បច្ចេកវិទ្យា​ជួយ​ក្រុម​វេជ្ជបណ្ឌិត​​និង​វិស័យ​សុខាភិបាល​តាមដាន​និង​ព្យាបាល​អ្នក​ជំងឺ

រូបឯកសារ៖ រូបថតបង្ហាញពីមន្ទីរពេទ្យ St. Thomas នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស។​

ខណៈ​ដែល​ការ​រាលត្បាត​នៃ​ជំងឺ​កូវីដ១៩​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ហួស​លទ្ធភាព​ផ្តល់​សេវា​ថែទាំ​របស់​ក្រុម​វេជ្ជបណ្ឌិត​និង​មន្ទីរពេទ្យ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ស្ថាប័ន​បច្ចេកវិទ្យា​វេជ្ចសាស្ត្រ​និង​មណ្ឌល​សុខភាព​កំពុង​ព្យាយាម​បង្កើន​ «ការ​យល់ច្បាស់​ពីស្ថានការណ៍» ដែល​អាច​ផ្តល់​ដល់​ក្រុម​វេជ្ជបណ្ឌិត​នូវ​អ្វី​ដែល​ពួកគេ​ចង់​ដឹង​ពី​អ្នក​ជំងឺ​ដែល​ឈឺ​និង​សម្រាក​ព្យាបាល​ពេញ​បន្ទប់​សង្គ្រោះ​បន្ទាន់។

លោក Warren Ratliff នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​MDmetrix ដែល​កម្មវិធី​កុំព្យូទ័រ​ software អាចវិភាគ​ផ្នែក​ថែទាំ​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ​ថ្លែងថា វា​ពិបាក​ណាស់​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​និង​បុគ្គលិក​ក្នុង​ការ​ដឹង​ថា​អ្នក​ជំងឺ​ប្រភេទ​ណា​នឹង​មក​ព្យាបាល»។

លោក Ratliff ថ្លែង​បន្ថែម​ថា​ បុគ្គលិក​ពេទ្យ«អាច​ឃើញ​ថា​អ្នក​ជំងឺ​ច្រើន​រហូត​ត្រូវ​តម្រង់​ជួរ» ប៉ុន្តែ​ពួក​គេ​មាន​ឧបករណ៍​តិចតួចដើម្បី​ប្រៀប​ធៀប​ចំនួន​អ្នក​ជំងឺ​ដែល​កើន​ឡើង​ពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ ហើយ​ពួក​គេ​ក៏​មិនដឹងថា​នឹង​ប្រើប្រាស់​វិធី​ព្យាបាល​របៀប​ណា​សម្រាប់​អ្នក​ជំងឺ​ណា​ផង​ដែរ»។

ក្តី​បារម្ភ​របស់​គ្រូ​ពេទ្យ

ក្រុមហ៊ុន MDmetrix ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វេជ្ជបណ្ឌិត​មួយរូប​ដែលរសាយ​ចិត្ត​ដោយ​លោក​មិន​អាច​វិភាគ​ទិន្នន័យ​របស់​អ្នក​ជំងឺ​បាន។ ជាមួយ​នឹង​កំណត់ត្រា​សុខភាព​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​ឆ្នាំ​មកហើយ​និង​ដើម្បី​ទារ​ថ្លៃ​ព្យាបាល​ផង​នោះ ក្រុម​វេជ្ជបណ្ឌិត​ជាទូទៅ​អាច​មើល​កំណត់ត្រា​អ្នក​ជំងឺ​តែ​ម្តង​ម្នាក់។

ក្រុមហ៊ុន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ដូច​ជា​ក្រុមហ៊ុន​ MDmetrix​ ផ្តល់​តារាង​ព័ត៌មាន​និង​កម្មវិធី​ដែល​ក្រុម​វេជ្ជបណ្ឌិត​និង​មន្ទីរពេទ្យ​អាច​ស្វែងរក​ព័ត៌មានស៊ីជម្រៅ​និង​និន្នាការ​របស់​អ្នក​ជំងឺ​ជា​ច្រើន​។ បច្ចេកវិទ្យា​នេះ​ទាញ​យក​ទិន្នន័យ​ពី​កំណត់ត្រា​អេឡិចត្រូនិច​របស់​អ្នក​ជំងឺ។

លោក Ratliff ថ្លែងថា ខណៈ​ពេល​ពួកគេ​ព្យាបាល​អ្នក​ជំងឺ​ មន្ទីរពេទ្យ​និង​ក្រុម​វេជ្ជបណ្ឌិត​នានា​ប្រឈម​នឹង​ការ​ឆ្លើយ​នឹង​សំណួរដែល​មើល​ទៅ​ដូចជា​សំណួរ​សាមញ្ញ​ដូចជា តើ​បំពង់​បញ្ចូល​អុកស៊ីហ្សែន​ចំនួន​ប៉ុន្មាន​ត្រូវ​បាន​ប្រើប្រាស់? តើ​អុកស៊ីហ្សែន​ទាប​មាន​ន័យ​ថា​កើត​ជំងឺ​កូវីដ១៩ឬ? តើ​មាន​អ្នកណា​តាមដាន​ស្ថានភាព​អ្នក​ជំងឺ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​និង​បញ្ជូន​ទៅ​ផ្ទះ​វិញ​ហើយ​ឬ​នៅ?

លោក​ថ្លែងថា ក៏មាន​តម្រូវការ​ផ្នែក​ព័ត៌មាន​ថា​តើ​មាន​ការ​ផ្តល់​ការ​ព្យាបាល​ដោយ​វិធី​ផ្សេង​សម្រាប់​ក្រុម​ផ្សេង​ទៀត​ដែរ​ឬ​យ៉ាង​ណា។

អ្នក​ជំងឺ​ម្នាក់ៗ​ទទួល​បាន​ការ​ព្យាបាល​ខុសៗ​គ្នា

លោក Ratliff ចោទសួរ​ថា៖ «តើ​ការ​ព្យាបាល​ខុស​គ្នា​ដែរ​ឬ​ទេ​សម្រាប់​អ្នក​ជក់​បារី​និង​អ្នក​មិន​ជក់​បារី? នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ របាយ​ការណ៍​ស្តី​ពី​សកម្មភាព​បន្ទាប់​មួយ​នឹង​ចេញ​ផ្សាយ។ ប៉ុន្តែ​ពេល​នោះ​វា​នឹង​យឺត​ពេល​ទៅ​ហើយ​ ប្រសិន​បើ​អ្នក​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ក្នុង​ពេល​បច្ចុប្បន្ន»។

ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង អ្នក​រដ្ឋបាល​របស់​គ្លីនិក​និង​មន្ទីពេទ្យ​នឹង​ទទួល​បាន​តារាង​ព័ត៌មាន​របស់​ក្រុមហ៊ុន MDmetrix អំពី​ជំងឺ​កូវីដ១៩ ដែល​ពួកគេ​អាច​មើល​ដើម្បី​ជួយព្យាបាល​អ្នក​ជំងឺ។ ព័ត៌មាន​នោះ​ថ្មីៗ​បំផុត​ដែល​បង្ហាញ​ពី​របៀប​ព្យាបាល​ណា​មួយ​ដែល​ប្រសើរ​ជាង​វិធី​ព្យាបាល​មួយផ្សេង​ទៀត​សម្រាប់​អ្នក​ជំងឺ​ណា​ម្នាក់»។

សម្រាប់​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ឯកជន​ភាព​ ទិន្នន័យ​ដែល​ទាញ​យក​មក​ពី​កំណត់ត្រា​របស់​អ្នក​ជំងឺ​មិន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​អ្នក​ជំងឺ​នោះ​ទេ​ គឺ​គោរព​ទៅ​តាម​ច្បាប់​ឯកជន​ភាព​ក្នុង​ការ​ព្យាបាល​សុខភាព។ នេះ​បើតាម​ប្រសាសន៍​របស់​លោក Ratliff។ មណ្ឌល​សុខភាព​នៅសាកលវិទ្យាល​វ៉ាស៊ីនតោន​និង​មណ្ឌល​សុខភាព Harborview នៅ​រដ្ឋ​វ៉ាស៊ីនតោន​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន MDmetrix។ ក្រុមហ៊ុន​នេះ​ក៏​បាន​ផ្តល់​បច្ចេកវិទ្យា​ឈ្មោះ​ថា «បន្ទប់​តាមដាន​ស្ថានការណ៍​ជំងឺ​កូវីដ១៩» (COVID-19 Mission Control) ​ដោយ​ឥត​គិត​ថ្លៃ​ដល់​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​នានា​ផង​ដែរ។

ការបង្កើន​ការ​ប្រើប្រាស់​នៃ​កំណត់ត្រា​សុខភាព​អេឡិច​ត្រូនិច

ការ​ស្រាវជ្រាវ​មួយ​របស់​សមាគម American Medical Informatics បង្ហាញ​ពី​កិច្ច​ប្រឹងប្រែង​នៅ​សាកលវិទ្យាល័យ California ទីក្រុង San Diego ដើម្បី​បង្កើត​តារាង​ថ្មី​មួយ​ដែល​ផ្អែក​លើ​កំណត់ត្រា​សុខភាព​អេឡិច​ត្រូនិច​ដើម្បី​គ្រប់គ្រង​វិបត្តិ​ដែល​កំពុង​កើនឡើង។ អ្នកស្រាវជ្រាវ​លើកឡើងថា គួរ​បង្កើន​ការ​ប្រើប្រាស់កំណត់ត្រា​សុខភាព​អេឡិច​ត្រូនិច​ជា​អតិបរមា។

អ្នកស្រី Julia Adler-Milstein សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ California ក្នុង​ទីក្រុង​San Francisco​ ថ្លែងថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ មាន​ការបង្កើត​ជា​ច្រើន​នូវឧបករណ៍​បច្ចេកវិទ្យា​ដើម្បី​វិភាគ​និង​ទាញ​យក​ទិន្នន័យ​ពី​កំណត់ត្រា​សុខភាព​លើ​ប្រព័ន្ធ​អេឡិចត្រូនិច។ ប៉ុន្តែ​ការ​រាល​ត្បាត​នៃ​ជំងឺ​កូវីដ១៩​កំពុង​ជំរុញ​ឲ្យ​មន្ទីរពេទ្យ​និង​ក្រុមហ៊ុន​នានា​ស្វែង​រក​វិធី​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ ដើម្បី​វិភាគ​លើ​ទិន្នន័យ​និង​ព័ត៌មាន​សំខាន់ៗ​ដើម្បី​ផ្តល់​ដល់​អ្នក​ដែល​ធ្វើ​ការ​សម្រេចចិត្ត។

អ្នកស្រី​ថ្លែងថា៖ «នេះ​គឺជា​ការ​ធ្វើ​សាកល្បង​ពោរពេញ​ដោយ​សម្ពាធ ដើម្បី​អាច​ព្យាបាល​ជំងឺ​ថ្មី​នេះ»។

ការ​ស្វែង​យល់​ពី​និន្នាការ​នៅ​ក្នុង​មន្ទីរពេទ្យ​ក៏​ជា​កិច្ចការ​របស់​ក្រុមហ៊ុន TransformativeMed ផងដែរ។ កម្មវិធី​របស់​ក្រុមហ៊ុន​នេះ​អាច​កត់​ត្រា​លើ​ប្រព័ន្ធ​អេឡិចត្រូនិច​ដែល​អាច​តាមដាន​អ្នកជំងឺ​ ពេល​អ្នក​ជំងឺ​នោះ​ប្តូរទីតាំង​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យ​មួយ​។ មណ្ឌល​សុខភាព​នៅសាកលវិទ្យាល​វ៉ាស៊ីនតោន​និង​មណ្ឌល​សុខភាព Harborview នៅ​រដ្ឋ​វ៉ាស៊ីនតោន​ ​គ្លីនិក MedStar នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​គ្លីនិកVCU នៅ​ទីក្រុង Richmond រដ្ឋVirginia ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន TransformativeMed។

លោកវេជ្ជបណ្ឌិត Rodrigo Martinez ប្រធាន​គ្លីនិច​មួយ​នៅ​ស្ថាប័នTransformativeMed ហើយ​ជា​គ្រូពេទ្យ​ត្រចៀក ច្រមុះ និង​បំពង់ក មួយរូប​ថ្លែង​ថា ការ​តាមដាន​អ្នក​ជំងឺ​តាំង​ពី​រោគសញ្ញា លទ្ធផល​ពី​មន្ទីរ​ពិសោធន៍ និង​ការ​ព្យាបាល​ អាច​ជួយ​ឲ្យ​មន្ទីរពេទ្យ​យល់​ពី​របៀប​ដែល​ជំងឺ​នេះ​វិវត្ត​នៅ​ក្នុង​សហគមន៍​មួយ ហើយ​ដឹង​ពី​វិធី​ព្យាបាល​ណា​ដែល​មាន​ប្រសិទ្ធភាព​និង​វិធី​ណា​ដែល​មិនមាន​ប្រសិទ្ធភាព។

ឱកាស​ដ៏​កម្រ

លោក​វេជ្ជបណ្ឌិត Rodrigo Martinez បាន​ថ្លែងថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​អាច​នឹង​ជា​ឱកាស​ដ៏​កម្រ​មួយ​ក្នុង​ជំនាន់​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ថែទាំ​សុខភាព​កាន់តែ​ប្រសើរ​ឡើង។ ការ​រក្សា​គម្លាត​ពី​គ្នា​នឹង​តម្រូវ​ឲ្យ​មាន​ការ​បង្កើន​ការ​ស្វែង​រក​ព័ត៌មាន​ផ្នែក​សុខភាព​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ ដែល​អ្នក​ជំងឺ​និង​គ្រូពេទ្យ​របស់​ពួកគេ​ទំនង​នឹង​សប្បាយ​ចិត្ត​ប្រសិន​បើ​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​ដែល​មាន​វីដេអូ ឬ​ហៅ​ថា telehealth។ បច្ចេកវិទ្យា3-D ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួសជុល​និង​បង្កើត​បំពុង​បញ្ចូល​អុកស៊ីហ្សែន​ នឹង​ជួយ​ក្រុមហ៊ុន​វេជ្ជសាស្ត្រ។ ហើយ​ការ​ធ្វើ​តេស្ត​ពី​ផ្ទះ​ក៏​ទំនង​នឹង​រីកលូតលាស់​ផង​ដែរ។

ក្រុមហ៊ុន TransformativeMed និងក្រុមហ៊ុន MDmetrix ក៏​កំពុង​ស្វែងរក​និន្នាការ​ដែល​អាច​ទាញ​យក​កំណត់ត្រា​សុខភាព​អេឡិចត្រូនិច​របស់​អ្នក​ជំងឺ។

លោក Martinez ថ្លែងថា៖«យើង​មិនមែន​បង្កើត​បច្ចេកវិទ្យា​ថ្មី​នោះទេ។ យើងមាន​បច្ចេកវិទ្យា​ទាំង​នោះ​រួច​ទៅ​ហើយ ដែលរង់ចាំ​ឱកាស​(ដូច​ពេល​នេះ)ដើម្បី​អនុវត្ត​វា»៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា