គ្រូបង្រៀន​និង​​ពលរដ្ឋ​ខ្មែរ​ដាក់​ញត្តិ​បឹ្តង​ដក​នាយក​វិទ្យាល័យ​មួយ​រូបក្នុង​ខេត្ត​តាកែវ​

(រូប​មិន​ទាក់ទង) ក្មេង​សិស្សបឋម​សិក្សា​កេសរារាមចាក​ចេញ​ពី​សាលា​របស់​គេ​ កាល​ពី​​​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥​ ក្នុងខេត្ត​​សៀមរាប​​ ប្រទេស​កម្ពុជា​។ (នូវ​ ពៅលក្ខិណា​/VOA)

ពូក​គេ​បាន​ចោទ​ប្រកាន់​​ថា​ នាយក​សាលា​រូប​នេះ​គ្មាន​តម្លា​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ថវិកា​ និង​ទន់​ខ្សោយ​​​ក្នុង​ការ​គ្រប់​គ្រង​សាលា​ដែល​កំពុង​រង​ការ​ខូចខាត។

គ្រូ​បង្រៀន ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត​តាកែវ​កំពុងទាមទារ​ឲ្យ​ដក​ នាយក​វិទ្យាល័យ​សុខ អាន​ក្តី​ទន្ទឹម​ ដោយ​ពួកគេ​បាន​ចោទ​ប្រកាន់ថា​ នាយក​សាលា​រូប​នេះ​គ្មាន​តម្លា​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ថវិកា​ និង​ទន់​ខ្សោយ​ក្នុង​ការ​គ្រប់​គ្រង​សាលា​ដែល​កំពុង​រង​ការ​ខូចខាត។​ នេះ​បើ​យោង​ទៅលើញត្តិ​របស់​គ្រូ​បង្រៀន​ចុះ​ថ្ងៃ​ទី​១០​វិច្ឆិកា និង​ញត្តិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ចុះថ្ងៃ​ទី​១៤​ខែវិច្ឆិកា​ ដែល​ VOA ទទួលបាន​ថ្មីៗ​នេះ។​

គ្រូ​បង្រៀនបាន​ថ្លែង​នៅ​ក្នុងញត្តិ​ដាក់​ជូន​គណៈ​គ្រប់​គ្រង​វិទ្យាល័យ​សុខ​អាន​ក្តី​ទន្ទឹមនោះថា​ ពួកគេ​មិន​ព្រម​បង្រៀន​បន្ថែម​ម៉ោង​ ដោយ​ពួក​គេ​គ្មាន​ទឹក​ចិត្ត​បង្រៀន​ និង​ធ្វើ​ការ​ជាមួយ​លោក​ ឡុង​ អិត ​នាយក​វិទ្យាល័យ​សុខ​អាន​ក្តី​ទន្ទឹម​តទៅ​ទៀត​ទេ​ ដោយ​សារ​នាយក​សាលា​រូបនេះ​ពុំមាន​ផែនការ​ច្បាស់​លាស់​នៅ​ក្នុង​ការ​គ្រប់​គ្រង​ការ​ចំណាយ​នៅ​ក្នុង​ដំណើរ​ការ​របស់​សាលារៀន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

រី​ឯ​គណៈ​កម្មការ​ទ្រទ្រង់​សាលា​ និង​ប្រជា​ពលរដ្ឋដែល​បាន​ដាក់​ញ្ញតិ្ត​ជូន​លោក​ ឡាយ​ វណ្ណៈ​ អភិបាល​ខេត្ត​តាកែវ បានចោទ​ប្រកាន់​ថា ការ​ដឹកនាំ​របស់​នាយកសាលា​រូប​នេះ​កន្លង​មក​ ធ្វើ​ឲ្យ​សាលា​រៀន​គ្មាន​ការ​អភិវឌ្ឍ។​ ពួក​គេ​ថ្លែង​ថា​ ​អគារ​សិក្សា​បាន​បែកបាក់​ ដំបូល​ធ្លុះ​ធ្លាយ​មិន​បាន​ជួស​ជុល​ តុកៅ​អី​ក្នុង​អគារ​សិក្សា​មួយ​ខ្នង​ប្រាំ​បន្ទប់​ បាន​បាត់​បង់​អស់​ និង​ទ្វារ​បង្អួច​បាក់បែក​ ធ្លុះ​ធ្លាយ​ដោយ​មិន​បាន​ជួល​ជុល។​

ពួក​គេ​សង្កត់​ធ្ងន់​ថា៖​

«ការ​ដឹកនាំ​របស់​លោក​ឡុង អិត​កន្លង​មក​តែង​តែ​បង្ក​ទំនាស់​ ខ្វះ​សាមគ្គី​ភាព​ ជាមួយ​សហគមន៍​ និង​បុគ្គលិក​ ពិសេស​ប្រកាន់​បក្ខពួក។​ ​នៅក្នុង​បន្ទប់​រៀន​ នីមួយៗ​ ចំនួន​សិស្ស​មាន​ច្រើន​លើស​លប់​ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នាក្នុង​ការ​រៀន​សូត្រ​ ដោយ​សិស្ស​ក្នុង​មួយ​ថ្នាក់ៗ​មាន​ចំនួន​ចាប់​ពី​៥០​ទៅ​៦០​នាក់»។​

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ទំនោរ​នៃ​ការ​ទាមទារ​ឲ្យ​ដក​តំណែង​មន្ត្រី​បម្រើ​ការងារឲ្យ​រដ្ឋា​ភិ​បាល​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់។​ ​ មន្ត្រី​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ដក​ចេញ​ពី​តំណែង​នោះ​រមែង​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​បង្កើត​បក្ខ​ពួក​និយម​នៅ​ក្នុង​ស្ថាប័ន​ការងារ​របស់​ខ្លួន។​

លោក​ឡុង អិត ​នាយក​វិទ្យាល័យ​សុខអាន​ក្តី​ទន្ទឹម ដែល​បាន​គ្រប់​គ្រង​សាលា​តាំង​ពី​ឆ្នាំ​២០១០​មក​ និង​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា​ ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​បង្កើត​ឲ្យ​មាន​បក្ខ​ពួក​និយមនោះ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ។​ ​ លោក​និយាយ​ប្រាប់​ VOA ​ថា​ រូបលោក​ត្រូវ​បានគេប្តឹង​ម្តងរួច​មក​ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៥​ តែ​ក្រោយ​ការ​ចុះ​ស៊ើប​អង្កេត​របស់​មន្ត្រី​នៃ​ក្រសួង​អប់រំ​ លោក​បាន​បន្ត​តួនាទី​របស់​លោក​តទៅ​ទៀត។​ លោក​ថា​ ក្រសួង​អប់រំ​នឹង​ធ្វើ​ការ​សម្រេច​លើ​ការ​ប្តឹង​ផ្តល់​លើក​នេះ​ ហើយ​ថា​លោក​នឹង​ទទួល​យក​ការ​សម្រេច​របស់​ក្រសួង។​

«អា​នេះ​វា​អាស្រ័យ​លើ​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​ បើ​សិន​ណា​ជា​ក្រសួង​រក​ឃើញ​ថា​ ខ្ញុំ​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ដែល​មិន​អាច​អនុគ្រោះ​បាន​ អា​ហ្នឹង​ការ​សម្រេច​របស់​ក្រសួង​យ៉ាង​ណា​ ខ្ញុំ​ទទួល​យ៉ាង​ គឺ​ខ្ញុំ​ទទួល​តាម​ការ​សម្រេច​របស់​ក្រសួង»។​

លោក​បាន​ហៅ​ក្រុម​អ្នក​គ្រូ​ និង​លោក​គ្រូ​ដែលប្តឹង​រូប​លោក​នោះ​ថា​ ជា​មាន​គំនិត​អគតិ​ ដោយ​មិន​បាន​យក​ការ​ជជែក​គ្នា​មកដោះ​ស្រាយ​បញ្ហា​ តែបែរ​ជា​ជ្រើស​យក​ការ​ប្តឹង​ផ្តល់​ទៅ​វិញ។​

«ពួក​គាត់​បើ​និយាយ​ឲ្យ​ខ្លី​ ពួក​គាត់​អគតិ​ចំពោះ​ខ្ញុំ​ហ្មង។ គាត់​អត់​គិត​ថា​ ការ​ដឹកនាំ​គ្រប់​គ្រង​វា​ខុស​ប៉ុណ្ណាៗ​ទេ។​ គាត់​អត់​គិត​និយាយ​រឿង​កំហុស​ទេ​ គាត់​និយាយ​រឿង​ដេញ​ ដកៗ​ ដក​ចេញៗ​ អញ្ចឹង​ហ្មង»។​

លោក​ ឆែ សុគន្ធ ​ដែល​បាន​បង្រៀន​នៅ​វិទ្យាល័យ​ សុខ អាន​ ក្តី​ទន្ទឹម​អស់​រយៈ​ពេល​២៤​ឆ្នាំ​មក​ហើយនោះ​ ​បាន​ការពារ​បណ្តឹង​របស់​ក្រុម​គ្រូ​បង្រៀន​ និង​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក​នាយក​ឡុង អិត។​ លោក​និយាយ​ថា៖

«បើ​និយាយ​ទៅ​ចាប់​តាំង​ពី​គាត់​ធ្វើ​នាយកមក​ សមិទ្ធិផល​នៅ​ក្នុង​សាលា​គ្មាន​ទេ​ ហើយ​លុយកាក់​ក្នុង​មួយ​ឆ្នាំៗ​វា​២០​លាន​ជាង​ អញ្ចឹង​អត់​ធ្វើ​អី​ទាំង​អស់។​ បើយើង​គិត​ជាក់​ស្តែង​ គិត​ជាក់​ស្តែង​ត្រឹម​តែ​ឆ្នាំ​២០១៥​ ដែល​ពួក​ខ្ញុំ​ប្តឹង​ ពួក​ខ្ញុំ​កាក់​លុយ។​ ​ លុយ​ជួស​ជុល​បាន​ដល់​ទៅ​បី​អគារ​ហើយ​ ឥឡូវ​នៅ​សល់​លុយ​៦​ទៅ​៧​លានរៀល​ទៀត។​ ​ អាហ្នឹង​លុយ​ដែល​ត្រូវ​នៅ​សល់។​ ​ អា​ហ្នឹង​ដំណើរ​ការ​រៀន​សូត្រ​ ដំណើរការ​ជា​ធម្មតា​ហើយ»។​

លោក​ថ្លែង​បន្ត​ថា៖​

«ហ្នឹង​ហើយ​ រាល់​ឆ្នាំ​មក ​ជួស​ជុល​ ក៏​គាត់​មិន​ជួស​ជុល។​ ​ អាលុយ​សល់​ហ្នឹង​ ក៏​អត់​ដែល​មាន។​ ​ គ្រាន់​តែ​ចូល​វិស្សមកាល​ថ្មី​ហ្នឹង​ គាត់​ជំពាក់​គេ​២​លាន​ហើយ​ អី​ទៀត​ហើយ​ លុយ​ក្នុង​មួយឆ្នាំៗ​ ហើយ​អញ្ចឹង​ ខ្ញុំ​គិត​ថា​ បើ​សិន​ជា​អគតិ​ គំនិត​បុគ្គល​ វា​មិន​អាច​មាន​គ្រូ​ដល់​ទៅ​៣០​ផ្លាយ​នាក់​សុខ​ចិត្ត​ផ្តិត​មេដៃ​ប្តឹង​គាត់​ទេ​ សុំដក​គាត់​ទេ»។​

VOA ​ព្យាយាម​ទាក់​ទង​លោក ​ឡាច វណ្ណៈ​ អភិបាល​ខេត្ត​តាកែវ​ ដើម្បី​សុំការ​អធិប្បាយ​អំពី​លទ្ធភាព​នៃការ​ដក​លោក​ឡុង អិត​ពី​តួនាទី​នាយក​សាលា​សុខអាន​ក្តីទន្ទឹម​ តែនៅ​មិន​អាច​ទាក់​ទង​បាន​កាល​ពី​ថ្ងៃ​អាទិត្យ។​ ​VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​រស់ សាលីន ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ផង​ដែរ​ ​តែ​នៅមិន​អាច​ទាក់ទង​បាន។​

ការ​ប្តឹង​ផ្តល់​ទាមទារ​ដក​នាយក​សាលា​រូប​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រសួង​អប់រំ​កំពុង​បន្ត​ធ្វើ​ការ​កែ​ទម្រង់​វិស័យ​អប់រំ​ដែល​ក្រុម​អង្គការសង្គម​ស៊ីវិល​និយាយ​ថា​ ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ការ​ផ្តល់​សេវា​អប់រំ​នៅ​មាន​លក្ខណៈ​ទន់​ខ្សោយ​ ដោយសារប្រាក់​ខែ​របស់​គ្រួ​បង្រៀន​នៅ​មាន​កម្រិត​ទាប។​ ​ រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ដំឡើង​ខ្ទង់ចំណាយលើ​វិស័យ​នេះ​ ដោយ​នៅ​ឆ្នាំ​២០១៦​ខាងមុខ​ រដ្ឋាភិបាល​គ្រោងចំណាយ៥០០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​វិស័យ។​ ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​គម្រោង​ចាយ​វាយ​លើ​វិស័យ​អប់រំ​នេះ​ តែ​ពួក​គេ​បារម្ភ​ថា​ អំពើ​ពុករលួយ​នឹង​អាច​កើន​មាន​ផង​ដែរ៕