មន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជាឲ្យដឹងថា អាជ្ញាធរកម្ពុជាបានសហការជាមួយនគរបាលថៃ កាលពីពេលថ្មីៗនេះ ចុះពិនិត្យមើលកន្លែងមួយចំនួន ដែលត្រូវបានរាយការណ៍ថា ឃុំឃាំងជនជាតិថៃនៅក្នុងអគារ ដែលរកស៊ីតាមអនឡាញ។
មន្រ្តីកម្ពុជាអះអាងថា ជនជាតិថៃជាង៦០នាក់ ត្រូវបានឃាត់ខ្លួនសាកសួរ ហើយរកឃើញថា ពួកគេមកធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ នេះបើតាមអ្នកនាំពាក្យនគរបាលជាតិកម្ពុជា លោក ឆាយ គឹមខឿន។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា ជនជាតិថៃប្រមាណជាង ៦០នាក់នោះចូលមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ ហើយចាញ់បោកមេខ្យល់ រហូតប្រកាសស្វែងរកជំនួយពីអាជ្ញាធរថៃ។ លោកបន្ថែមថា ការចុះត្រួតពិនិត្យអគារកាលពីពេលថ្មីៗនេះ ដោយសារមានការស្នើសុំពីអាជ្ញាធរថៃ ដែលទទួលព័ត៌មានទាក់ទងនឹងជនជាតិខ្លួនធ្វើការនៅកម្ពុជា។
លោកថ្លែងថា៖ «យើងបានរកឃើញពួកគាត់ និងបានរៀបចំបែបបទសហការព្រោះថៃគាត់មានបញ្ជីឈ្មោះរបស់គាត់។គាត់សុំសហការ។ យើងក៏ស្រាវជ្រាវទៅឃើញថាពួកគាត់សុទ្ធតែឆ្លៀតចូលមកធ្វើការដោយខុសច្បាប់។យើងចាប់ឃាត់ពួកគាត់ អនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍ ហើយយើងបញ្ជូនចេញទៅថៃវិញ»។
បើតាមលោក ឆាយ គឹមខឿន គិតត្រឹមថ្ងៃពុធនេះ អាជ្ញាធរចាប់ឃាត់ខ្លួនជនជាតិថៃចំនួន ៦៦នាក់ដែលត្រូវបានចាត់ទុកថា មកកម្ពុជាដោយខុសច្បាប់ហើយក្នុងនោះបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញចំនួន៣១នាក់។
មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះបន្ថែមថាភាគច្រើននៃជនជាតិថៃនោះមកធ្វើការនៅកាស៊ីណូ និងក្រុមហ៊ុនដែលមានប្រតិបត្តិការតាមប្រព័ន្ធអនឡាញ និងបានស្នើសុំអន្តរាគមន៍ នៅពេលដឹងថាខ្លួនចាញ់បោកមេខ្យល់ បើទោះបីជាពួកគេបានមកកម្ពុជាដោយខុសច្បាប់កាលពីដំបូងឡើយក៏ដោយ។
លោកបន្ថែមថា៖ «គាត់មកខុសច្បាប់ហើយ គាត់ថា គេចាប់ជំរិតគាត់។វាជារឿងកំហុសរបស់គាត់ទេ។ហើយតាមការផ្តល់ព័ត៌មានពីភាគីថៃថាពិត។ អ្នកខ្លះចាញ់បោកគេ ដោយសារការលួងលោម ប្រាក់ខែ ប្រាក់អីអ៊ីចឹង។ តែមួយចំនួនទៀតគាត់ដឹងថាគាត់មកខុសច្បាប់តែគាត់នៅតែប្រព្រឹត្តដើម្បីចង់បានប្រាក់ខែខ្ពស់អីអ៊ីចឹង។តែបែរជាខុសបំណង ហើយរកអ្នកណាជួយមិនបានគាត់បានប្តឹងទៅទូតហើយផ្តល់ព័ត៌មានដល់សមត្ថកិច្ចថៃថា គេចាប់គាត់មកស្រុកខ្មែរ។រឿងវាអញ្ចេះ»។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែងនៅថ្ងៃពុធថាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកម្ពុជា និងថៃ ចុះពិនិត្យអគារក្នុងខេត្តព្រះសីហនុ មិនផ្តោតលើការបង្រ្កាបបទឧក្រិដ្ឋឆបោកណាមួយដែលកើតឡើងលើទឹកដីកម្ពុជាឡើយ ប៉ុន្តែមានគោលបំណងសម្របសម្រួល ដើម្បីឲ្យជនជាតិថៃ ដែលត្រូវបានរកឃើញថា មកធ្វើការនៅកម្ពុជាដោយខុសច្បាប់នោះអាចត្រឡប់ទៅប្រទេសខ្លួនវិញបាន។
លោកថ្លែងថា៖ «មិនមានពាក់ព័ន្ធនឹងករណីបង្រ្កាបជនឆបោកណា ទេ។ ហើយករណីដែលយើងធ្វើកិច្ចសហប្រតិបត្តិការ ជនជាតិថៃ ដែលគាត់ចូលមកធ្វើការដោយខុសច្បាប់ ហើយគាត់ថា មានការស្ម័គ្រចិត្តចង់ទៅ វិលទៅប្រទេសវិញ គឺយើងបានសហការជាមួយនគរបាលថៃដើម្បីបញ្ជូនទៅភ្នំពេញ ឬយកទៅថៃ»។
វីអូអេមិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតថៃប្រចាំកម្ពុជានៅឡើយទេនៅថ្ងៃពុធនេះ។
ចំណែកព័ត៌មាននៅលើគេហទំព័ររបស់នគរបាលថៃដែលផ្សព្វផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថាមានការសហការគ្នារវាងនគរបាលថៃនិងកម្ពុជា ដើម្បីជួយជនជាតិថៃមួយចំនួន ដែលត្រូវបានមេខ្យល់បោកបញ្ឆោត និងបង្ខំឲ្យធ្វើការឲ្យក្រុមឆបោកតាមប្រព័ន្ធទូរសព្ទនៅខេត្តព្រះសីហនុ និងក្រុងភ្នំពេញ។ ព័ត៌មានខាងលើអះអាងថាក្នុង ប្រតិបត្តិការប៉ូលិសកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសាប៉ូលិសថៃបានចុះពិនិត្យអគារកម្ពស់១០ជាន់មួយ ក្នុងសង្កាត់៤ ខេត្តព្រះសីហនុ។ ហើយរបាយការណ៍ប៉ូលិសថៃបានលើកឡើងថា ជនជាតិថៃចំនួន២៤នាក់ ត្រូវបានជួយសង្រ្គោះនៅក្នុងប្រតិបត្តិការនោះ។បើតាមគេហទំព័រនោះមានករណីចុះត្រួតពិនិត្យអគារចំនួនពីរនៅតំបន់កណ្តាលក្រុងភ្នំពេញផងដែរ ប៉ុន្តែប៉ូលិសបានអះអាងថា ក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធទូរសព្ទបានរត់គេចខ្លួនអស់ មុនពេលអាជ្ញាធរបានទៅដល់ ដោយបន្សល់ទុកតុ កៅអី និងឯកសារមួយចំនួនប៉ុណ្ណោះ។
បើតាមគេហទំព័រ នោះ នគរបាលថៃបានប៉ាន់ប្រមាណថាមានជនជាតិថៃប្រមាណ១.៥០០នាក់ កំពុងជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកនានានៅកម្ពុជា ដែលមានប្រភពនៅតាមសណ្ឋាគារ អគារស្នាក់នៅ ឬអគារបោះបង់ចោលផ្សេងៗ។
គួរបញ្ជាក់ថា កាលពីកន្លងទៅមានសេចក្តីរាយការណ៍ថាកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ឬគេហៅថា Scam ដោយប្រើប្រាស់កម្លាំងបរទេស ក្នុងនោះមានជនជាតិថៃ និងចិន ធ្វើការនៅតាមអគារក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឲ្យមានសេរីភាព ការធ្វើទារុណកម្មការជំរិតទារប្រាក់ជាដើម។ អង្គការសង្គមស៊ីវិលធ្លាប់បានបង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងការបង្ខាំងមនុស្សប្រើប្រាស់ក្នុងការងារដែលជាញឹកញាប់ទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២២។ ពួកគេស្នើឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតឱ្យបានពេញលេញទៅលើករណីនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត បាននិយាយថាប្រសិនបើមានករណីនាំខ្លួនដោយមេខ្យល់ចូលមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ពិតមែននោះ នោះការឃាត់ខ្លួនជនជាតិថៃក្នុងករណីខាងលើ នេះគឺជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជួញដូរមនុស្សឆ្លងដែន។ហើយលោកបានស្នើឲ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់លើជនពាក់ព័ន្ធទាំងអស់។
លោកថ្លែងថា៖ «ករណីនេះវាអាចពាក់ព័ន្ធជាមួយជនជាតិថៃដូចជាអ្នកពាក់ព័ន្ធខ្លះដែលជាកម្ពុជាយើង... ជនរបស់កម្ពុជា។ អ៊ីចឹងកិច្ចសហការនេះធ្វើយ៉ាងម៉េចត្រូវតែបង្រ្កាប ឬក៏តាមចាប់ ទៅដល់អ្នកដែលចរាចរមនុស្ស ឬក៏ធ្វើការជួញដូរមនុស្សហ្នឹងណា៎»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង និយាយថា បទឧក្រិដ្ឋជួញដូរមនុស្សក្រោមសណ្ឋានជាការនាំជនបរទេសមកជួញដូរនៅកម្ពុជា គឺជាបញ្ហាចោទថ្មីមួយ គួបផ្សំលើការជួញដូរមនុស្សក្រោមរូបភាពដទៃផ្សេងទៀត។អ្នកស្រីបន្ថែមថា ករណីចាប់បង្ខាំង ឬបង្ខំឲ្យធ្វើការពាក់ព័ន្ធនឹងជនបរទេសនៅកម្ពុជាជារឿងស្មុគស្មាញមួយ ពាក់ព័ន្ធនឹងមេខ្យល់ និងជនរងគ្រោះ។
អ្នកស្រីថ្លែងថា៖ «នៅក្នុងករណីចាប់បង្ខាំងហ្នឹងវាពិបាកយល់ដែរព្រោះនៅពេលខ្លះ យើងរកឃើញថាមិនមានជាការចាប់បង្ខាំងដោយគាត់គ្មានសេរីភាពចេញទៅណាសោះទេ។ ប៉ុន្តែរឿងសំខាន់គឺ គាត់មិនបានទទួលលទ្ធផលតាមអ្វីដែលគាត់រំពឹងទុក។ វាមិនខុសអ្វីពីជនជាតិកម្ពុជាដែលទៅក្រៅទេ គឺដូចគ្នា។មានន័យថានៅពេលមានបញ្ហា គឺពួកគាត់នេះ ច្រើនតែជាអ្នកមិនទទួលបានផលប្រយោជន៍ តាមការសន្យារបស់មេខ្យល់»។
បើតាមអ្នកស្រី ជូ ប៊ុនអេង អាជ្ញាធរកម្ពុជាបានបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្សបាន៣៥៩ ករណីនៅឆ្នាំ២០២១ ដែលជាកំណើនជាងពីរដងពីចំនួន១៥៥ករណីនៅឆ្នាំ២០២០៕