ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​របស់​ក្រុម​តាលីបង់​សម្លាប់​ទាហាន​ NATO ៦​នាក់​


រូប​ឯកសារ ៖ ទាហាន​អាមេរិកាំង​ឈរ​យាម​ល្បាត​ជាមួយ​ប៉ូលិស​អាហ្វហ្គានីស្ថាន​ នៅ​ខាង​ក្រៅ​មូល​ដ្ឋាន​ទ័ព​អាកាស​ Bagram កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៩។​
រូប​ឯកសារ ៖ ទាហាន​អាមេរិកាំង​ឈរ​យាម​ល្បាត​ជាមួយ​ប៉ូលិស​អាហ្វហ្គានីស្ថាន​ នៅ​ខាង​ក្រៅ​មូល​ដ្ឋាន​ទ័ព​អាកាស​ Bagram កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៩។​

អង្គការ​ NATO បាន​និយាយ​ថា​ទាហាន​អាមេរិកាំង​៦​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត​មួយ​ និង​របួស​៣​នាក់​ នៅ​ក្បែរ​មូល​ដ្ឋាន​ទ័ព​អាកាស​ Bagram ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ជា​មូលដ្ឋាន​យោធា​ស.រ.អា.ធំបំផុត​នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម។

ក្រុម​មន្ត្រី​ការពារ​ប្រទេស​ស.រ.អា.បាន​និយាយ​ដោយ​មាន​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ជន​ជាតិ​អាមេរិកាំង​ដែល​ស្លាប់​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ការប្រហារ​មួយ​ក្នុង​បណ្តា​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុតទៅ​លើ​ទាហាន​បរទេស​នៅ​ឆ្នាំ​នេះ។

កាល​ពី​ពេល​មុន​នេះ​ លោកវរសេនីយ៍ឯក Michael Lawhorn អ្នក​នាំ​ពាក្យ​នៃ​បេសកកម្ម​ Resolute Support ដឹក​នាំ​ដោយ​អង្គការ​អូតង់​ បាន​និយាយ​ជាមួយ​VOA អំពី​ការវាយ​ប្រហារ​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ។​

លោក Lawhorn​ បាន​និយាយថា «ខ្ញុំ​អាច​បញ្ជាក់​ថា​ទាហាន​៦​នាក់​នៃ​បេសកកម្ម Resolute Support បាន​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ​ដាក់​លើ​យាន​យន្ត​មួយ​នៅ​ Bagram ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ប្រមាណ​ម៉ោង​១:៣០នាទី​រសៀល​ [ម៉ោង​ក្នុង​តំបន់]។ ​បន្ថែម​ពី​លើ​នេះ​ សមាជិក​បី​នាក់​នៃ​បេសកកម្ម Resolute Support ​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែរ។»

លោក​បាន​ថ្លែង​បន្ថែម​ថា​ការ​វាយ​ប្រហារ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត។​

ក្រុមតាលីបង់​បាន​ប្រញាប់​ប្រញាល់​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ​ ហើយ​បាន​និយាយ​ថា​មាន​មនុស្សយ៉ាង​តិចណាស់​១៩​នាក់​បាន​ស្លា​ប់ដោយ​ភាគ​ច្រើន​ជា​ទាហាន​ស.រ.អា. ​ថ្វី​បើ​ក្រុម​បះបោរ​នេះ​ល្បី​ខាង​ការ​បំផ្លើស​តួលេខ​មនុស្សស្លាប់​ក៏​ដោយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រុម​តាលីបង់​បាន​និយាយ​ថា ​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​ដែល​ជិះ​ម៉ូតូ​បាន​ធ្វើ​ការ​វាយ​ប្រហារ​នេះ៕

XS
SM
MD
LG