ក្រុមតាលីបង់បានអះអាងថា ពួកគេបានត្រួតត្រាប្រមាណ១០ភាគរយនៃប្រទេសអាហ្វហ្គនីស្ថានកាលពីឆ្នាំទៅ ហើយបាននិយាយថា ពួកគេនៅតែកាន់កាប់ភាគច្រើនបំផុតនៃដែនដីដែលពួកគេបានវាយយកបាន។
មន្ត្រីជាន់ខ្ពស់ម្នាក់ខាងកិច្ចការពារប្រទេសមិនបានពិភាក្សាការអះអាងរបស់ក្រុមតាលីបង់ទាំងនេះទេ ក៏ប៉ុន្តែបាននិយាយកាលពីថ្ងៃសៅរ៍ថា កងឆ្មក់ប្រឆាំងនឹងភេរវកម្មមួយក្រុមរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានឆ្មក់វាយប្រហារគុកមួយរបស់ក្រុមតាលីបង់ ហើយបានដោះលែងក្រុមអ្នកទោសច្រើននាក់នៅក្នុងខេត្ត Helmand ដែលជាតំបន់មួយដែលក្រុមតាលីបង់ និងរដ្ឋាភិបាលក្រុងកាប៊ុលបានប្រយុទ្ធគ្នាដើម្បីត្រួតត្រាខេត្តនេះ។
មន្ត្រីអាហ្វហ្គានីស្ថានរូបនេះបាននិយាយថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានធ្វើកិច្ចប្រតិបត្តិការនេះនៅឯគុកនោះដោយគ្មានការគាំទ្រនៅលើដីដោយកងឯកភាពនៃអង្គការអូតង់ទេ ហើយថាមានតែការគាំទ្រខាងការស៊ើបការសម្ងាត់មានកម្រិត និងការគាំទ្រខាងការរៀបចំផែនការដោយកងយោធាស.រ.អា.។
ក្រុមតាលីបង់បាននិយាយថា ការវាយយកបានជាបណ្តោះអាសន្ននូវក្រុង Kunduz នាផ្នែកខាងជើងប្រទេសកាលពីខែកញ្ញាជាសកម្មភាពសំខាន់បំផុតកាលពីឆ្នាំ២០១៥។ ឯកសារមានចំណងជើងថា «ការពិនិត្យដោយហ្មត់ចត់អំពីការជឿនលឿនរបស់ក្រុម Jihadi ក្នុងឆ្នាំ២០១៥» ដែលត្រូវបានបញ្ជូនទៅឱ្យក្រុមអ្នកកាសែតកាលពីថ្ងៃសៅរ៍បានអះអាងថារយៈពេល១២ខែកន្លងទៅនេះជា «រយៈពេលមួយដែលមានជោគជ័យបំផុត និងមានការបំផុសគំនិតបំផុតសម្រាប់ក្រុមយុទ្ធជនរបស់ពួកគេក្នុងរយៈកាល១៥ឆ្នាំកន្លងទៅនេះ ចាប់តាំងពីមុនពេលដែលកងកម្លាំងស.រ.អា. និងក្រុមទាហានឯទៀតៗនៃក្រុមចម្រុះបានទៅដល់ប្រទេសអាហ្វហ្គានីស្ថានដើម្បីបណ្តេញរដ្ឋបាលតាលីបង់កាលពីឆ្នាំ២០០១៕