នាយក​រដ្ឋមន្រ្តី​ថៃ​ប្រកាស​មិន​ឲ្យ​​លោក សម រង្ស៊ី ​ឆ្លង​កាត់​ថៃ​ដើម្បី​ចូល​កម្ពុជា​នោះ​ទេ ​​​​​​​

លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ និង​លោក​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា (ស្តាំ)។

ខណៈដែលអាជ្ញាធរ​កម្ពុជា​​បន្ត​រឹត​បន្តឹង​សន្តិសុខ​ ស្របពេល​ដែល​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ កាន់តែ​គៀក​ចូល​មក​ដល់ លោក សម រង្ស៊ី ក៏​បាន​​ស្នើ​​​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ថៃ​ ប្រាយុទ្ធ ចាន់អូចា សុំ​​អនុញ្ញាត​​​ឆ្លង​កាត់​​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព​ ដើម្បី​ធ្វើ​ដំណើរ​មកកម្ពុជា។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្សី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​កម្ពុជា​ប្រើប្រាស់​ប្រទេស​ថៃ​ជា​ទីកន្លែង​សម្រាប់​សកម្ម​តវ៉ា​ប្រឆាំង​ណាមួយនោះ​ទេ។

លោក​ ប្រាយុទ្ធ ថ្លែងបែប​នេះ មួយថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពី​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែលប្រកាស​ត្រៀម​ចូល​កម្ពុជា​វិញ បាន​បង្ហោះ​ជា​សាធារណៈ​នូវ​លិខិត​ដែល​លោក​ស្នើ​ទៅ​លោក ប្រាយុទ្ធ ​សុំអនុញ្ញាតឆ្លងកាត់ប្រទេស​ថៃ​ដោយ​សុវត្ថិភាព​ ដើម្បី​ធ្វើ​ដំណើរ​មក​កម្ពុជា​ នៅ​ថ្ងៃ​សៅរ៍​នេះ។

នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា​ បាន​ប្រា​ប់អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​នៅ​ប្រទេស​ថៃ​ថា៖ «យោង​តាម​ការប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​អាស៊ាន យើង​នឹង​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ហើយ​យើង​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យមាន​មនុស្ស​ប្រឆាំង​រដ្ឋាភិបាល​ប្រើប្រាស់​ប្រទេស​ថៃ​ដើម្បី​ធ្វើ​សកម្មភាព​ណាមួយ​ដែរ»។ នេះ​បើ​យោង​តាម​សារព័ត៌មាន​រ៉យទ័រ​ ស្រង់​សម្តី​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ ប្រាយុទ្ធ បន្ថែម​ថា៖ «ខ្ញុំ​បាន​បញ្ជា​យ៉ាង​ដូច្នេះ អញ្ចឹង​ប្រហែល​គាត់​មិន​អាច​ចូល [ថៃ] ទេ»។

លោក សម រង្ស៊ី បាន​ប្រកាស​កាលពី​ខែ​សីហា​ថា លោក​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ទម្លាក់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​កំពុងកាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​នោះ​ ឲ្យចេញ​ពី​ដំណែង។ លោក​បាន​អំពាវ​នាវ​ឲ្យ​ពលករ​ដែល​កំពុង​ធ្វើការ​ក្រៅ​ប្រទេស និង​អ្នក​គាំទ្រ​លោក ​ប្រមូល​ផ្តុំ​គ្នា និង​អម​ដំណើរ​លោក​ត្រឡប់​មក​វិញ។

បើតាម​លិខិត​ដែល​លោក សម រង្ស៊ី បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ ​បង្ហាញ​ថា លោក​បាន​សរសេរ​លិខិត​ទៅ​កាន់​លោក ប្រាយុទ្ធ ចាន់អូចា កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ដោយ​ស្នើ​ឲ្យ​នាយករដ្ឋមន្រ្តី​ថៃ​រូប​នេះ អនុញ្ញាត​ឲ្យ​លោក ​បាន​ឆ្លង​កាត់​ប្រទេស​ថៃ ដើម្បី​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត តាម​រយៈ​ជើង​យន្តហោះ​ TG931 របស់​ក្រុមហ៊ុន​ Thai Airways។

លោក​បន្ថែម​នៅ​ក្នុង​លិខិត​នោះ​ថា លោក​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​សន្តិភាព ហើយ​ការវិល​ត្រឡប់​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​មានការ​រួបរួម​ផ្នែក​នយោបាយ និង​ការ​រីក​ចម្រើនសម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់។

លោក សម រង្ស៊ី និរទេស​ខ្លួន​ចាកចេញ​ពី​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៥​មក បន្ទាប់​ពី​លោក​ទទួល​រងការ​ចោទ​ប្រកាន់​ និង​កាត់ទោស​ជាច្រើន​ករណី។

VOA បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សម រង្ស៊ី តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពង្រាយ​កង​កម្លាំង​នៅ​ទូទាំង​ប្រទេស ​ដើម្បីទប់​ស្កាត់​មិន​ឲ្យ​ក្រុម​របស់​លោក សម រង្ស៊ី ចូល​មក​កម្ពុជា​ ព្រមទាំង​មាន​បិទ​ប្រកាស​តាម​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ជាច្រើន​រូប​នៅ​តាម​ខេត្ត​ជាប់​ព្រំ​ប្រទល់កម្ពុជា-​ថៃ​ផង​ដែរ។

នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​ភាគ​ខាង​លិច ​ជាប់​ព្រំ​ប្រទល់​ប្រទេស​កម្ពុជា-ថៃ រដ្ឋាភិបាល​បិទ​ផ្សាយ​ការ​ប្រកាស​តាម​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិប្រមាណ​ជា​២០​នាក់ ដែល​មាន​លោក​ សម ​រង្ស៊ី អ្នកស្រី មូរ សុខហួរ និង​លោក អេង​ ឆៃអ៊ាង​ជាដើម។ ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ក៏បាន​បញ្ជា​មិន​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំងអស់​ដឹក​លោក សម រង្ស៊ី និង​សហការី​របស់​លោក​ចូល​មក​កម្ពុជា​ជា​ដាច់ខាត។​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​អះអាង​ថា ការ​ទប់​ស្កាត់​មិន​ឲ្យ​លោក សម រង្ស៊ី ​និង​ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ចូល​ប្រទេស​កម្ពុជា​គឺ​ដើម្បីការពារ​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង។

«ព្រោះ​គាត់ [សម រង្ស៊ី] យក​កម្លាំង​ពលរដ្ឋ​មក​ការពារ​គាត់ គាត់​យក​អាយុ​ជីវិត​របស់​មនុស្សដែល​គ្នា​មិន​ដឹង​ខ្យល់​អី យក​មក​ដើម្បី​ជួយ។ កន្លែង​ហ្នឹង​ដែល​យើង​ប្រយ័ត្ន​ប្រយ៉ែង។ ព្រោះ​អ្នក​ទាំង​អស់​ហ្នឹង​ថ្វី​ត្បិត​តែ​គាត់​មាន​សកម្មភាព​អីមែន​ប៉ុន្តែ​គាត់​គ្មាន​ទោស​ពៃរ៍​អីទេ គ្នាម​ទទួល​ដីកា​អីទេ។ យើង​ចង់​បាន​តែ​ប៉ុន្មាន​នាក់​តាម​តែ​ដីកា​របស់​តុលាការ​ហ្នឹង​ឯង ដើម្បី​ប្រឈម​ចំពោះ​មុខ​ច្បាប់»។

រូបឯកសារ៖ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)

លោក​ ខៀវ សុភ័គ បន្ថែម​ថា៖ «កន្លង​មក​ដូច​២០១៣​អញ្ចឹង រយៈពេលមួយ​ឆ្នាំ​យើង​អត់​មាន​អស់​អាយុជីវិត​អី​មួយ​ទេ ទើបចុង​ក្រោយ ​ដោយសារ​តែ​សភាព​ការណ៍​វា​ឡើង​រហូត​ដល់​កើត​ជា​កុប្បកម្ម​ទៅ​ហើយ ដល់​កើត​ជា​កុប្បកម្ម​ហើយ​អាហ្នឹង​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ អាហ្នឹង​អាចប្រើប្រាស់ [ហិង្សា] ​ខ្លះ​ហើយ មាន​ប៉ះ​ទង្គិច​ខ្លះ ប៉ុន្តែ​អ្វី​ទាំង​អស់ គឺ​ត្រូវ​អត់​ធ្មត់​ឲ្យ​បាន​ជា​អតិបរមា​មុន​នឹង​ផ្ទុះ​អាវុធ ឬ​ក៏​មុន​នឹង​ប្រើប្រាស់​អំពើ​ហិង្សា»។

​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លិខិត​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ស្នើ​កុំ​អនុញ្ញាត​ឲ្យ​លោក​ សម​ រង្ស៊ី​និង​បក្ខពួក​ឆ្លងកាត់​ប្រទេស​ទាំង​នោះ ដើម្បី​ចូល​មក​កម្ពុជា។

កាល​ពី​ពីរសប្ដាហ៍​មុន ប៉ូលីស​អន្តោប្រវេសន៍​ថៃ​បាន​ចាប់​បញ្ជូន​ខ្លួន​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​បាងកក ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​វិញ បន្ទាប់ពី​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ម៉ាឡេស៊ី ។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


អ្នកស្រី មូរ សុខហួរ គឺ​ជា​សហការី​ម្នាក់​ក្នុង​ចំណោម​សហការី​ដទៃ​ទៀត​ ដែល​គ្រោង​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ចូលមកប្រទេស​កម្ពុជា​វិញ។

បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ពុធនេះ អ្នកស្រី​កំពុង​ស្ថិត​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី។ ​

នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​អ្នកស្រី មូរ សុខហួរ បញ្ជូន​មក​កម្ពុជា​វិញ។​

VOA បាន​ព្យាយាម​ទាក់ទងសុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​និង​អ្នកស្រី មូរ សុខហួរ ប៉ុន្តែ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ៕