នាង Greta Thunberg សកម្មជនវ័យក្មេងខាងបរិស្ថានជាតិស៊ុយអែត បានស្តីបន្ទោសពួកមេដឹកនាំពិភពលោកកាលពីថ្ងៃចន្ទនៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិដោយបានអំពាវនាវឲ្យចាត់វិធានការខាងអាកាសធាតុដោយនិយាយថា មនុស្សកំពុងរងគ្រោះនិងស្លាប់ពីផលប៉ះពាល់នៃការឡើងកម្តៅផែនដីហើយថា មេដឹកនាំទាំងអស់ បានសន្យាតែមាត់។
នាង Thunberg ដែលបានចាប់ផ្តើមចលនាយុវជនមួយដោយមានកូដកម្មនៅតាមសាលារៀនកាលពីថ្ងៃសុក្រសប្តាហ៍ឲ្យមានចំណាត់ការខាងអាកាសធាតុ បាននិយាយថា យើងបានស្ថិតនៅក្នុងការចាប់ផ្តើមនូវវិនាសកម្មដ៏ធំមួយ ហើយមេដឹកនាំទាំងអស់ និយាយតែអំពីប្រាក់។
នាងបាននិយាយទៀតថា វិទ្យាសាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់កាលពីឆ្នាំ៣០ឆ្នាំមុន ហើយនៅតែពួកមេដឹកនាំ មិនបានធ្វើឲ្យល្មមគ្រប់គ្រាន់។
នាង Thunberg និយាយក្នុងសំឡេងប្រកបដោយការរំជួលចិត្តថា «អស់លោក កំពុងធ្វើឲ្យយើងខកចិត្ត។ ក៏ប៉ុន្តែ យុវជនក្មេងៗ កំពុងចាប់ផ្តើមដឹងពីការក្បត់របស់អស់លោកហើយ។ មនុស្សជំនាន់ថ្មី កំពុងសំឡឹងមើលអស់លោក។ ហើយ ប្រសិនបើ អស់លោក ជ្រើសរើសធ្វើឲ្យយើងខកចិត្ត។ ខ្ញុំ និយាយថា យើងនឹងមិនអនុគ្រោះឲ្យពួកអស់លោកទេ»។
សកម្មជនអាយុ១៦ឆ្នាំរូបនេះ បានព្រមានប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីជាង៦០រូបដែលបានប្រមូលផ្តុំគ្នានៅក្នុងសាលរបស់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីចូលរួមមហាសន្និបាតដែលនាងនឹងមិនអនុញ្ញាតឲ្យមេដឹកនាំទាំងនេះ គេចផុតពីបញ្ហានេះ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា «មនុស្សជំនាន់របស់ខ្ញុំ មិនបានទទួលខុសត្រូវដើម្បីការពារផែនដីរបស់យើងទេ»៕