ការប្រជុំរយៈពេល ៣ ថ្ងៃ រវាងពួកបាលីបង់ និងបេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបើកផ្លូវឲ្យមានកិច្ចចរចាសន្តិភាព បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ នេះបើតាមការបញ្ជាក់របស់ក្រុមសកម្មប្រយុទ្ធក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីបេសកជនពិសេសសហរដ្ឋអាមេរិកប្រកាសយកខែមេសា ឆ្នាំ ២០១៩ ជាថ្ងៃផុតកំណត់ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១៧ ឆ្នាំនៅអាហ្វហ្គានីស្ថាន។
ស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺនឡើងតាំងពីអង្គការអូតង់បានបញ្ចប់ជាផ្លូវការនូវប្រតិបត្តិការធ្វើសង្គ្រាមរបស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ស្របពេលដែលពួកតាលីបង់ប្រយុទ្ធដើម្បីដាក់ច្បាប់ឥស្លាមដ៏តឹងតែងឡើងវិញ បន្ទាប់ពីពួកគេត្រូវបានទាហានដែលដឹកនាំដោយសហរដ្ឋអាមេរិកទម្លាប់ចេញពីអំណាចកាលពីឆ្នាំ ២០០១ មក។
ក្រុមមេដឹកនាំតាលីបង់បានជួបជាមួយនឹងបេសកជនពិសេសអាមេរិកលោក Zalmay Khalilzad នៅទីស្នាក់ការកណ្ដាលរបស់ពួកគេនៅក្នុងប្រទេសកាតាកាលពីសប្ដាហ៍មុនជាលើកទីពីរក្នុងពេលមួយខែកន្លងមកនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យពួកតាលីបង់។
លោក Zalmay Khalilzad បេសកជនអាមេរិកដើមកំណើតអាហ្វហ្គានីស្ថាន ត្រូវបានរដ្ឋាភិបាលអាមេរិកផ្ដល់សិទ្ធិឲ្យដឹកនាំការចរចាសន្តិភាពជាមួយនឹងពួកតាលីបង់។ លោកបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកសង្ឃឹមថានឹងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងពួកតាលីបង់នៅត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំក្រោយ។
ថ្ងៃផុតកំណត់នេះគឺស្របជាមួយនឹងកាលបរិច្ឆេទនៃការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕