ភាពតានតឹង​នៅ​ចិន​និង​បរទេសគ្របដណ្តប់បុណ្យជាតិ​នៅ​ពេល​ខាង​មុខ​នៅចិន

រូបឯកសារ៖ កម្មករព្យួរទង់ជាតិចិននៅលើផ្លូវនៅពេលមុន​ពេលការប្រារព្ធខួបលើកទី ៧០​ នៃ​ការបង្កើតសាធារណរដ្ឋប្រជាមានិត នៅខេត្ត Yunnan កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

ក្បួន​ព្យុហយាត្រា​យោធា​​ក្នុង​ទំហំ​ដ៏​ធំបង្អស់​មួយនឹង​​បញ្ជូន​សារ​នយោបាយ​ដ៏​លាន់ខ្ទរ​មួយ។ នេះ​តាម​លោក Willy Lam អ្នក​វិភាគ​នយោបាយ​ចិន។

ប្រទេស​ចិនទំនង​បង្ហាញ​អាវុធ​ជឿនលឿន​ដែល​ផលិត​ក្នុង​ប្រទេស​ជាការ​បង្ហាញ​កម្លាំង​ក្នុង​អំឡុង​ក្បួន​ព្យុហយាត្រា​យោធា​ជាតិ។ ចិនមាន​គម្រោង​រៀបចំ​ពិធី​ដ៏អស្ចារ្សមួយ រួមមាន ក្បួនព្យុហយាត្រា​យោ​ធា​ដែល​មិន​ធ្លាប់​មាន​កាល​ពីពេល​មុន​ដើម្បី​ប្រារព្ធខួប​លើក​ទី៧០ឆ្នាំ​នៃការ​បង្កើត​គណបក្ស​កុម្មុយនិស្ត​នៅ​ថ្ងៃ​ទី១ ខែ​តុលា។

ខណៈ​ដែល​បណ្តាញ​ព័ត៌មាន​រដ្ឋប្រាប់​ឲ្យ​ដឹង​ជាមុន​ពីការ​បង្ហាញ​លើកដំបូង​នូវ​អាវុធ​ទំនើប​ធ្វើ​នៅ​ក្នុង​ប្រទេសដែល​ជាការ​បង្ហាញ​កម្លាំង​នៅ​ថ្ងៃបុណ្យ​ជាតិ​ខាង​មុខ ​នោះពួក​អ្នក​វិភាគព្រមាន​ថា រដ្ឋបាល​ដែល​កំពុងកាន់​អំណាច​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធានា​ធិបតី ​ស៊ី ​ជីនពីង ​កំពុង​ប្រឈម​បញ្ហានៅពេល​ខាង​មុខ នៅពេល​ដែល​ការ​ទោមនស្ស​កាន់​តែ​កើនឡើង​នៅ​ក្នុង​ប្រទេស សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ​និង​ភាព​ចលាចល​ខាង​នយោបាយ​ក្នុង​ក្រុង​ហុងកុង។

ក្បួន​ព្យុហយាត្រា​យោធាក្នុង​ទំហំ​ដ៏​ធំបង្អស់​មួយនឹងបញ្ជូន​សារ​នយោបាយ​ដ៏​លាន់ខ្ទរ​មួយ។ នេះ​តាម​លោក Willy Lam អ្នក​វិភាគ​នយោបាយ​ចិន។

លោក Lam បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ក្បួន​ព្យុហយាត្រា​នេះ​មាន​សារៈ​សំ​ខាន់​បំផុត​សម្រាប់​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ដែល​មិនមានភាព​ស្រប​ច្បាប់​ក្នុង​ការ​បោះឆ្នោត។ ការបង្ហាញ​ថា ​ចិន​ឥឡូវ​នេះជិតក្លាយ​ជា​មហា​អំណាច​ផុតលេខ​នោះ​ប្រធា នា​ធិបតី​ ស៊ី ​ជីនពីង ​កំពុងប្រាប់​ពលរដ្ឋ​ចិន​ទាំង​អស់​ថា ពួកគេ​ត្រូវតែ​មាន​មោទនភាព​អំពី​សមិទ្ធផល​របស់​ចិន​ ហើយ​ពួកគេមិន​ត្រូវស្នើសុំ​គណបក្ស​នូវតម្លៃ​និង​ច្បាប់​ប្រទេស​លោក​ខាង​លិច​ដូចជា​ សេរីភាព​នៃ​ការ​និយាយ​ស្តី នីតិរដ្ឋ​នោះ​ទេ»។ល។

អ្នក​ជំនាញដែល​ធ្វើការក្នុង​ទីក្រុង​ហុងកុង​រូប​នេះនិយាយ​ថា ម៉្យាងទៀត ​ប្រ​ធានា​ធិបតី​ស៊ីចង់​ឲ្យ​ពលរដ្ឋ​ចិន​ទាំង​អស់​បន្តធ្វើ​ទៅតាម​ការ​គ្រប់​គ្រង​របស់​គណ​បក្ស​លោក​ហើយគោរព​លោក​ជាមេដឹកនាំ​ជា​រៀងរហូត​របស់​បក្ស។

កាសែត Global Times របស់​រដ្ឋ​ចិនបាន​រាយការណ៍​ថា «ក្បួន​ព្យុហយាត្រា​នេះ ​នឹង​បង្ហាញ​ពី​កម្លាំង​យោធា​របស់​ចិន​ហើយ​នឹង​ប្រាប់​ពលរដ្ឋ​ចិន​ថា ​ចិន​មាន​សមត្ថ​ភាព​ការពារ​អធិបតេយ្យ​ភាពនិង​បូរណភាព​ដែន​ដីរបស់​ខ្លួន​ហើយ​ប្រទេស​ណា​មួយ​ដែល​ប៉ុនប៉ងបង្កហេតុ​ជាមួយ​ចិន​និង​គំរាម​កំហែងបូរណភាព​ទឹក​ដី​របស់​ចិនត្រូវ​តែ​គិត​ទ្វេ​ដង»។

កាសែត​នោះបាន​រាយការណ៍​បន្ត​ទៀត​ថា ​ចិននឹង​ទំនង​បង្ហាញ​នូវ​កាំជ្រួច​បាល់លី​ស្ទិក​អន្តរទ្វីប​ជំនាន់​ទី៤​របស់​ខ្លួន​ឈ្មោះ Dongfeng-41 ដែល​កាសែត​នោះប្រាប់​ឲ្យ​ដឹង​ថា មាន​កម្រិត​ដូចគ្នានឹង​អាវុធ​នុយក្លែអ៊ែ​រជំនាន់​ទី៧ ​ដែល​ត្រូវ​បាន​ផលិតឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី ហើយ​បាន​ចាត់ទុក​ជា​ភស្តតាង​ថា គម្លាតរ​វាង​យោធាចិន​និង​សហរដ្ឋ​អាមេរិក ​កំពុង​កាន់​តែ​រួម​តូចទៅ។

សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាននេះបាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា អាវុធ​ផ្សេង​ទៀត ​ដែល​ត្រូវ​បង្ហាញ អាច​រួមមាន​យន្តហោះ​ចំបាំង​ធុន J-20 ឧទ្ធម្ភាគ​ចក្រ​ប្រ​ភេទ Z-15 ​និង​យន្តហោះ​ដឹក​ជញ្ជូន​ធុន Y-20 រួម​ជាមួយ​កង​កម្លាំង​កាំជ្រួច​រ៉ុកកែត​របស់​ចិន។

ក្នុង​ការ​ឆ្ពោះ​ទៅកាន់​ការប្រារព្ធ​បុណ្យ​ជាតិ ការឆែកឆេរ​សន្តិសុខ​បាន​បង្កើន​នៅ​តាម​ផ្លូវ​និងនៅឯស្ថានីយ​រទេះ​ភ្លើង ​ជាពិសេស​ក្នុង​រដ្ឋ​ធានី​ប៉េកាំង ​បាន​បណ្តាល​ឲ្យ​មាន​ការ​ត្អូញត្អែរ​មក​ពី​អ្នក​ស្រុក​និង​អ្នក​ទេសចរ។

លោក Hu Xijin នាយក​បណ្ណាធិការកាសែត Global Times និយាយ​ថា ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ Internet កាន់​តែ​តឹងតែង​ឡើងបាន​ធ្វើ​ឲ្យមាន​ការលំបាកដល់​ពួក​អ្នកកាសែត​ក្នុង​ការ​ធ្វើ​ការ។

លោក Hu បាន​ចោទសួរ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​កាល​ពី​សប្តាហ៍​មុនអំពី​ការរឹត ត្បិត​ក្នុងការ​ចូល​មើល​គេហទំព័រ។

លោក Hu បាន​សរសេរ​នៅ​លើ​គេហទំព័រ Weibo ដែល​ក្រោយមក​លោក បាន​លប់​ចោល​ថា «ប្រទេស​ចិន ​មិនមានការប្រេះ​ឆា​រទេ។ខ្ញុំ សូម​ផ្តល់​នូវ​យោបល់​ថា ​សង្គម​ ត្រូវតែ​មាន​សិទ្ធិ​កាន់​តែ​ច្រើន​ឡើង​ដើម្បី​ចូលមើល​ប្រព័ន្ធ Internet ខាង​ក្រៅ​ដែល​នឹង​ផ្តល់នូវ​កម្លាំង​និង​ភាពចាស់​ទុំ​នៃ​មតិ​សាធារណៈ​ការស្រាវជ្រាវ​វិទ្យាសាស្រ្ត​និងការ​ប្រាស្រ័យ​ទាក់ទង​ក្រៅ​ប្រទេស​និង​ផល​ប្រយោជន៍​ជាតិ​របស់​ចិន»៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន