កូរ៉េ​ខាង​ជើង​ប្រារព្ធ​ខួប​ដែល​ខ្លួន​ហៅ​ថា​ទិវា​ជ័យជម្នះ​លើ​សង្គ្រាម​កូរ៉េ

មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ធ្វើ​ទស្សនកិច្ច​នៅ​វិមាន​បូជនីយដ្ឋាន Kumsusan នៅ​ថ្ងៃ​ខួប​នៃ​ការ​ស្លាប់​របស់​លោក Kim Jong Il កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​បាន​ដាក់​ឆ័ត្រ​របស់​ពួកគេ​ចុះ ដើម្បី​គោរព​នៅ​ពី​មុខ​បូជនីយដ្ឋាន​ដែល​ដាក់​ផ្នូរ​របស់​បិតា​ស្ថាបនិក​ប្រទេស​កូរ៉េ​ខាង​ជើង​លោក Kim Il Sung និង​លោក Kim Jong Il ស្រប​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​ប្រារព្ធ​ខួប​បញ្ចប់​សង្គ្រាម​កូរ៉េ ដែល​ជា​ថ្ងៃ​ដែល​ខ្លួន​បាន​ហៅ​ថា​ជា​ទិវា​ជ័យជម្នះ។

គេ​ឃើញ​មាន​ការ​ប៉ាន់ស្មាន​ជា​ច្រើន​នៅ​ក្នុង​រង្វង់​ក្រុម​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ដែល​ថា កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​នៅ​ចំ​ថ្ងៃ​ខួប​បញ្ចប់​សង្គ្រាម​កូរ៉េ​នេះ។

មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ មិន​មាន​ការ​បាញ់​គ្រាប់​មីស៊ីល​ណា​មួយ​ធ្វើ​ឡើង​នោះ​ទេ។

លោក Hong Yong Dok ដែល​ស្ថិត​នៅ​ឯ​វិមាន​បូជនីយដ្ឋាន Kumsusan ជាមួយ​នឹង​ចៅ​ស្រី​របស់​លោក បាន​និយាយ​ថា៖ «ប្រទេស​កូរ៉េ​ខាង​ជើង​គឺ​ទទួល​បាន​ជ័យជម្នះ ដោយសារតែ​មាន​មេដឹកនាំ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពិភពលោក។ ប្រជាពលរដ្ឋ​កូរ៉េ​បាន​រងគ្រោះ​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​ចក្រពត្តិ​អាមេរិក​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​សូម្បីតែ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​ពួក​ចក្រពត្តិ​អាមេរិក​សម្លាប់​នៅ​ក្នុង​សង្គ្រាម​កូរ៉េ​ដែរ។ ដូច្នេះ​យើង​ត្រូវ​បង្រៀន​កូន​ចៅ​យើង​ឲ្យ​សងសឹក​ជាមួយ​នឹង​ពួក​ចក្រពត្តិ​អាមេរិក»។

ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ១៩៥៣ គឺ​ជា​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​កង​កម្លាំង​អង្គការ​សហប្រជាជាតិ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា​អស់​រយៈពេល ៣ ឆ្នាំ ចាប់​ពី​ឆ្នាំ ១៩៥០ មក។

ប៉ុន្តែ កូរ៉េ​ខាង​ជើង​ដែល​បាន​ឈ្លានពាន​កូរ៉េ​ខាង​ត្បូង ជា​អ្នក​ចាប់ផ្ដើម​សង្គ្រាម​នេះ​ឡើង ទោះបីជា​ខ្លួន​អះអាង​ថា សហរដ្ឋ​អាមេរិក​ជា​អ្នក​ឈ្លានពាន​ខ្លួន​ក៏​ដោយ ហើយ​កូរ៉េ​ខាង​ជើង​បាន​ចាត់ទុក​ខ្លួន​ឯង​ថា​បាន​ឈ្នះ​សង្គ្រាម ដែល​ខ្លួន​បាន​ហៅ​ថា​សង្គ្រាម​រំដោះ​មាតុភូមិ​នេះ។

សង្គ្រាម​នេះ​បាន​ធ្វើ​ឲ្យ​កូរ៉េ​ទាំង​ពីរ​បែកបាក់​តាំង​ពី​ពេល​នោះ​មក៕