កាលពីថ្ងៃចន្ទ ប្រទេសតួកគីបានជំរុញឲ្យសហរដ្ឋអាមេរិកដកចេញនូវការផ្អាកជាបណ្តោះអាសន្នក្នុងការផ្តល់ទិដ្ឋការមិនមែនអន្តោប្រវេសន៍ដល់ពលរដ្ឋតួកគី។
ភាពតានតឹងរវាងតួកគីនិងសហរដ្ឋអាមេរិកនៅតែបន្តឡើងកម្តៅ។ ប៉ុន្មានម៉ោងក្រោយមក រដ្ឋាភិបាលក្រុងអង់ការ៉ា បានសងសឹកវិញ ដោយហាមមិនឲ្យផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិកាំងភាគច្រើន។ ការសងសឹកគ្នាទៅវិញទៅមកនេះ បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុរបស់តួកគី ខណៈដែលការភ័យខ្លាចបានកើនឡើង។
លោក Cengiz Aktar អ្នកវិទ្យាសាស្ត្រនយោបាយ បានព្រមានថា «មិនដែលធ្លាប់មានរឿងដូច្នេះកើតឡើងរវាងប្រទេសទាំងពីរនោះទេ សូម្បីតែក្នុងពេលវេលាដ៏អាក្រក់បំផុតក៏មិនធ្លាប់មានដែរ។ ករណីនេះពិតជាធ្ងន់ធ្ងរណាស់»។
ជម្លោះនេះបានផ្ទុះឡើងកាលពីសប្តាហ៍មុន នៅពេលដែលតួកគីចាប់ខ្លួនលោក Metin Topuz ពីបទចោទអំពើភេរវកម្ម។ លោក Topuz ជាជនជាតិតួកគី និងបម្រើការជាបុគ្គលិកនៅស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ រដ្ឋអាជ្ញាតួកគីបានចោទប្រកាន់លោក Topuz ថាមានជាប់ពាក់ព័ន្ធនឹងអ្នកគាំទ្រលោកអាចារ្យ Fethullah Gulen។ លោក Gulen កំពុងស្ថិតនៅអាមេរិក និងជាអ្នកដែលត្រូវបានគេចោទប្រកាន់ថាជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំមុន។
ក្រសួងការបរទេសតួកគី កាលពីថ្ងៃចន្ទ បានកោះហៅអនុប្រធានបេសកកម្មអាមេរិក ហើយយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្រសួងការបរទេសតួកគីបានទាមទារឲ្យបញ្ឈប់ជាបន្ទាន់នូវការដាក់កំហិតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទៅលើការផ្តល់ទិដ្ឋាការដល់ពលរដ្ឋតួកគី៕