អ្នកប្រកបរបរដឹកភ្ញៀវក្នុងខេត្តសៀមរាបបានត្អូញត្អែរពីការយកតម្លៃខ្ពស់លើផ្លូវល្បឿនលឿន (Highway) ចូលទៅព្រលានយន្តហោះថ្មី ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីក្រុងសៀមរាប។ ពួកគេស្នើឱ្យរដ្ឋាភិបាលនិងភាគីក្រុមហ៊ុនចិនកុំយកលុយថ្លៃផ្លូវនេះ បន្ថែមពីលុយថ្លៃចំណតក្នុងព្រលានយន្តហោះ។
លោក ចើស ចៀក អាយុ៤៣ឆ្នាំ អ្នករត់តាក់ស៊ី និងរឺម៉កទេសចរណ៍ផង រស់នៅភូមិទ្រាំង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ប្រាប់វីអូអេថា ចាប់តាំងពីដើមឆ្នាំ ២០២៤ យានយន្តគ្រប់ប្រភេទឱ្យតែឆ្លងកាត់ព្រលានយន្តហោះថ្មីនៅសៀមរាបត្រូវបង់លុយថ្លៃចំណត និងលុយថ្លៃផ្លូវជាមុនសិន ទើបអាចចូលទៅព្រលានបាន។ លោកបន្តថា ការបង់លុយថ្លៃចំណត និងថ្លៃផ្លូវល្បឿនលឿននេះធ្វើឱ្យលោកចំណាយកាន់តែច្រើនបន្ថែមទៀត។
លោកថ្លែងថា៖ «ច្រើន! ច្រើនយកតែមែនទែនហើយ។ បើពីមុនបើសិនបើគេគិតតែថ្លៃParking [ចំណត] ១ដុល្លារ គឺពួកខ្ញុំមានលុយ តែត្រឹម ៥ដុល្លារ ខ្ញុំអាចនឹងហូបនេះហូបនោះបានហើយនឹងអាចទិញទឹកទិញអីហូបបាន។ ដល់ពេលឥឡូវយើងមានលុយតែត្រឹម ៥ដុល្លារ ពេលដែលយើងចូលទៅអស់បាត់។ ពេលអ៊ីចឹងទៅ យើងចំណាយច្រើនយកតែមែនទែន»។
លោកស្នើរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំជាអ្នករត់រឺម៉ក ក្នុងវិស័យទេសចរណ៍ហ្នឹង ខ្ញុំសំណូមពរទៅខាងរាជរដ្ឋាភិបាលសុំឱ្យ គាត់គិតតែថ្លៃ Parking [ចំណត] សូមកុំឱ្យគិតផ្លូវ Highway»។
លោកឱ្យដឹងទៀតថា កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤នេះ ក្រុមអ្នករត់តាក់ស៊ីនិងរឺម៉កបានជួបប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប ហើយអាជ្ញាធរថានឹងព្យាយាមជួយដោះស្រាយបញ្ហានេះ។
លោក ហៀង ភាន់ណា អាយុ៣៩ឆ្នាំ ជាអ្នកប្រកបរបររត់កង់បីមួយរូបទៀត នៅខេត្តសៀមរាប ប្រាប់វីអូអេថា រដ្ឋាភិបាលគួរតែគិតគូរពីបញ្ហាទាំងអស់នេះជូនប្រជាពលរដ្ឋឱ្យឆាប់ ដោយសារតែសព្វថ្ងៃនេះតម្លៃប្រេងសាំងក៏ឡើងថ្លៃ ហើយត្រូវប្រឈមមុខនឹងការបង់លុយថ្លៃផ្លូវចូលព្រលានយន្តហោះទៀត ដែលរឹតតែធ្វើឱ្យលោកមានការលំបាកកាន់តែខ្លាំងក្នុងការរកស៊ី។
លោកថ្លែងថា៖ «និយាយទៅអ្នកប្រកបរបរដឹកភ្ញៀវទេសចរនេះ មិនមែនជាអ្នកមានអីទេ គ្រាន់តែរស់ក្នុងមួយខែសឹងមិនគ្រាន់ផងហ្នឹង។ តម្លៃ[ដឹកភ្ញៀវ]កាន់តែចុះថោកជាងមុនហើយសាំងក៏ឡើងថ្លៃ។ ចំណាយកាន់តែច្រើន។ អ៊ីចឹងនៅពេលចំណាយច្រើនពេកទៅ វាអត់មានចំណេញ។ អ្នករត់រឺម៉កគ្រប់គ្នាគ្មាននរណាបានសល់លុយច្រើន បើដាច់ខែអស់ៗ សល់តែផ្គត់ផ្គង់គ្រួសារបន្តិចបន្តួចដូចកូនទៅរៀនអ៊ីចឹង សឹងតែមិនគ្រាន់ផង។ អ៊ីចឹងសំណូមពររដ្ឋាភិបាលជួយកាត់បន្ថយទៅ។ បើបានកុំយកកាន់តែល្អ»។
អ្នករត់ PassApp ម្នាក់ទៀត លោក អៀង ចំរើន អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ខេត្តសៀមរាប ប្រាប់វីអូអេថា៖ «ពិបាកណាស់! អាហ្នឹងវាយកលុយថ្លៃពេក។ វាបង់ផ្លូវហ្នឹង គ្រាន់តែចូលមិនទាន់ទម្លាក់ភ្ញៀវចុះផង អស់ ៣ដុល្លារ ហើយថ្លៃផ្លូវ វិក្ក័យបត្រគេដាក់ Highway។ ចូលទៅទម្លាក់តែភ្ញៀវចេញមកវិញអស់ ១ដុល្លារទៀត ហើយបើសិនជាយើងចូលទៅហ៊ានរ៉េរ៉លើសពីកន្លះម៉ោងអស់លុយលើសពីហ្នឹងទៀត»។
លោកបន្តថា៖ «ហើយបើចេញមកហើយឧទាហរណ៍ថាបានភ្ញៀវគេប៊ុកឃីងអី ចូល ត្រឡប់ចូលទៅវិញ មិនបាច់ចាំបើកលើផ្លូវ Highway គ្រាន់តែត្រឡប់ផុតតែកុងត្រូលចូលទៅវិញបង់ ៣ដុល្លារម្តងទៀត។ ហើយចេញមកវិញបង់ ៣ដុល្លារម្តងទៀត»។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប ប្រាប់វីអូអេថា ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋអ្នកប្រកបរបរដឹកភ្ញៀវទេសចរដែលត្អូញត្អែរពីការយកតម្លៃខ្ពស់លើផ្លូវ Highway នៅព្រលានយន្តហោះ លោកថា រដ្ឋបាលខេត្តនឹងចូលរួមដោះស្រាយបញ្ហានេះ ប៉ុន្តែត្រូវពិភាក្សាជាមួយក្រុមហ៊ុនចិនដែលគ្រប់គ្រងព្រលានយន្តហោះជាមុនសិន។
លោកថ្លែងថា៖ «អ៊ីចឹងយើងបានធាតុចូលជាច្រើន ហើយវិភាគទៅលើភាពចាំបាច់មួយចំនួនហើយពិចារណាអំពីទិដ្ឋភាពសេដ្ឋកិច្ច បច្ចេកទេស ដើម្បីរកផ្លូវដោះស្រាយ។ ប៉ុន្តែមិនទាន់សម្រេចយ៉ាងណានោះទេ ត្រូវពិនិត្យនិងពិចារណាជាមួយភាគីក្រុមហ៊ុនបន្តទៀតនៅសប្តាហ៍ក្រោយ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីខាងភាគីក្រុមហ៊ុនដែលគ្រប់គ្រងអាកាសយានដ្ឋានខេត្តសៀមរាបបាននៅឡើយទេ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះថា ការយកលុយថ្លៃផ្លូវ Highway ជាការតម្រូវរបស់ក្រុមហ៊ុន ដោយសារនេះជាគម្រោងវិនិយោគរយៈពេល ៥៥ ឆ្នាំរ វាងកម្ពុជា និងក្រុមហ៊ុនចិន។ ប៉ុន្តែលោកថា គួរតែមានដំណោះស្រាយចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋដែលជាអ្នករត់រឹម៉ក និងអ្នកដឹកភ្ញៀវផ្សេងៗ។
លោកថ្លែងថា៖ «ចំពោះដំណោះស្រាយ ខ្ញុំយល់ថា គួរតែមានការកំណត់លក្ខខណ្ឌដែរ។ អ្នកដែលចេញចូលញឹកញាប់ជាពិសេសអ្នកដែលដឹកភ្ញៀវទេសចរជាប្រចាំក៏គួរតែមានការបញ្ចុះតម្លៃដល់គាត់ក្នុងកម្រិតមួយដែលអាចទទួលយកបានទាំងសងខាង។ បើគិតថា ចេញមួយជើងចូលមួយជើងត្រូវតែបង់លុយ វាអាចថាមិនយុត្តិធម៌ប៉ុន្មានទេ ហើយក៏មិនសូវរួមចំណែកដល់ជីវភាពអ្នករត់រឺម៉ក់ រត់តាក់ស៊ីដែរបាទ»។
គួរបញ្ជាក់ថា ផ្លូវចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរត្រូវបានចាត់ទុកជាផ្លូវ Highway និងតម្រូវឱ្យបង់ប្រាក់សម្រាប់យានយន្តឆ្លងកាត់ផ្លូវតាមតម្លៃនៃប្រភេទរថយន្តចាប់ពី ៣ដុល្លា ររហូតដល់ ១២ដុល្លារ សម្រាប់ឆ្នាំ ២០២៤ ដល់ដំណាច់ឆ្នាំ ២០២៥។ នេះបើតាមតារាងព័ត៌មាននៃការបង់ប្រាក់។
អាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាបដែលមានតម្លៃប្រមាណ ១.១០០លានដុល្លារអាមេរិក ក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន ឬ BRI ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រលានយន្តហោះនេះត្រូវបានវិនិយោគក្នុងទម្រង់ «សាងសង់ ប្រតិបត្តិការផ្ទេរ» ឬ BOT ដោយក្រុមហ៊ុនចិន ដែលមានន័យថា ព្រលានយន្តហោះនេះនឹងត្រូវផ្ទេរមករដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញ នៅក្នុងឆ្នាំ ២០៧៣ ក្រោយការសាងសង់រយៈពេលប្រមាណ ៥ ឆ្នាំ និងប្រតិបត្តិការរយៈពេល ៥០ ឆ្នាំ៕