កិច្ចពិភាក្សា​​លើ​​ការ​​បញ្ចប់​​វិបតិ្ត​​នៅ​​អ៊ុយក្រែន​​នឹង​បន្ត​​នៅ​​ថ្ងៃ​​អាទិត្យ​​នេះ​

លោកស្រី​អធិបការតី​អាល្លឺម៉ង់​ Angela Merkel (ខាងឆ្វេង) ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladmir Putin (កណ្តាល) ស្តាប់​ទៅ​ប្រធានាធិបតី​បារាំង​ Francoise Hollande នៅ​អំឡុង​ពេល​ជំនួប​ពិភាក្សា​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន​នៅ​ក្រុង​មូស្គូ​ កាល​ពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ។

កិច្ចចរចា​គ្នា​រវាង​ក្រុម​មេដឹកនាំ​នៃប្រទេស​រុស្សី ​បារាំង​និង​អាល្លឺម៉ង់​អំពី​ផែនការ​សន្តិភាព​មួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​បាន​ចប់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍នេះ​ដោយ​គ្មាន​បាន​លទ្ធផលអ្វី​ជា​ដុំកំភួន​ទេ​ ក៏​ប៉ុន្តែ​អ្នកនាំ​ពាក្យ​រុស្សី​ម្នាក់​បាន​និយាយ​ថាការងារ​អំពី​ផែនការ​នេះ​កំពុង​ដំណើរការ​ទៅ​មុខហើយ។​

អ្នកនាំ​ពាក្យ Dmitri Peskov បាន​និយាយ​ថា​ប្រធានាធិបតី​រុស្សី Vladimir Putin លោកស្រី​អធិការបតីអាល្លឺម៉ង់​ Angela Merkel ប្រធានាធិបតីបារាំង​លោក​ Francois Hollande និង​ប្រធានាធិបតី​អ៊ុយ​ក្រែន​លោក Petro Poroshenko នឹង​ធ្វើការចរចា​ចតុភាគី​តាម​ទូរស័ព្ទនៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។​

លោក Putin បានធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​លោកស្រី​ Merkel និងលោក Hollande ដើម្បី​ធ្វើការ​ចរចា​គ្នា​កាល​ពី​យប់​ថ្ងៃសុក្រ​នៅ​ក្នុង​ក្រុង​មូស្គូអំពី​សំណើរ​សន្តិភាព​មួយ​សម្រាប់​បញ្ចប់​ការ​បះបោរ​១០ខែ​របស់​ក្រុម​លម្អៀងទៅ​ខាង​រុស្សី​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃប្រទេសអ៊ុយក្រែន​។​ក្រុម​មន្ត្រី​ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក​ Peskov ផង​បាន​ពណ៌នាកិច្ចចរចា​គ្នា​រហូត​ដល់​យប់ជ្រៅថាមាន«ច្រើន​គួរសម​និង​ប្រកប​ដោយ​ការ​ស្ថាបនា»ផង​ដែរ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​ទាំង​នោះ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ។​

នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​ លោក Philip Breedlove អគ្គមេបញ្ជាការ​ក្រុម​ទាហាន​អូតង់​នៅ​ក្នុង​ទ្វីបអឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា​ ពួក​បស្ចឹម​ប្រទេស​មិន​គួរ​បដិសេធជម្រើស​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែនទេ។ថ្លែង​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​មួយ​ក្នុង​ក្រុង​ Munich លោក​ Breedlove គាំទ្រ​ការបញ្ជូន​គ្រឿង​អាវុធ​ទៅឲ្យប្រទេសអ៊ុយក្រែន​ ក៏​ប៉ុន្តែ​មិន​បញ្ជូនទាហានទៅ​ប្រទេស​នោះ​ទេ។​

ប្រភព​បារាំង​បាន​និយាយ​ថាកិច្ចចរចា​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នឹង​ផ្តោត​ការ​យក​ចិត្តទុកដាក់​ដល់​ការធ្វើឲ្យ​មាន​ប្រសិទ្ធិភាព​ទ្បើង​វិញ​នូវ​កិច្ចព្រម​ព្រៀង​សន្តិភាព​មួយដែល​បាន​ត្រូវ​ចុះហត្ថលេខា​កាល​ពី​ខែ​កញ្ញា​ដែល​ចាប់តាំង​ពី​ពេល​នោះមកមិន​បាន​ត្រូវអើពើ​ដោយ​ភាគី​ទាំង​ពីរទេ។​ ជាង​មួយ​ភាគ​បួន​នៃចំនួន​មនុស្សស្លាប់​ជិត​៥.៤០០​នាក់​នៃ​ការ​បះបោរនេះ​បាន​កើត​មាន​ទ្បើង​ចាប់តាំង​ពីពេល​នោះ​មក។​

ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ទទូច​ថា​កិច្ចព្រមព្រៀង​ថ្មី​ណាមួយ​ត្រូវ​តែ​គោរព​ព្រំដែន​ដែល​បាន​ត្រូវ​ព្រមព្រៀង​គ្នា​តាម​បទ​ឈប់​បាញ់​គ្នា​កាល​ពី​ខែ​កញ្ញា​ហើយ​មិន​អាច​រូម​បញ្ចូល​ដែនដី​ដែល​ក្រុម​ឧទ្ទាម​វាយ​យក​បាន​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំង​នោះ​ទេ៕