នាយក​រដ្ឋមន្ត្រី​តៃវ៉ាន់ ​ឆ្លើយតប​ទៅនឹង​អត្ថាធិប្បាយ​របស់​លោក Trump​ ថា​កោះនេះ​គួរតែ​ចំណាយ​សម្រាប់​ការពារ​ជាតិ

នាយក​រដ្ឋមន្ត្រី​កោះតៃវ៉ាន់​ លោក Cho Jung-tai​ ថ្លែង​អំឡុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ Taipei កាលពីថ្ងៃទី១០ មេសា ឆ្នាំ២០២៤។(Photo by Sam Yeh / AFP)

នាយក​រដ្ឋមន្ត្រី​កោះតៃវ៉ាន់​ លោក Cho Jung-tai​ បាន​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump​ ដែល​ថា​កោះ​នេះ​គួរតែ​ចំណាយ​ប្រាក់​បន្ថែម​ទៀត​សម្រាប់​វិស័យ​ការពារ​ជាតិ​ ដោយ​និយាយ​ថា ​តៃវ៉ាន់​មាន​ឆន្ទៈ​ទទួល​ខុសត្រូវ​បន្ថែម​ទៀត។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃពុធ​ លោក Cho ​បាន​និយាយ​ថា​ កោះ​នេះ​គឺ​ឧទ្ទិស​ដល់​ការពង្រឹង​ការការពារ​របស់​ខ្លួន។

លោក​បាន​បន្ថែម​ថា តៃវ៉ាន់​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​នៅ​ពេល​និយាយ​ដល់​សន្តិសុខ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ​និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

នៅក្នុង​បទសម្ភាសន៍​របស់ទូរទស្សន៍​ Bloomberg Businessweek​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ ​នៅពេល​ដែល​លោក Trump ​ត្រូវ​បាន​គេ​សួរ​ថា​តើ​លោកនឹង​ការពារ​តៃវ៉ាន់​ពី​ប្រទេស​ចិន​ដែរ​ឬទេ ​លោក​បាន​ថ្លែងថា៖ «ខ្ញុំ​ស្គាល់​ប្រជាជនទាំងនោះ​យ៉ាងច្បាស់។ គោរព​ពួកគេ​យ៉ាងខ្លាំង។ ពួកគេ​បាន​យក​ អាជីវកម្ម​បន្ទះ​ឈីប​របស់​យើង​ទៅ​ផលិត​១០០​ភាគរយ។ ខ្ញុំ​គិត​ថា ​តៃវ៉ាន់​គួរ​តែ​បង់​ប្រាក់​ឲ្យ​យើង​សម្រាប់​ការ​ការពារ​ជាតិ»៕