ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នកស្លាប់​កើន​ដល់​២១នាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន


ក្រុម​អ្នក​កាន់​ទុក្ខ​សែង​សាកសព​នៃ​ជនរងគ្រោះ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​មួយ​កន្លែង នៅ​ក្នុង​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២។

អាជ្ញាធរ​តាលីបង់​ក្នុង​ប្រទេស​អាហ្វាហ្គានីស្ថាន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ចំនួន​អ្នក​ស្លាប់​ពី​ការផ្ទុះ​គ្រាប់បែក​មួយ​កាលពី​យប់​មិញ កើន​ដល់​យ៉ាងតិច​២១នាក់​ហើយ។

លោក Khalid Zadran ដែល​ជា​អ្នកនាំ​ពាក្យ​ប៉ូលីស​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល បាន​ប្រាប់​វីអូអេ​ថា អ្នក​បន់ស្រន់​យ៉ាងតិច ៣៣នាក់​ទៀត បាន​រងរបួស។

សាក្សី​និង​ប៉ូលីស​បាន​និយាយ​ថា ​ការ​ផ្ទុះ​យ៉ាងខ្លាំង​បាន​កើត​ឡើង​នៅ​ក្នុង​វិហារ​សាសនា​អ៊ីស្លាម​ Siddiquiya Mosque នៅ​ក្នុង​តំបន់ Kher Khanna ដែល​ស្ថិតនៅ​ភាគខាងជើង ក្នុង​អំឡុង​ពេល​បន់ស្រន់​ព្រះ កាល​ពី​យប់​ថ្ងៃពុធ។

មន្ទីពេទ្យ​សប្បុរសធម៌ Emergency ដែល​ប្រទេស​អ៊ីតាលី​ចាត់ចែង​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​គេ​ដឹក​មក​ពី​កន្លែង​កើតហេតុ​នោះ មាន​២នាក់ស្លាប់ និង​ម្នាក់ទៀត​ស្លាប់​ក្នុង​បន្ទប់​ជួយ​សង្គ្រោះ​អាសន្ន។ មន្ទីពេទ្យ​នោះ​បាន​ឱ្យដឹង​ទៀត​ថា កុមារ​៥នាក់ ដែល​មាន​រួមកុមារ​អាយុ៧ឆ្នាំម្នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវ​របួស។

អ្នកនាំ​ពាក្យ​តាលីបង់ Zabihullah Mujahid បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​យ៉ាង​បង្ហូរ​ឈាម​នោះ ដោយ​និយាយ​ថា៖ «ជន​ដៃដល់​ក្នុង​ឧក្រិដ្ឋកម្ម​បែបនេះ នឹង​ត្រូវ​នាំខ្លួន​មក​កាត់ទោស នៅ​ពេលឆាប់ៗ ហើយ​នឹង​ត្រូវ​ផន្ទា​ទោស។

ពុំ​ទាន់​មានជន​ណា​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​នៅ​ឡើយទេ៕

XS
SM
MD
LG