ប្រទេសប៉ាគីស្ថានកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបួនភាគីនៅថ្ងៃច័ន្ទនេះ ស្តីពីការបន្តឡើងវិញនូវដំណើរការសន្តិភាពអាហ្វហ្គានីស្ថាន។ កិច្ចពិភាក្សាចតុភាគីនេះ រួមបញ្ចូលភាគី អាហ្វហ្គានីស្ថាន ចិន និងសហរដ្ឋអាមេរិក។
លោកSartaj Aziz ដែលជាទីប្រឹក្សាបរទេសរបស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif បានថ្លែងបើកកិច្ចពិភាក្សាគ្នានោះ។ លោកមានប្រសាសន៍ថា «គោលបំណងចម្បងនៃដំណើរការផ្សះផ្សារគ្នាឡើងវិញនេះ គឺដើម្បីបង្កើតលក្ខខ័ណ្ឌក្នុងការនាំយកក្រុមតាលីបង់ឲ្យចូលមកតុចរចាវិញ ហើយផ្តល់ឲ្យក្រុមនោះនូវការលើកទឹកចិត្តដែលអាចបញ្ចុះបញ្ចូលពួកគេឲ្យឈប់ប្រើអំពើហិង្សាជាឧបករណ៍សម្រាប់សម្រេចគោលដៅនយោបាយរបស់ពួកគេតទៅទៀត»។
ការពង្រីកខ្លួនរបស់ក្រុមឧទ្ទាមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះបានបង្កឲ្យមានការព្រួយបារម្ភទាំងក្នុងតំបន់និងជាអន្តរជាតិថារដូវកាលវាយប្រយុទ្ធគ្នានៅរដូវផ្ការីកខាងមុននេះអាចនាំទៅរកការបង្ហូរឈាមកាន់តែច្រើនឡើង ហើយធ្វើឲ្យមានអស្ថិរភាពនៅក្នុងប្រទេសដែលខ្ទេចខ្ទីដោយសារសង្គ្រាមនោះ៕