ក្រុមតាលីបានបានបញ្ជាក់ថា ខ្លួនបានធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនៅក្នុងប្រទេសកាតា នៅសប្តាហ៍នេះដើម្បីស្វះស្វែងរកការបញ្ចប់សង្គ្រាមរយៈពេល១៧ឆ្នាំក្នុងប្រទេសអាហ្វហ្គានីស្ថាន។
មន្រ្តីជាន់ខ្ពស់តាលីបានម្នាក់បានប្រាប់ VOA កាលពីថ្ងៃសុក្រថា លោកស្រី Alice Wellsឧបការីរងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិងអាស៊ីកណ្តាលបានដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកនៅក្នុងជំនួបក្នុងក្រុងដូហានៃប្រទេសកាតា។
មន្រ្តីក្រុមបះបោរនោះដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានពន្យល់ថា ការចរចាលើកដំបូងផ្តោតលើការត្រួសត្រាយផ្លូវសម្រាប់ការទាក់ទងនិងជំនួបនៅថ្ងៃអនាគតរវាងក្រុមតាលីបាន និងសហរដ្ឋអាមេរិក។
មន្រ្តីតាលីបានរូបនោះបាននិយាយទៀតថា៖ «បរិយាកាសជាទូទៅនៃជំនួបនោះមានសភាពល្អហើយការពិភាក្សាក៏មានផ្លែផ្ការដែរ»។ ហើយលោកមិនបាននិយាយលម្អិតទៀតទេ។
របាយការណ៍នៃជំនួបជាប្រវត្តិសាស្រ្តកាលពីថ្ងៃចន្ទនៅក្នុងរដ្ឋធានីនៃប្រទេសកាតាបានបង្ហាញក្នុងកាសែតអាមេរិកាំងនៅដើមសប្តាហ៍នេះក៏ប៉ុន្តែ ទាំងមន្រ្តីសហរដ្ឋអាមេរិកឬពួកមន្រ្តីក្រុមតាលីបានមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ទេរហូតមកទល់ពេលឥឡូវនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយស្តីពីជំនួបជាមួយក្រុមបះបោរនេះ។
មន្រ្តីម្នាក់របស់ក្រសួងការបរទេសអាមេរិកនៅពេលគេសួរអំពីប្រតិកម្មដល់របាយការណ៍នៃការចរចាជាមួយពួកតាលីបាននិយាយថា «សហរដ្ឋអាមេរិកកំពុងស្វែងវិធីទាំងអស់ដើម្បីធ្វើឲ្យជឿនលឿនដំណើរការសន្តិភាពនៅក្នុងការពិគ្រោះដ៏ជិតស្និទ្ធជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕