ Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​នេះ​ជា​សមត្ថកិច្ច​របស់​តុលាការ​ថៃ ហើយ​វា​មិន​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​ទេ។ លោក​បន្ថែម​ថា ​ការ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​របស់​បុគ្គល​ជា​ទី​ប្រឹក្សា​ «គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន មិន​មាន​ពាក់ព័ន្ធ​អី​ដល់​ថ្នាក់​ដឹកនាំ​ទេ»។

លោក សុខ ឥសាន បន្ថែម​ថា​ ការ​ភ្ជាប់​ឃាត​កម្ម​នេះ​ទៅ​ថ្នាក់​ដឹកនាំ​កម្ពុជា គឺ​ជា«ការ​ចោទ​ដោយ​គ្មាន​ហេតុ​ផល» និង«ការ​ចោទ​[បែប]​និន្នាការ​នយោបាយ»។

លោក ទូច សុខៈ អ្នក​នាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​ថៃ​ស្នើ​សុំ​ចាប់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា កម្ពុជា​មាន​«ឆន្ទៈ​មុះមុត»​បំពេញ​កិច្ច​សហការ​ជាមួយ​ថៃ។ លោក​បន្ថែម​ថា ​ការ​បញ្ជូន​មនុស្ស​ទៅ​ថៃ​ ឬ​យ៉ាងណា កម្ពុជា​នឹង​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ជាក់​ស្តែង​រវាង​ប្រទេស​ទាំង​ពីរ៕