មនុស្ស​យ៉ាង​តិច​១០​នាក់​​ស្លាប់​​និង​ជិត​៤០​នាក់​​របួស​ក្នុង​​​ករណី​បំផ្ទុះ​គ្រាប់​បែក​ពីរ​លើក​នៅ​ហ្វីលីពីន

មន្ត្រីយោធានិងស៊ីវិល កំពុងជួយសង្គ្រោះជនរងគ្រោះក្នុងករណីបំផ្ទុះគ្រាប់បែក នៅទីក្រុង Jolo ប្រទេសហ្វីលីពីន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

មន្រ្តី​យោធា​ហ្វីលីពីន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ១០​នាក់ ​ត្រូវ​បាន​សម្លាប់ និង​ជិត ៤០នាក់ ផ្សេងទៀត​បាន​ទទួល​រង​របួស​ ដែល​ក្នុង​នោះ​មាន​ប៉ូលិស​និង​យោធា​ផង​ដែរ ​នៅ​ក្នុង​ករណី​បំផ្ទុះគ្រាប់បែក​បង្កប់ពីរ​លើក​ជាប់ៗ​គ្នា កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ជន​វាប្រហារ​គ្រាប់បែកអត្តឃាត​នៅ​កោះ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ​ដែល​ជា​តំបន់​កាន់កាប់​មួយ​របស់​ក្រុម​ជីវពល​អ៊ីស្លាម។​

ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្ថឃាត កើត​មានឡើង​ក្នុង​ទី​ក្រុង​ Jolo នៅ​ក្នុង​ខេត្ត Sulu ដែល​មាន​ពលរដ្ឋកាន់​សាសនា​អ៊ីស្លាមភាគ​ច្រើន​រស់​នៅ ​និង​ជា​កន្លែង​ដែល​កងយោធា​រដ្ឋាភិបាល​ហ្វីលីពីន​ បាន​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ Abu Sayyaf អស់​រយៈពេល​ជា​យូរមក​ហើយ។​

ឧត្តមសេនីយ៍ Corleto Vinluan ប្រាប់អ្នកសារព័ត៌មានថា ក្នុងការផ្ទុះលើកទី១ មានទាហាន ៥នាក់ និងជនស៊ីវិល ៤នាក់ ស្លាប់ដោយគ្រាប់បែកកែឆ្នៃដែលគេចងភ្ចាប់ទៅនឹងម៉ូតូ ហើយចតចោលនៅខាងក្រៅផ្សារទំនើបមួយកន្លែង។

ការផ្ទុះនេះកើតឡើងក្នុងអំឡុងពេលថ្ងៃត្រង់ ដែលបានធ្វើឲ្យកម្លាំងយោធា ១៦នាក់ និងជនស៊ីវិលប្រមាណ ២០នាក់ រងរបួស នេះបើតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ Ronaldo Mateo ដែលបានស្រង់សម្តីរបស់អភិបាលក្រុងនេះ។

មន្ត្រី​យោធា​នោះ​បញ្ជាក់​ទៀត​ថា មុន​ការ​ផ្ទុះ​នេះ​គេ​ឃើញ​មាន​ម៉ូតូ​មួយ​ត្រូវ​បាន​ចត​ចោល​នៅ​ខាង​មុខ​ហាង​លក់​គ្រឿង​ទេស ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​នៅ​ទីនោះ រួម​មាន​ក្រុម​ទាហាន​ផង​ដែរ។ ភ្លាមៗនោះ​ ម៉ូតូ​នោះ​ក៏​ផ្ទុះ​ឡើងតែ​ម្តង ចំ​ពេល​ដែល​កង​កម្លាំង​យោធា​កំពុង​ត្រួត​ពិនិត្យ​សន្តិសុខ​នៅ​ទី​នោះ។

បន្តិចក្រោយមក ការ​ផ្ទុះ​លើក​ទី​២ ក៏​កើត​ឡើង​នៅ​លើ​ផ្លូវ​ដដែល​ជិត​កន្លែង​ទីមួយ​ដែរ ដោយ​មាន​ស្ត្រី​បំពាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​ បាន​បំផ្ទុះ​គ្រាប់​បែក​ដែល​ចង​ភ្ចាប់​ទៅ​នឹង​ខ្លួន​របស់​នាង​ នៅ​ពេល​ដែល​ក្រុម​ប៉ូលិស​កំពុង​បិទតំបន់​នោះ។ ករណី​ផ្ទុះ​លើក​ទី ២ បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​របួស​មន្ត្រី​សមត្ថកិច្ចប្រមាណ​ ៦នាក់។ ​ទាហាន​ម្នាក់​បាន​ព្យា​យាម​ចាប់​ស្ត្រី​ដែល​មាន​គ្រាប់​បែក​ក្នុង​ខ្លួន​នោះ ​នៅ​ពេល​ដែល​នាង​បានបំផ្ទុះ​គ្រាប់បែក​ឡើង។

វរសេនីយ​ទោ Mateo និយាយថា​ មាន​ការ​សង្ស័យ​ខ្លាំង​ថា ក្រុម Abu Sayyaf ជា​អ្នកនៅ​ពី​ក្រោយ​នៃ​ការ​ផ្ទុះ​ទាំង​២លើក​នេះ៕