នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូឆា (Prayuth Chan-ocha) បានលើកយកប្រទេសចិនធ្វើជាគំរូល្អមួយផ្នែកការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសុន្ទរកថាបញ្ចប់ឆ្នាំមួយដែលថ្លែងទៅកាន់ក្រុមមន្រ្តីរាជរដ្ឋាភិបាល៧ខែបន្ទាប់ពីលោកបានទទួលបានអំណាចតាមរយៈរដ្ឋប្រហារយោធាមួយ។
លោក ប្រាយុទ្ធ ដែលជាអតីតមេបញ្ជាការកងទ័ពដែលបានដឹកនាំរដ្ឋប្រហារនោះ និយាយថា «ឈប់ឈ្លោះគ្នាទៅលើរឿងអត់ប្រយោជន៍ទៅ» ហើយសម្លឹងមើលទៅប្រទេសមហាអំណាចចិនជាគំរូ។
សុន្ទរកថារបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ធ្វើឡើងបន្ទាប់ពីទស្សនៈកិច្ចថ្នាក់ប្រមុខរដ្ឋរយៈពេល២ថ្ងៃមួយទៅកាន់ប្រទេសចិន ដែលទស្សនៈកិច្ចនោះមានគោលបំណងបង្កើតទំនាក់ទំនងឲ្យកាន់ជិតស្និទ្ធជាងនេះជាមួយរដ្ឋាភិបាលក្រុងប៉េកាំងបន្ទាប់ពីមានភាពរកាំរកូសក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ប្រទេសលោកខាងលិចមួយចំនួនបានដាក់ទណ្ណកម្ម ហើយបន្ថយទំនាក់ទំនងជាមួយប្រទេសថៃជាការឆ្លើយតបទៅនឹងរដ្ឋប្រហារនោះ។ កាលពីអាទិត្យមុន រដ្ឋាភិបាលលោក ប្រាយុទ្ធ បានប្រើប្រាស់កិច្ចប្រជុំកំពូលក្នុងតំបន់មួយនៅក្នុងក្រុងបាងកក ធ្វើជាភស្តតាងទៅលើអ្វីដែលខ្លួនហៅថាការផ្តល់ទំនុកចិត្តសារជាថ្មីពីសហគមន៍អន្តរជាតិទៅលើប្រទេសថៃ។
លោក ប្រាយុទ្ធ និយាយថា «ខ្ញុំបាននិយាយទៅប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ហើយគាត់បានប្រាប់ខ្ញុំថាកាលពី៦០ឆ្នាំមុនប្រទេសរបស់គាត់គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក។ នៅក្នុងរយៈពេល៣០ឆ្នាំ គេអាចធ្វើឲ្យប្រទេសគេក្លាយទៅជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ចក្នុងពិភពលោក។ ប៉ុន្តែ យើងនៅតែប្រកែកគ្នាទៅលើរឿងអត់ប្រយោជន៍»។
កងទ័ពបានកាន់កាប់ប្រទេសថៃតាមរយៈអ្វីដែលខ្លួនហៅថាជាការប៉ុនប៉ងដើម្បីឲ្យមានភាពស្ងប់ស្ងាត់បន្ទាប់ពីមានវិបត្តិអស់រយៈពេលជាង៦ខែ ដែលបានបណ្តាលឲ្យមានមនុស្សសា្លប់ជិត៣០នាក់។
ក្នុងចំណោមការងារជាច្រើនដែលលោក ប្រាយុទ្ធ ជួបប្រទះនៅក្នុងឆ្នាំ២០១៥ គឺជារបៀបក្នុងការស្តារវិបត្តិសេដ្ឋកិច្ច និងការធ្វើវិសោធនកម្មច្បាប់ដែលមានគោលបំណងការពារមិនឲ្យមានការវិលត្រឡប់របស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ( Thaksin Shinawatra) ដែលត្រូវបានគេបណ្តេញចេញតំណែង និងសម្ព័ន្ធមិត្តរបស់លោក។
លោក ថាក់ស៊ីន ដែលជាអតីតមហាសេដ្ឋីផ្នែកទូរគមនាគមន៍ ត្រូវបានគេបណ្តេញពីតំណែងក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ហើយកំពុងប្រឈមជាមួយការជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទអំពើពុករលួយ។ ប្រទេសថៃត្រូវបានពុះជ្រែកអស់រយៈពេល១ទស្សវត្សរ៍រវាងអ្នកគាំទ្រលោក ថាក់ស៊ីន និងយោធារបស់ព្រះមហាក្សត្រដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកក ហើយក្រុមយោធានោះបានចាត់ទុកលោក ថាក់ស៊ីន ជាការគំរាមកំហែងមួយ។
ទោះជាមានការវិលត្រឡប់ទៅរកសភាពដើមវិញក៏ដោយ ក៏សេដ្ឋកិច្ចរបស់ថៃដែលជាសេដ្ឋកិច្ចធំលំដាប់ទី២នៅក្នុងអាស៊ីអាគ្នេយ៍ឋិតនៅនឹងមិនទៅមុខ។
សេដ្ឋកិច្ចមានការងើបឡើងត្រឹមតែ០.២ភាគរយប៉ុណ្ណោះសម្រាប់រយៈពេល៩ខែដំបូងសម្រាប់ឆ្នាំនេះ។ ធានាគារកណ្តាលបានកាត់បន្ថយការព្យាករណ៍អត្រាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ និង២០១៥។
ប្រទេសថៃនៅតែស្ថិតនៅក្រោមច្បាប់អាជ្ញាសឹកបន្ទាប់ពីរដ្ឋប្រហារនោះ ដែលជាអ្វីមួយដែលបានរុញច្រានអ្នកទេសចរណ៍ឲ្យឋិតនៅឆ្ងាយពីប្រទេសថៃ និងធ្វើឲ្យបាត់បង់ថវិកាទេសចរណ៍ដែលមានប្រមាណ១០ភាគរយនៃសេដ្ឋកិច្ចជាតិ។
នាដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាត់ទុកការពន្យារពេលការបោះឆ្នោតជាសកលនៅប្រទេសថៃដែលនឹងធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៦ ជាទង្វើមិនត្រឹមត្រូវ និងមិនសមហេតុផល៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ