ក្រុម​តាលីបង់​ថា ដ្រូន​របស់​អាមេរិក​ប្រើ​ដែន​អាកាស​ប៉ាគីស្ថាន​ដើម្បី​ឈ្លានពាន​អាហ្វហ្គានីស្ថាន

រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​លោក Mullah Mohammad Yaqoob ចូលរួម​ពិធី​ខួប​លើក​ទីមួយ​នៃ​ការកាន់កាប់​ទីក្រុង​កាប៊ុល​ដោយ​ពួកតាលីបង់​ក្នុង​ទីក្រុង​កាប៊ុល កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

កាលពី​ថ្ងៃ​អាទិត្យ រដ្ឋមន្ត្រី​ការពារ​ជាតិ​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចោទ​ប្រកាន់​ដោយ​ចំៗ​ថា ​ប្រទេស​ប៉ាគីស្ថាន​បាន​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​ប្រើប្រាស់​ដែន​អាកាស​របស់​ខ្លួន​ដើម្បី​ធ្វើការ​វាយប្រហារ​លើ​ប្រទេស​អាហ្វហ្គានីស្ថាន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​តាលីបង់​លោក Mohammad Yaqoob បាន​ធ្វើការ​ចោទ​ប្រកាន់​បែប​នេះ ក្នុង​ពេល​ជិត​មួយ​ខែ​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ខ្លួន​បាន​សម្លាប់​មេដឹកនាំ​ក្រុម​អាល់កៃដា (al-Qaida) ឈ្មោះ Ayman al-Zawahiri ដោយ​បាន​ប្រើ​ម៉ីស៊ីល​ដែល​បាញ់​ពី​ដ្រូន​មួយ​គ្រឿង​ចំ​កន្លែង​លាក់ខ្លួន​របស់​មេដឹកនាំ​រូប​នេះ​នៅ​កណ្តាល​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃ​ទី ៣១ ខែ​កក្កដា​កន្លង​ទៅ​នេះ។

លោក Yaqoob បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល​ថា តាំងពី​ពេល​នោះ​មក ដ្រូន​របស់​សហរដ្ឋអាមេរិក​បាន​បន្ត​ហោះ​ចូល​ដែន​អាកាស​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​រំលោភ​លើ​បូរណភាព​ទឹកដី​របស់​អាហ្វហ្គានីស្ថាន ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​ប៉ាគីស្ថាន​បញ្ឈប់​ការ​រំលោភ​បំពាន​បែប​នេះ។

ក្រុម​តាលីបង់​មិន​អាច​តាមដាន​កត់ត្រា​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ការ​បំពាន​ដែន​អាកាស​នេះ​បាន​ទេ ពីព្រោះ​យោធា​សហរដ្ឋ​អាមេរិក​បាន «បំផ្លាញ​ទាំងស្រុង» នូវ «ប្រព័ន្ធ​រ៉ាដា​របស់​អាហ្វហ្គានីស្ថាន‍» នៅពេល​ដែល​ខ្លួន​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Yaqoob នៅពេល​ដែល​គេ​សួរ​ថាតើ​រដ្ឋាភិបាល​របស់​លោក​ដឹង​ដែរ​ឬ​ទេ​ថា​ប្រទេស​ណា​ដែល​ជួយ​សម្របសម្រួល​ដល់​ប្រតិបត្តិការ​របស់​ដ្រូន​សហរដ្ឋ​អាមេរិក​នៅ​ក្រោយ​ការ​ដក​កងទ័ព​នោះ។

លោក Yaqoob បាន​និយាយ​ថា៖ «ប៉ុន្តែ​បើ​តាម​ព័ត៌មាន​របស់​យើង ដ្រូន​ទាំង​នោះ​ហោះ​ចូល​ប្រទេស​អាហ្វហ្គានីស្ថាន​តាម​រយៈ​ប្រទេស​ប៉ាគីស្ថាន។ ពួកគេ​ប្រើប្រាស់​ដែន​អាកាស​ប៉ាគីស្ថាន។ យើង​ទាមទារ​ឱ្យ​ប៉ាគីស្ថាន​បញ្ឈប់​ការ​ប្រើប្រាស់​ដែន​អាកាស​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​យើង‍»។

ប៉ាគីស្ថាន​បាន​បញ្ជាក់​ថា ខ្លួន «បាន​កត់​សម្គាល់​ដោយ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង» អំពី​ការ​ចោទ​ប្រកាន់​របស់​លោក Yaqoob នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​លោក Asim Iftikhar Ahmad បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ដោយសារតែ​គ្មាន​ភ័ស្តុតាង​ណា​មួយ ដូច​ដែល​លោក​រដ្ឋមន្ត្រី​អាហ្វហ្គានីស្ថាន​ខ្លួន​ឯង​បាន​ទទួលស្គាល់​ស្រាប់ ការ​ចោទ​ប្រកាន់​ដោយ​ការ​ប៉ាន់ស្មាន​បែប​នេះ​គឺជា​ការ​គួរ​ឱ្យ​សោកស្តាយ​យ៉ាង​ខ្លាំង និង​ផ្ទុយ​ពី​បទដ្ឋាន​នៃ​ការ​អនុវត្ត​កិច្ចការ​ការទូត​ដែល​មាន​ការ​ទទួល​ខុសត្រូវ»។

លោក Ahmad បាន​បន្ថែម​ថា៖ «យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ធានា​ធ្វើ​យ៉ាង​ណា​ថា​ខ្លួន​បំពេញ​តាម​ការ​សន្យា​របស់​ខ្លួន​ចំពោះ​សហគមន៍​អន្តរជាតិ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​ឡើយ‍»៕