ស្របពេលដែលភាពជាប់គាំងដ៏តានតឹងខាងអាវុធនុយក្លេអ៊ែររវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបន្តរីកសាយភាយ ហានិភ័យនៃជម្លោះយោធាមានការកើនឡើង ដោយក្ដីសង្ឃឹមសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៅតែមិនមានពន្លឺអ្វីទាំងអស់។
កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បាននិយាយថា កិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលលោក Kim Jong Un ឲ្យលះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលដែលបាញ់បានចម្ងាយឆ្ងាយរបស់ខ្លួននឹងនៅតែបន្តរហូតទាល់តែដល់ពេលប្រើកម្លាំងយោធា។
ប៉ុន្តែ លោកប្រធានាធិបតី Donald Trump មិនមានសុទិដ្ឋិនិយមថានឹងមានដំណោះស្រាយបែបការទូតណាមួយកើតឡើងនោះទេ។ លោកបានហៅកិច្ចប្រឹងប្រែងរបស់លោក Tillerson ថាជា «ការខ្ជះខ្ជាយពេលវេលា» និងបានបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជាមនុស្សមិនអាចទុកចិត្តបានថានឹងគោរពទៅតាមកិច្ចព្រមព្រៀងការទូតណាមួយនោះទេ ដោយសារតែកន្លងមករបបដឹកនាំនៅក្នុងទីក្រុងព្យុងយ៉ាងបានរំលោភម្ដងហើយម្ដងទៀតទៅលើកិច្ចព្រមព្រៀងបញ្ឈប់អាវុធនុយក្លេអ៊ែរកាលពីអតីតកាល។
គោលជំហរតឹងតែងរបស់រដ្ឋបាលលោក Trump ក្នុងការទាមទារឲ្យកូរ៉េខាងជើងបញ្ឈប់ជាឯកតោភាគីនូវការផលិតគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពអាចហោះដល់ដែនដីរបស់សហរដ្ឋអាមេរិកបាន អាចជាយុទ្ធសាស្ត្រចរចាមួយ ប៉ុន្តែអ្នកវិភាគនានាខ្លាចថា គោលជំហរនេះអាចជាចំណុចចាប់ផ្ដើមនូវការប្រើកម្លាំងយោធា។
លោក John Delury សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាននិយាយថា៖ «មិនត្រឹមតែលោក Trump នោះទេ ប៉ុន្តែរដ្ឋបាលរបស់លោកតែម្ដង កំពុងត្រៀមខ្លួនជាប្រព័ន្ធសម្រាប់ពេលវេលាដ៏ខ្លីខាងមុខឈានចូលមកដល់ ដែលខ្ញុំអាចនិយាយបានថាឆ្នាំក្រោយ នៅពេលដែលដំណោះស្រាយបែបការទូតបានទទួលបរាជ័យរួចទៅហើយ»៕