រដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលក្រុងតៃប៉ិ លោក Joseph Wu បាននិយាយនៅថ្ងៃសុក្រនេះថា សមយុទ្ធយោធាដ៏ធំរបស់ចិននៅជុំវិញកោះតៃវ៉ាន់ បានត្រឹមតែធ្វើឱ្យសម្ពន្ធមិត្តមានការប្តេជ្ញាចិត្តបន្ថែមធ្វើទស្សនកិច្ចនៅដែនកោះប្រជាធិបតេយ្យនេះ និងបង្ហាញសាមគ្គីភាព។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានរៀបចំសមយុទ្ធសមុទ្រ និងផ្លូវអាកាសដែលមិនធ្លាប់មានពីមុនមក ជាការសងសឹកចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ក្នុងខែនេះ នាំឱ្យមានភាពតានតឹងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ អ្នកនយោបាយអាមេរិកបានធ្វើទស្សនកិច្ចបីដងបន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី Pelosi។ អ្នកធ្វើទស្សនកិច្ចចុងក្រោយបំផុតគឺលោកស្រី Marsha Blackburn សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Tennessee ដែលបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅថ្ងៃសុក្រនេះ។
លោក Wu បានប្រាប់សារព័ត៌មានបរទេសថា៖ «យើងនឹងមិនឈប់បង្កើតមិត្តដោយសារតែការគំរាមកំហែងរបស់ចិនប្រឆាំងនឹងតៃវ៉ាន់នោះទេ»។
តៃវ៉ាន់ស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរពីការឈ្លានពានរបស់ចិន ដែលទាមទារថា កោះគ្រប់គ្រងដោយខ្លួនឯងនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលនឹងត្រូវចាប់យកនៅថ្ងៃណាមួយ ដោយកម្លាំងបើចាំបាច់។ រដ្ឋាភិបាលទីក្រុងប៉េកាំងរិះគន់សកម្មភាពការទូតដែលអាចផ្តល់ភាពស្របច្បាប់ដល់តៃវ៉ាន់ ហើយបានឆ្លើយតបដោយកំហឹងកាន់តែខ្លាំងឡើងចំពោះទស្សនកិច្ចរបស់មន្ត្រីនិងអ្នកនយោបាយលោកខាងលិច។
លោក Wu បាននិយាយថា ការបង្ហាញកម្លាំងរបស់ប្រទេសចិនគឺជាការប្រឆាំងជំហរស្ថាបនា ហើយ«នឹងមានដំណើរទស្សនកិច្ចបន្ថែមទៀត» ទៅកាន់កោះតៃវ៉ាន់ ដោយឥស្សរជនអន្តរជាតិ។ លោក Wu បាននិយាយថា៖ «ដោយសារតែសម្ពាធយោធាដែលប្រទេសចិនបានបង្ហាញប្រឆាំងតៃវ៉ាន់ មានមនុស្សកាន់តែច្រើនចង់មកបង្ហាញការគាំទ្ររបស់ពួកគេ។ មិត្តភក្តិអន្តរជាតិជាច្រើនបានប្រាប់យើងរួចហើយថា ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងចង់មកតៃវ៉ាន់។ ហើយគោលបំណងគឺសាមញ្ញណាស់ គ្រាន់តែបង្ហាញពីសាមគ្គីភាពប៉ុណ្ណោះ»។
លោកស្រី Blackburn សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ និងជាអ្នកគាំទ្រដ៏រឹងមាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ទស្សនកិច្ចរបស់លោកស្រីត្រូវបានរៀបចំឡើង«ដើម្បីផ្ញើសារទៅរដ្ឋាភិបាលទីក្រុងប៉េកាំងថា យើងនឹងមិនចាញ់ការគំរាមកំហែងទេ»។
នៅក្នុងកិច្ចប្រជុំរបស់លោកស្រីជាមួយ លោកស្រី Blackburn លោកស្រី Tsai បាននិយាយថាដំណើរទស្សនកិច្ចបែបនេះ«បានពង្រឹងការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ដើម្បីការពារខ្លួន»។
ក្រោយមក សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនេះបានថ្លែងសុន្ទរកថាធ្ងន់ៗ។ លោកស្រីបាននិយាយដោយសំដៅដល់ប្រធានាធិបតីចិនថា «អ្នកណាក៏ដោយដែលមានការយល់ដឹងអំពីប្រវត្តិសាស្ត្រដឹងថា លោក Xi Jinping នឹងមិនបញ្ឈប់ការគំរាមកំហែងសុវត្ថិភាព និងសន្តិសុខរបស់តៃវ៉ាន់នោះទេ ព្រោះវានឹងក្លាយជារឿងចាប់អារម្មណ៍បំផុតរបស់មនុស្សគ្រប់គ្នា។គាត់មិនមែនជាអ្នកដឹកនាំធម្មតាទេ ហើយគាត់មិនចំណាប់អារម្មណ៍ចំពោះប្រតិកម្មធម្មតា ឬទំនាក់ទំនងជាមួយអ្នកផ្សេងទៀតក្នុងពិភពលោកទេ»។
គណៈប្រតិភូសភាមួយទៀតដឹកនាំដោយសមាជិកព្រឹទ្ធសភាលោក Ed Markey បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ភ្លាមៗបន្ទាប់ពីលោកស្រី Pelosi ខណៈប្រទេសចិនកំពុងធ្វើសមយុទ្ធយោធារបស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ អភិបាលរដ្ឋ Indiana នៃគណបក្សសាធារណរដ្ឋលោក Eric Holcomb បានទៅតៃវ៉ាន់បន្ទាប់ពីការប្រកាសអំពីកិច្ចចរចាពាណិជ្ជកម្មនាពេលខាងមុខរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងតៃប៉ិ៕