ភ្ញៀវទេសចរបរទេសប្រមាណ ៨០ ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ ២០២៣ ដែលចំនួននេះកើនឡើងប្រមាណ ១៧០% បើធៀបនឹងឆ្នាំ ២០២២។ ប៉ុន្តែចំនួននេះនៅទាបនៅឡើយ បើធៀបនឹងឆ្នាំដែលពិភពលោកមិនទាន់ជួបនឹងវិបត្តិជំងឺកូវីដ១៩ ដែលក្នុងមួយឆ្នាំ ភ្ញៀវបរទេសជាង២លាននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
នាពេលនេះ កម្ពុជាកំពុងរំពឹងភ្ញៀវទេសចរជនជាតិចិន ដែលមិនទាន់មកលេងកម្ពុជា ដូចមុនពេលការរាតត្បាតជំងឺកូវីដ១៩ នៅឡើយទេ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចេញផ្សាយនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ចំនួនភ្ញៀវទេសចរបរទេសដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៣ មានចំនួន ៧៩៨.០៦៩នាក់ ឬ ៨០ម៉ឺននាក់ ដែលមានកំណើនប្រមាណ ១៧៧% បើធៀបនឹងឆ្នាំ ២០២២។ ចំណែកចំណូលពីការលក់សំបុត្រក្នុងឆ្នាំ ២០២៣ មានប្រមាណ ៣៧ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ២២២% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលមានចំណូលប្រមាណ ១២ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
កាលពីឆ្នាំ ២០១៩ ពោលគឺមុនការរាតត្បាតជំងឺកូវីដ១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសដែលមកទស្សនារមណីយអង្គរ ប្រមាណ ២លាន ២សែននាក់ ដែលរកចំណូលបានប្រមាណ ១០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកក្នុងឆ្នាំ ២០១៨ កម្ពុជាទទួលបានភ្ញៀវបរទេសមកទស្សនារមណីយដ្ឋានអង្គរ ប្រមាណ ២លាន ៦សែននាក់ ដែលរកចំណូលបានប្រមាណ ១១៦ លានដុល្លារអាមេរិក។
បើតាមទិន្នន័យដែលផ្តល់ដោយមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ៤៥ ម៉ឺននាក់។ ចំនួននេះបានធ្លាក់ចុះពីកំណត់ត្រាភ្ញៀវទេសចរចិនចំនួន ២លាន ៣សែននាក់ ក្នុងឆ្នាំ ២០១៩ ដែលជាចំនួនភ្ញៀវទេសចរបរទេសលំដាប់លេខ ១ ក្នុងប្រទេសកម្ពុជា។ យោងតាមតួលេខរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរចិនមានតែ ៩ម៉ឺននាក់ប៉ុណ្ណោះ បានមកប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២២។
មានកត្តាជាច្រើនហាក់ដូចជាកំពុងបង្អាក់សេចក្តីប្រាថ្នារបស់វិស័យទេសចរណ៍កម្ពុជាចំពោះការវិលត្រឡប់របស់ភ្ញៀវទេសចរចិន។ សេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយជំងឺរាតត្បាតនៅតែធ្លាក់ចុះ។ នេះបានជំរុញឱ្យមនុស្សដកខ្លួនចេញពីការធ្វើដំណើរទៅក្រៅប្រទេសដែលមានតម្លៃថ្លៃ។ នេះបើតាម FDIintelligence ដែលបានរកឃើញថាការធ្វើដំណើរអន្តរជាតិធ្លាក់ចុះដោយសារតែថ្លៃចំណាយ ការថយចុះទិដ្ឋាការ កង្វះជើងហោះហើរអន្តរជាតិ និងការភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បាននៅឡើយទេ។
លោក ទា គីឡេង ប្រធានសមាគមទេសចរណ៍ចិនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ភ្ញៀវទេសចរបរទេសដែលមកលេងនៅខេត្តសៀមរាប ភាគច្រើនជាភ្ញៀវទេសចរមកពីអឺរ៉ុប មិនមែនជាភ្ញៀវចិនឡើយ ដែលធ្លាប់មានតួលេខភ្ញៀវបរទេសលំដាប់លេខ១ក្នុងប្រទេសកម្ពុជា។ លោកបន្តថា មគ្គទេសក៍ទេសចរណ៍និយាយភាសាចិន ដូចជារូបលោកកំពុងតែជួបការលំបាក ដោយសារតែមិនមានភ្ញៀវទេសចរចិនមកកម្ពុជា ដូចកាលពីពេលមុន។
លោកថ្លែងថា៖ «បាទចំពោះខ្ញុំជាមគ្គទេសក៍ទេសចរណ៍ភាសាចិន ខ្ញុំក៏សង្ឃឹមថា ភ្ញៀវទេសចរនឹងមានច្រើនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីផ្ដល់ឱកាសការងារដល់ពួកយើងខ្ញុំទាំងអស់គ្នា»។
លោកបន្ថែមថា វត្តមានភ្ញៀវទេសចរចិនអាចធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបរីកចម្រើនឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចរបស់មគ្គទេសក៍ទេសចរណ៍មានភាពល្អប្រសើរ។ លោកស្នើដល់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឱ្យទូលំទូលាយ និងបង្កើនជើងហោះហើរទាំងនៅក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជាកាន់តែច្រើន។
យោងតាមសេចក្តីរាយការណ៍របស់ Nikkei Asia កាលពីខែកញ្ញា ឆ្នាំ ២០២៣ អ្នកជំនាញទេសចរណ៍ក្នុងតំបន់ប្រាប់ថា អ្នកដំណើរជាច្រើនបានលុបចោលផែនការទៅទស្សនាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការព្រមានពីប៉ូលិស និងមន្ត្រីផ្សេងទៀតអំពីការចាប់ជំរិត ដែលកើតចេញពីការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ឬហៅថា Scam៕