តុលាការនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ២៧ ខែឧសភាកន្លងទៅនេះបានកាត់ទោសសមាជិករដ្ឋសភាថៃអ្នកស្រី Chonthicha Jangrew នៃគណបក្ស Move Forward ដែលជាគណបក្សប្រឆាំង ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ក្រោយពីរកឃើញថាអ្នកស្រីបានបរិហារកេរ្តិ៍ព្រះមហាក្សត្រថៃនៅក្នុងសុន្ទរកថាមួយដែលអ្នកស្រីបានថ្លែងក្នុងអំឡុងពេលនៃការតវ៉ាកាលពី ៣ ឆ្នាំមុន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកស្រី Chonthicha ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រជាច្រើននៅពេលដែលអ្នកស្រីបានមកដល់សាលាដំបូង Thanyaburi ក្នុងខេត្ត Pathum Thani នៅភាគខាងជើងរាជធានីបាងកកជាមួយសហការីមួយចំនួននៃគណបក្សរបស់អ្នកស្រី។ អ្នកស្រី Chonthicha ដែលគេនិយមហៅឈ្មោះក្រៅថា Lookkate គឺជាតំណាងរាស្ត្រក្នុងមណ្ឌល Pathum Thani។
ការចោទប្រកាន់លើអ្នកស្រីនេះបានធ្វើឡើង បន្ទាប់ពីអ្នកស្រីបានថ្លែងសុន្ទរកថាកាលពីឆ្នាំ ២០២១ ដោយទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ក្នុងអំឡុងការជួបជុំតវ៉ាមួយនៅខាងមុខតុលាការដែលកាត់ទោសអ្នកស្រីនេះ។
អ្នកស្រីត្រូវបានរកឃើញថាមានកំហុសនៅក្នុងផ្នែកខ្លះនៃសុន្ទរកថារបស់អ្នកស្រីពាក់ព័ន្ធនឹងរបៀបដែលរដ្ឋាភិបាលថៃនៅពេលនោះដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានធ្វើវិសោធនកម្មច្បាប់ដោយផ្តល់អំណាចបន្ថែមទៀតដល់ព្រះមហាក្សត្រ Vajiralongkorn ក្នុងការគ្រប់គ្រងលើព្រះរាជទ្រព្យរបស់ព្រះបរមរាជវាំង។ ព្រះរាជទ្រព្យរបស់ព្រះបរមរាជវាំងថៃត្រូវបានគ្រប់គ្រងដោយការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រ។
ចៅក្រមបាននិយាយថា ការថ្លែងរបស់អ្នកស្រីអាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំថា ព្រះមហាក្សត្រ Vajiralongkorn អាចប្រើថវិកាដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋថៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើឥទ្ធិពលរបស់ព្រះអង្គដើម្បីជ្រៀតជ្រែកចូលក្នុងនយោបាយដែលអាចធ្វើឱ្យប៉ះពាល់ដល់ព្រះកិតិ្តនាមរបស់ព្រះអង្គ។
កាលពីដំបូង ចៅក្រមបានកាត់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ប៉ុន្តែបានកាត់បន្ថយមកនៅត្រឹម ២ ឆ្នាំវិញ ដោយសារអ្នកស្រីបានសហការល្អនៅក្នុងសវនាការនេះ។ ច្បាប់ស្តីពីការបរិហារកេរ្តិ៍ ព្រះមហាក្សត្របានកំណត់ថាអ្នកប្រព្រឹត្តិខុសអាចមានទោសជាប់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំ។ ជាទូទៅ ច្បាប់នេះគឺសំដៅលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ។
ក្រោយមក អ្នកស្រី Chonthicha ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយដាក់ប្រាក់ធានាចំនួន ៤.១០០ ដុល្លារអាមេរិក។ ប្រសិនបើអ្នកស្រីមិនត្រូវបានដោះលែងឱ្យនៅក្រៅឃុំនិងត្រូវបានគេបញ្ជូនទៅកាន់ពន្ធនាគារ នោះអ្នកស្រីនឹងត្រូវបានគេដកចេញពីតំណែងជាតំណាងរាស្ត្រភ្លាមៗជាមិនខាន។
អ្នកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីមិនមានការភ្ញាក់ផ្អើលអំពីសាលក្រមនេះទេ ដោយសារបទចោទប្រកាន់ភាគច្រើននៅក្រោមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌនេះនឹងឈានដល់ការផ្ដន្ទាទោស។
អ្នកស្រីបាននិយាយថា អ្នកស្រីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។ អ្នកស្រីបានបន្ថែមថា អ្នកស្រីសប្បាយចិត្តដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែអ្នកស្រីចង់ឃើញអ្នកទោសនយោបាយផ្សេងទៀតទទួលបានសិទ្ធិដូចគ្នានេះដែរ។
អ្នកស្រី Chonthicha និងចុងចោទ ៩ នាក់ទៀតនៅក្នុងសំណុំរឿងនេះត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសផ្សេងទៀត ដូចជាការជួបជុំខុសច្បាប់និងការបំពានលើក្រឹត្យគ្រាអាសន្នដែលត្រូវបានអនុម័តក្នុងអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩។ អ្នកទាំង ១០ នាក់នេះត្រូវបានឱ្យរួចខ្លួនពីបទចោទប្រកាន់ទាំងនេះ។ អ្នកស្រី Chonthicha គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានចោទពីបទបំពានច្បាប់ប្រមាថព្រះមហាក្សត្រ។
មុនពេលក្លាយជាអ្នកនយោបាយ អ្នកស្រី Chonthicha គឺជាសកម្មជនតាំងពីនៅជានិស្សិតមហាវិទ្យាល័យម្ល៉េះ។ អ្នកស្រីបានក្លាយជាមនុស្សដែលសាធារណជនចាប់អារម្មណ៍នៅក្នុងចលនាដែលដឹកនាំដោយយុវជន ដោយសារអ្នកស្រីហ៊ានប្រឈមមុខជាមួយប៉ូលិសក្នុងអំឡុងពេលតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវដែលទាមទារឱ្យមានការកែទម្រង់តាមបែបប្រជាធិបតេយ្យនូវស្ថាប័នមានអំណាចជាច្រើនដូចជាស្ថាប័នព្រះមហាក្សត្រជាដើម។
អ្នកស្រី Chonthicha អាយុ ៣១ ឆ្នាំ បានឈ្នះអាសនៈរដ្ឋសភានៅក្នុងការបោះឆ្នោតថា្នក់ជាតិកាលពីឆ្នាំ ២០២៣ ដែលនេះគឺជាផ្នែកមួយនៃជ័យជម្នះដ៏ភ្ញាក់ផ្អើលរបស់គណបក្ស Move Forward ដែលបានធ្វើឱ្យរញ្ជួយដល់នយោបាយថៃ។
ទោះជាយ៉ាងនេះក្តី គណបក្សនេះមិនអាចបង្កើតរដ្ឋាភិបាលបានទេបន្ទាប់ពីមានការប្រឆាំងពីកម្លាំងអភិរក្សនិយមដ៏មានឥទ្ធិពល ដោយសារតែសមាជិកព្រឹទ្ធសភាថៃបានបដិសេធមិនយល់ព្រមឱ្យមេដឹកនាំគណបក្សនេះធ្វើជានាយករដ្ឋមន្ត្រី៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ