ពួក​តាលីបង់​ការពារ​មេ​ពួ​កគេ​ថា​ជា​«អ្នក​គ្រប់​គ្រង​ត្រឹម​ត្រូវ​តាម​ច្បាប់»​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន

រូបឯកសារ៖ តំណង​ពិសេស​របស់​អាហ្វហ្គានីស្ថានសម្រាប់​ការ​ផ្សះផ្សា​ លោក Zalmay Khalilzad និង​ស្ថាបនិក​តាលីបង់ Mullah Abdul Ghani Baradar ចាប់​ដៃ​គ្នា​បន្ទាប់​ពី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ទីក្រុង​ដូហា ប្រទេស​កាតា កាល​ពី​ថ្ងៃ​ទី​២៩ កុម្ភៈ ២០២០។

ពួក​តាលីបង់​បាន​និយាយថា​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​របស់​ខ្លួន​ជាមួយ​ស.រ.អា.​នឹង​មិន​កែ​ប្រែ​ឋានៈ​នៃ​មេដឹកនាំ​កំពូល​របស់​ជា​មេដឹកនាំ​ត្រឹម​ត្រូវ​តាម​ច្បាប់នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ។

ពួក​គេនិយាយ​ថា​ មេ​ដឹក​នាំ​របស់​គេមាន​កាតព្វកិច្ចតាម​សាសនា​ដើម្បី​បង្កើត​«រដ្ឋា​ភិបាល​ឥស្លាម»​មួយ​នៅ​ក្រោយ​ពួក​ទាហាន​បរទេស​ដែលកាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ ចាក​ចេញ​ពី​ប្រទេស​នេះ។

សេចក្តី​ប្រកាស​ថ្មីៗ​បំផុត​នេះរបស់​ពួកតាលីបង់​បង្កើន​ភាព​មិន​ទៀង​ទាត់​ដល់​កិច្ច​ព្រម​ព្រៀង​រវាង​ស.រ.អា.​និង​ពួក​តាលីបង់​ដែល​បាន​ត្រូវ​ចុះ​ហត្ថលេខា​កាល​ពីមួយ​សប្តាហ៍​មុន​នេះ​នៅ​ក្នុង​ប្រទេសកាតា។ សេចក្តី​ប្រកាស​នេះ​ក៏​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​អាមេរិកាំង​មួយ​បាន​រាយការណ៍​ថា ​រដ្ឋាភិបាល​ស.រ.អា.​មាន​ព័ត៌មាន​ខាង​ការ​ស៊ើបការ​សម្ងាត់​ដែល​ថា​ ពួក​បះបោរ​ជ្រុល​និយម​នេះ​មិន​ចង់​ធ្វើ​តាម​ការ​សន្យា​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​កាល​ពី​ថ្ងៃ​ទី២៩​ខែកុម្ភៈ​ទេ។​

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ពួកតាលីបង់​កាល​ពី​ថ្ងៃ​សៅរ៍​និយាយ​ទទូច​ថា​ នៅ​ពេល​មាន​វត្តមាន​នៃ​ Emir ​ត្រឹម​ត្រូវ​តាម​ច្បាប់​ម្នាក់​ មិន​អាច​មាន​អ្នក​គ្រប់​គ្រង​ម្នាក់​ទៀត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ទេ ​ដោយ​និយាយ​យោង​ដល់​លោក ​Mullah Haibatullah Akhundzada ​ប្រធាន​របស់​ពួក​គេ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​សង្គ្រាម​សាសនា​១៩​ឆ្នាំ​នេះប្រឆាំង​នឹង​ការ​កាន់​កាប់​របស់​បរទេស​បាន​ត្រូវ​ធ្វើ​នៅ​ក្រោមការ​បញ្ជា​របស់​ Emir ​ត្រឹម​ត្រូវ​តាម​ច្បាប់​ម្នាក់ ​កិច្ចព្រម​ព្រៀង​ស្តី​ពី​ការ​បញ្ចប់​ការ​កាន់​កាប់​នេះ​មិន​មែន​មាន​ន័យ​ថា​ ការ​គ្រប់គ្រង​របស់​លោក​បាន​ត្រូវ​បញ្ឈប់​ឡើយ» ដោយ​និយាយ​យោង​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ក្រុម​ចម្រុះ​យោធា​អន្តរជាតិ​មួយ​ដឹកនាំ​ដោយ​ស.រ.អា.​បាន​ចូល​លុក​លុយ​ប្រទេស​អាហ្វហ្គានីស្ថាន​ តែ​ប៉ុន្មាន​អាទិត្យ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏ប្រល័យ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០០១​ ​លើ​ប្រទេស​អា​មេរិក​ហើយ​បាន​បណ្តេញ​ពួក​តាលីបង់​ពី​អំណាចដោយសារ​ពួក​នេះ​បាន​ឱ្យ​ពួកមេដឹកនាំ​ al-Qaida​ ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​ធ្វើ​ការ​សម្លាប់​រង្គាល​នេះ ជ្រក​កោន​នៅក្នុង​ប្រទេស​នោះ។

កិច្ច​ព្រមព្រៀង​គួរ​កត់​សម្គាល់​ជា​ប្រវត្តិសាស្ត្រ​នេះ​រវាង​ស.រ.អា.​និង​ពួក​តាលីបង់​ដែល​បាន​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​មាន​វត្តមាន​ពួក​ឥស្សរជន​ជាន់​ខ្ពស់​តំណាង​ប្រទេស​ជាតិ​រាប់​សិប​បើក​ឱ្យ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ បញ្ចប់​សង្គ្រាម​យូរ​បំផុត​របស់ខ្លួន​ និង​នាំ​មក​ផ្ទះ​វិញ​នូវ​ទាហាន​ប្រមាណ​១ម៉ឺន​៣​ពាន់​នាក់​ក្នុង​រយៈ​ពេល​១៤​ខែ​ខាង​មុខ​នេះ។

ជា​ថ្នូរ​នឹង​ការ​ដក​ទ័ពនេះ​ កិច្ច​ព្រម​ព្រៀង​នេះ​អំពាវ​នាវ​ដល់​ពួក​តាលីបង់​កុំ​ឱ្យ​ទទួល​ពួក​ភេរវជន​ឱ្យ​ស្នាក់ជ្រក​កោន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​ចូល​រួម​ក្នុង​ដំណើរការ​ផ្សះផ្សា​គ្នា​ខាង​នយោបាយ​ជាមួយភាគី​អាហ្វហ្គានីស្ថាន ​ឯទៀតៗ ដោយ​មាន​រួមបញ្ចូល​ទាំង​សង្គម​ស៊ីវិល​ផង​ដែរ ដើម្បី​ធ្វើ​ការ​ចរចា​គ្នាឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាតិ​ និង​បែង​ចែក​អំណាច​គ្នា​ប្រកប​ដោយ​ចីរភាព៕