ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​អាមេរិក​​ត្រូវ​បាន​សម្លាប់​នៅ​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ កងកម្លាំង​ពិសេស​អាមេរិក និយាយជាមួយ​គ្នា​ មុន​ពេល​ពួកគេ​ចាក​ចេញ​ពី​មូលដ្ឋាន​ទ័ព​នៅ​ខេត្ត​ Helmand ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​
រូបឯកសារ៖ កងកម្លាំង​ពិសេស​អាមេរិក និយាយជាមួយ​គ្នា​ មុន​ពេល​ពួកគេ​ចាក​ចេញ​ពី​មូលដ្ឋាន​ទ័ព​នៅ​ខេត្ត​ Helmand ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​

កាល​ពី​ថ្ងៃ​អង្គារ​ ទាហាន​ស.រ.អា.​ម្នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​ពីរ​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ខេត្ត​ Helmand នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​នៅ​ទី​នោះ​ក្រុម​យុទ្ធជនតាលីបង់​បាន​ពង្រីក​កិច្ចប្រតិបត្តិការ​កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ខាង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ថា​ កង​ឯកភាព​នៃ​កង​កម្លាំង​ពិសេស​ស.រ.អា.​មាន​ទាក់ទិន​នឹង​កិច្ច​ប្រតិបត្តិការ​នៅ​ជិត​ក្រុង​ Marja ដែល​ជា​កន្លែង​មួយ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ។​

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ខាង​កិច្ច​ការពារ​ប្រទេស​បាន​និយាយ​ប្រាប់​ VOA កាល​ពី​ថ្ងៃ​អង្គារ​ដោយ​មាន​ល័ក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា​ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ត្រូវ​បាន​បញ្ចូន​ឱ្យ​ទៅ​ជម្លៀស​ក្រុម​ទាហាន​ត្រូវ​របួស​ ក៏​ប៉ុន្តែ​មិន​អាច​ហោះ​ឡើង​បាន​ទេ​ ពី​ព្រោះ​កង្ហារ​វា​បាន​ប៉ះ​ជញ្ជាំង​កំផែង​មួយ។ ​លោក​បាន​និយាយ​បន្ថែម​ថា​ឧទ្ធម្ភាគចក្រ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុង​ Marja នៅ​ឡើយ​ដើម្បី​ព្យាយាម​ជម្លៀស​ក្រុម​អ្នក​ត្រូវ​របួស។

មន្ត្រី​ម្នាក់​ទៀត​គឺ​លោក​វរសេនីយ៍ឯក Michael Lawhorn បាន​និយាយ​ប្រាប់​ VOA ថា ឧទ្ធម្ភាគ​ចក្រ​នេះ «មិន​បាន​ត្រូវ​បាញ់​ធ្លាក់​ទេ។»

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ផ្នែក​ការពារ​ប្រទេស​ថា​ ការ​បាញ់​កាំភ្លើង​ត្បាល់​យ៉ាង​ខ្លាំង​បាន​រារាំង​មិន​ឱ្យ​ឧទ្ធម្ភាគ​ចក្រ​យោធា​ធុន ​medevac ​ទី​ពីរ​របស់​ក្រុម​យោធា​ស.រ.អា.​ចុះចតបាន​ទេ៕​

XS
SM
MD
LG