ក្រុម​តាលីបង់​មិន​បាន​ច្រានចោល​ការ​ធ្វើ​ការបោះឆ្នោត​នោះ​ទេ

រូបឯកសារ៖ បុគ្គលិក​របស់​គណៈកម្មាធិការ​រៀបចំការបោះឆ្នោត​របស់​អាហ្វហ្គានីស្ថាន​រាប់​សន្លឹក​ឆ្នោត​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ (REUTERS/Mohammad Ismail)

ក្នុង​អំឡុង​ពេល​បះបោរ​រយៈពេល​២​ទសវត្សរ៍​របស់​ខ្លួន​ ក្រុម​តាលីបង់​បាន​និយាយ​បង្ខូច​អំពី​ការ​បោះឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ ​ដោយ​ហៅ​ការ​បោះឆ្នោត​ថា​ មិន​ស្របតាម​អ៊ីស្លាម​ ហើយ​បាន​ធ្វើការ​វាយ​ប្រហារ​ជារឿយៗ​ទៅ​លើ​បុគ្គលិក​រៀបចំ​ការ​បោះឆ្នោតអាហ្វហ្គានីស្ថាន ​និង​ការ​ជួប​ជុំ។​

ក៏ប៉ុន្តែ​ឥឡូវនេះ ​ អ្នក​នាំពាក្យ​កំពូល​របស់​តាលីបង់​និយាយ​ថា ក្រុម​តាលីបង់​មិន​បដិសេធ​ការ​បោះឆ្នោត​ទេ​ នៅពេល​ដែល​ខ្លួន​ចាត់​វិធានការ​បង្កើត​រដ្ឋាភិបាល​អចិន្ត្រៃយ៍​ដែល​ផ្អែក​លើ​ច្បាប់​អ៊ីស្លាម​ ឬ​ Sharia។​

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ​VOA ​ភាសា ​Urdu ​ លោក ​Sahail Shaheen ​អ្នក​នាំពាក្យ​កំពូល​នៃ​ការិយាល័យ​នយោបាយ​របស់​ក្រុម​តាលីបង់​នៅ​ក្នុង​ទីក្រុង​ដូហា​ ប្រទេស​កាតា ​បាន​និយាយ​ថា​ បញ្ហា​នេះ​នឹង​ត្រូវ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​នៅ​ពេល​អនាគត។ ​

លោក ​Shaheen ​បាន​និយាយ​ថា ​«ការ​បោះឆ្នោត ​ឬ​មិនបោះឆ្នោត ​ចូរ​រង់​ចាំ​សិន។ ​ យើង​មាន​រដ្ឋធម្មនុញ្ញ​ នៅ​ពេល​អនាគត ​ ដូច្នេះ​យើង​នឹង​មាន​ការ​ពិគ្រោះ​លម្អិត​អំពី​រឿង​នេះ​ក្នុង​ថ្ងៃ​អនាគត​ ​នៅពេល​យើងព្រាង​រដ្ឋ​ធម្មនុញ្ញ ​ដូច្នេះ​យើង​នឹង​ដឹង​នៅ​ពេល​នោះ ​ មិន​មែន​នៅ​ពេល​ឥឡូវ​នេះ​ទេ»។​

អត្ថាធិប្បាយ​របស់​លោក​ Shaheen​ ធ្វើ​ឡើង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ការ​អំពាវនាវ​នៅ​ពេល​ថ្មីៗ​នេះ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ​Ebrahim Raisis ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​កំណត់​អនាគត​របស់​ប្រទេស​នេះ។ ​ការ​រៀបចំ​ការ​បោះឆ្នោត​ជា​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​សម្រាប់​ជនជាតិ​ភាគតិច​ជាច្រើន​ និង​ក្រុម​ប្រឆាំង​ក្រុម​តាលីបង់​នៅ​ក្នុង​ប្រទេស​នោះ។​

នៅឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​កាប៊ុល ​ លោក ​Amir Khan Mutaqi ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​រដ្ឋាភិបាល​អន្តរកាល​ថ្មី​របស់​តាលីបង់​ បាន​គេច​ពី​សំណួរ​អំពី​ការ​បោះឆ្នោត ​ ដោយ​និយាយ​ថា ​ បរទេស​មិន​ត្រូវ​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​អាហ្វហ្គានីស្ថាន​ទេ៕