នៅពេលកើតមានវិបត្តិជនភៀសខ្លួនជាប្រវត្តិសាស្ត្រ ដែលបានបង្ខំប្រជាជនជិត ៦៩ លាននាក់ទូទាំងពិភពលោកចាកចោលផ្ទះសម្បែង អ្នកស្រី Wendy Chan ចង់ប្រាប់រឿងរ៉ាវមនុស្សជាតិនៅពីក្រោយការចាកចោលលំនៅស្ថានទ្រង់ទ្រាយធំបែបនេះ។
ខណៈពេលដែលចំនួននៃជនភៀសខ្លួនដែលត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងសហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយដោយរដ្ឋបាលលោក Trump អ្នកស្រី Chan សហស្ថាបនិកអង្គការ One Journey ដែលបានធ្វើដំណើរពីប្រទេសចិនមកកាន់សហរដ្ឋអាមេរិក តាំងពីតូចជាមួយគ្រួសារអ្នកស្រី បានលើកឡើងថា៖
«អង្គការជាច្រើនកំពុងព្យាយាមប្រាប់រឿងរ៉ាវអំពីជនភៀសខ្លួនតាមរយៈតួលេខ ប៉ុន្តែអង្គការមិនច្រើនទេដែលផ្ដោតលើបទពិសោធន៍ស៊ីជម្រៅ តាមរយៈការរៀបរាប់រឿងវិជ្ជមានល្អៗ ពីព្រោះខ្ញុំ គិតថាវាមានសារៈសំខាន់ សម្រាប់យើងទាំងអស់គ្នា ដើម្បីបង្ហាញរឿងរ៉ាវមិនគួរឲ្យជឿនៃភាពអំណត់អន់ធន់ និងក្ដីសង្ឃឹមរបស់ជនភៀសខ្លួន»។
អ្នកស្រី Chan បន្ថែមថា៖ អង្គការ One Journey បង្កើតឡើងដើម្បីជួយផ្លាស់ប្ដូររបៀបរៀបរាប់រឿងរ៉ាវរបស់ជនភៀសខ្លួននិងដើម្បីបង្ហាញពីការចូលរួមចំណែក និងទេពកោសល្យរបស់ជនភៀសខ្លួនទៅកាន់សង្គមរបស់យើង។ អង្គការ One Journey ចង់ផ្សាភ្ជាប់ប្រជាពលរដ្ឋទៅនឹងវិបត្តិជនភៀសខ្លួន។
ការប្រារព្ធពិធីលើកដំបូងរបស់ក្រុមជនភៀសខ្លួននេះ ត្រូវបានធ្វើឡើងកាលពីខែមិថុនា នៅក្នុងបរិវេណព្រះវិហារ National Cathedral ក្នុងរដ្ឋធានី Washington។
អ្នកស្រី Chan និងសហស្ថាបនិក អង្គការ One Journey លោក Vanda Berninger បានរៀបចំនាំយកនូវក្រុមរបាំ ក្រុមភ្លេង ក្រុមអ្នកសូត្រ កំណាព្យ ដែលសុទ្ធតែជាជនភៀសខ្លួនទូទាំងប្រទេស។ កាលពីឆ្នាំមុន មានអ្នកចូលរួមក្នុងពិធីនេះជាង ៤ពាន់នាក់។ នៅក្នុងឆ្នាំនេះ ដោយមានការចូលរួមសហការរវាងអង្គការជាង ២០០ សិល្បករក្នុងស្រុក ម្ចាស់អាជីវកម្ម និងសាជីវកម្មអន្តរជាតិធំៗ អ្នកស្រី Chan រំពឹងថានឹងមានអ្នកចូលរួមជាង ៨០០០ នាក់។
ចំណុចសំខាន់មួយនៃពិធីបុណ្យនេះគឺបច្ចេកវិទ្យាឌីជីថលដែលមានការច្នៃប្រឌិតខ្ពស់ដូចជាង Share Studio ជាដើម។
អ្នកស្រី Chan ពន្យល់ថា៖ «យើងនឹងបង្កើតវេទិកាឌីជីថលដែលអ្នកចូលរួមក្នុងពិធីបុណ្យអាចភ្ជាប់ និងរៀនអំពីរឿងរ៉ាវជនភៀសខ្លួនដោយផ្ទាល់ពីជនភៀសខ្លួនដែលកំពុងអង្គុយនៅម្ខាងទៀតនៃវេទិកានេះ និងដែលកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនជុំវិញពិភពលោក»។
លោក Sean Burk ដែលបានចូលរួមក្នុងពិធីបុណ្យនេះជាមួយកូនបីនាក់ ចាប់អារម្មណ៍ខ្លាំងចំពោះការរៀបចំនេះ។ លោកបានប្រាប់ VOA ថា៖ «វាពិតជាមានសារៈសំខាន់ និងមានអត្ថន័យណាស់សម្រាប់កូនៗរបស់ខ្ញុំ ដែលពួកគេបានអង្គុយនៅទៅនោះ និងបានស្ដាប់នូវរឿងដែលមនុស្សនៅទីនោះបានជួបប្រទះ។ អ្នកដឹងថា ពួកគេពិតជាចង់យល់អំពីរឿងលំបាកៗដែលពួកគេធ្លាប់ឆ្លងកាត់ និងចង់ដឹងថាតើពួកគេអាចជួយបានដោយរបៀបណា»។
កើតនៅក្នុងគ្រួសារដែលមានរឿងរ៉ាវទាក់ទងនឹងជនភៀសខ្លួនច្រើនរាប់មិនអស់ អ្នកស្រី Chan បានរៀនយល់ដឹងពីសារៈសំខាន់នៃការជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួន។
អ្នកស្រីបាននិយាយថា៖ «ជីតាទួតរបស់ខ្ញុំគឺជាអ្នកទោសនយោបាយដែលបានស្លាប់នៅក្នុងគុកនយោបាយនៅអាយុ ៧៨ ឆ្នាំ។ ហើយជីតារបស់ខ្ញុំបានចាកចេញពីប្រទេសចិនក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងនាមជាជនភៀសខ្លួន»។
វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ Chan ដែលមនុស្សទូទៅដឹងថា «ជនភៀសខ្លួនគ្មានជម្រើសនោះទេ។ ពួកគេបានកើតខុសកន្លែង និងខុសពេលវេលានៃប្រវត្តិសាស្ត្រ»។
ការប្រឹងប្រែងរបស់អ្នកស្រី Chan មិនត្រូវបានគេមើលរំលងនោះទេ។ កាលពីពេលថ្មីៗនេះ អ្នកស្រីទទួលបានពានរង្វាន់សេវាកម្មស្ម័គ្រចិត្តពីចៅហ្វាយក្រុងវ៉ាស៊ីនតោន។
ទោះបីជាអ្នកស្រីទទួលយកពានរង្វាន់នោះប្រកបដោយកិត្តិយសក៏ដោយ ក៏អ្នកស្រីចង់ឲ្យចង់ឲ្យមនុស្សម្នាដឹងថា «អង្គការ One Journey គឺពិតជាចលនាមូលដ្ឋានមួយ»។ យើងមានទំនាក់ទំនងជាមួយអ្នកស្ម័គ្រចិត្តជាង ៣០០នាក់ ដែលបានចំណាយពេលធ្វើការស្ម័គ្រចិត្តជាង ៥ ឬ ៦ ពាន់ក្នុងមួយឆ្នាំ»។
អ្នកស្រី Chan ដែលសព្វថ្ងៃជានាយិកាប្រតិបត្តិនៅក្រុមហ៊ុនពិគ្រោះយោបល់សកលមួយ មានអារម្មណ៍ដូចជា «ត្រូវឆ្នោតរង្វាន់ធំ» អញ្ចឹង ដោយសារតែអ្នកស្រី អាចធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក និងរស់នៅក្នុងជីវិតមួយដ៏សំបូរបែប។
អ្នកស្រីបានរៀបរាប់ក្នុងសម្ដីដើមថា៖ «នេះជាជីវិតមួយដែលអនុញ្ញាតឲ្យខ្ញុំបំពេញនូវសក្ដានុពលពេញលេញរបស់ខ្ញុំ។ ក្នុងនាមជាមនុស្សដ៏មានសំណាងម្នាក់ក្នុងជីវិតនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកាតព្វកិច្ចជួយជនភៀសខ្លួន»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា