ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.​ស.ប.​៖ ​​​សន្តិសុខ​​អាហ្វហ្គានីស្ថាន​កាន់​តែ​ដុនដាប​ក្រោយ​ពី​តាលីបង់​សម្លាប់​ទាហាន​អាមេរិកាំង​៦​នាក់


ទាហាននៃកងកម្លាំង​ជាតិ​អាហ្វហ្គានីស្ថាន​ឈរយាម​ប៉ុស្តិ៍​​​ក្នុង​ខេត្ត Helmand កាល​ពីថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ២០១៥។
ទាហាននៃកងកម្លាំង​ជាតិ​អាហ្វហ្គានីស្ថាន​ឈរយាម​ប៉ុស្តិ៍​​​ក្នុង​ខេត្ត Helmand កាល​ពីថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ២០១៥។

ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ស្ថានភាព​សន្តិសុខ​ជា​ទូទៅ​នៅ​អាហ្វហ្គានីស្ថាន​ កាន់​តែ​ធ្លាក់​ដុនដាប​ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាតតាលីបង់​ម្នាក់​បាន​សម្លាប់​ទាហាន​អាមេរិកាំង​អស់​៦នាក់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​កង​ល្បាត​របស់​អង្គការ​អូតង់។

លោក ​Nicholas​ Haysom​ បាន​មាន​ប្រសាសន៍​ថា ​កងទ័ព​អាហ្វហ្គានីស្ថាន​ «អស់​សមត្ថភាព​ហើយ» ​ហើយ​ត្រូវការ​ការ​រៀបចំ​រដ្ឋបាល ​និង​កិច្ច​ប្រឹង​ប្រែង​ថែម​ទៀត​ដើម្បី​បង្កើន​ទឹកចិត្ត​ប្រយុទ្ធ​ឲ្យ​ខ្លាំងក្លា​ថែម​ទៀត។ លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​វិវត្ត​នយោបាយ​ទៅ​មុខ​ទៀត​ដោយ​និយាយ​ថា រដ្ឋាភិបាល​រួបរួម​គ្នា​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ ចាំ​បាច់​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត នៅ​ឆ្នាំ​ក្រោយ។ ​

រយៈ​ពេល​មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ​ចាប់​តាំង​ពី​ក្រុម​ចម្រុះ​របស់​អង្គការ​អូតង់​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​បេសកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ផ្ទេរ​ភារកិច្ច​ទៅ​ជា​កងកម្លាំង​មួយ​ ដែល​ជួយ​ហ្វឹកហ្វឺន​និង​ផ្តល់​ប្រឹក្សា​ដល់​កងទ័ព​អាហ្វហ្គានីស្ថាន​វិញ​នោះ ដោយសារ​តែ​កង​កម្លាំង​អាហ្វហ្គានីស្ថាន ​ព្យាយាម​ការពារ​ប្រទេស​របស់ខ្លួន​ដោយ​ខ្លួន​ឯង​នោះ។

ទាហាន​អាមេរិកាំង​ជាង​១.៨០០​នាក់​ បាន​ស្លាប់​ចាប់​តាំង​ពី​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ បាន​ចាប់​ផ្តើម​កាល​ពី​ខែ​តុលា​ឆ្នាំ​២០០១​មក៕

XS
SM
MD
LG