មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់បានបញ្ជាក់នៅថ្ងៃចន្ទនេះថា កោះតៃវ៉ាន់នឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសប្ដាហ៍នេះ ដោយធ្វើឱ្យដូចទៅនឹងស្ថានការណ៍ដែលតៃវ៉ាន់ទប់ទល់ប្រឆាំងនឹងការឈ្លានពានណាមួយរបស់ចិនដូច្នេះដែរ។ សមយុទ្ធនេះបានគ្រោងធ្វើឡើង ស្របពេលដែលប្រទេសចិនបានបន្តធ្វើសមយុទ្ធបន្ថែមទៀតនៅថ្ងៃចន្ទនេះនៅជុំវិញកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
យោធាតៃវ៉ាន់បានលើកឡើងថា កងកម្លាំងយោធាតៃវ៉ាន់នឹងធ្វើសមយុទ្ធទប់ទល់នឹងការចុះចតយន្តហោះចម្បាំងរបស់សត្រូវនៅក្នុងស្រុក Pingtung ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃកោះតៃវ៉ាន់ នៅថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
លោក Lou Woei Jye អ្នកនាំពាក្យនៃកងពលទី ៨ របស់យោធាតៃវ៉ាន់បាននិយាយថា៖ «យើងនឹងធ្វើសមយុទ្ធអនុវត្តវិធានការទប់ទល់ប្រឆាំងនឹងការវាយប្រហាររបស់សត្រូវលើកោះតៃវ៉ាន់»។
យោធាតៃវ៉ាន់ថា សមយុទ្ធនេះនឹងរួមមានទាំងការដាក់ពង្រាយទាហានរាប់រយនាក់និងកាំភ្លើងធំធុនធ្ងន់ចំនួនប្រហែល ៤០ គ្រឿងផងដែរ។
សមយុទ្ធរបស់តៃវ៉ាន់នេះបានគ្រោងធ្វើឡើង ស្របពេលដែលចិនបានបន្តធ្វើសមយុទ្ធតាមផ្លូវអាកាសនិងផ្លូវសមុទ្រនៅថ្ងៃចន្ទនេះនៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីខ្លួនបានធ្វើសមយុទ្ធបែបនេះ ៤ ថ្ងៃរួចមកហើយដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកទៅកាន់កោះនេះ។
លោក Lou បានលើកឡើងថា សមយុទ្ធយោធារបស់តៃវ៉ាន់នេះគឺត្រូវបានគ្រោងធ្វើរួចទៅហើយ គឺមិនមែនធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារបស់ចិននោះទេ។
ជាប្រចាំ កោះតៃវ៉ាន់ធ្វើសមយុទ្ធយោធាឱ្យដូចទៅនឹងស្ថានការណ៍ដែលចិនអាចឈ្លានពានខ្លួនដូច្នេះដែរ ហើយកាលពីខែមុន តៃវ៉ាន់បានអនុវត្តសមយុទ្ធបែបវាយប្រហាររុញច្រានទៅវិញពីផ្លូវសមុទ្រ ដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន៕