យោធា​តៃវ៉ាន់​ថា​ខ្លួន​មាន​សិទ្ធិ​វាយបក​​ប្រឆាំង​ការ​​គំរាម​កំហែង​​របស់​ចិន

  • ​Reuters

លោកស្រី Tsai Ing-wen ថ្លែង​សុន្ទរកថា​ទៅ​កាន់​ទាហាន​នៅ​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ពេល​លោកស្រី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​ទាហាន​មួយ​នៅ​ក្នុង​ក្រុង Tainan កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

កោះ​តៃវ៉ាន់​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​ និង​ការ​វាយ​បក​វិញ​ ក្នុង​ពេល​រងការ​យាយី​ និង​ការ​គំរាម​កំហែង​ណា​មួយ​ ដែល​នេះ​ហាក់​ដូច​ជា​សារ​ព្រមាន​ត្រង់ៗ​ទៅប្រទេស​ចិនដី​គោក ដែល​កាល​ពី​សប្តាហ៍​មុន​ បានប្រើ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ហោះឆ្លង​បន្ទាត់​ចំណុចកណ្តាលនៃ​ច្រកសមុទ្រ​តៃវ៉ាន់​ដ៏​រសើប​ខាង​នយោបាយ។​

ភាព​តាន​តឹង​បានកើន​ឡើងយ៉ាង​ខ្លាំងក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​រវាងរដ្ឋាភិបាល​ទី​ក្រុង​តៃប៉ិ​ និង​ទី​ក្រុង​ប៉េកាំង​ ដែល​អះ​អាង​ថាកោះដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​មួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ហើយក្រុង​ប៉េកាំង​អាច​ប្រើ​កម្លាំង​យោធា​ដើម្បី​ដណ្តើម​កាន់​កាប់ ក្នុង​ករណី​ដែល​ចាំបាច់​ណាមួយ។​

កាល​ពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន យន្តហោះយោធា​ចិន​បានហោះ​ឆ្លង​ចំណុច​ពាក់​កណ្តាល​ច្រក​សមុទ្រ ​និង​រំលោភចូលក្នុង​តំបន់ការពារ​ដែន​អាកាស​របស់​កោះ​តៃវ៉ាន់ ​ដែល​នេះ​បាន​ធ្វើ​ឲ្យ​តៃវ៉ាន់​ស្រវ៉ាស្រទេញ​រៀបចំ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់ការ​រំលោភ​បំពានពី​ប្រទេស​ចិន​ដី​គោក។ ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​ហៅ​ការ​រំលោភ​បំពាន​របស់​ចិន​ ​ថា​ជា​ការ​គំរាម​កំហែង​មួយ​សម្រាប់​តំបន់។​

អ្នក​នាំពាក្យ​ក្រសួង​បរទេស​ចិន​លោក Wang Wenbin​ បា្រប់​អ្នក​អ្នក​សារព័ត៌មាន​ក្នុងក្រុង​ប៉េកាំង​ថា​ អ្វី​ដែល​គេហៅ​ថា​ «បន្ទាត់​ចំណុច​កណ្តាល»​ (mid-line) នៃ​ច្រក​សមុទ្រ​នោះ​ មិន​ដែល​មាន​នោះ​ទេ។​ ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​ កោះតៃវ៉ាន់​រាយការណ៍​ថា​ មានការ​រំលោភ​ពី​សំណាក់​ចិនដី​គោក​ទៅ​លើក​ចំណុច​កណ្តាល​នោះចំនួន​៥ដង​ ដែល​២​ដង​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន។

ដោយ​ឡែក​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​រាយការណ៍​ថា​ កង​កម្លាំង​អាកាសរបស់​ចិន​ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ​ H-6 ដែលអាច​ផ្ទុកគ្រាប់​នុយក្លេអ៊ែរបាន​ បាន​បើក​ការ​ហាត់ប្រយុទ្ធ​សាកល្បង​ទៅលើ​មូលដ្ឋាន​យោធា​មួយ​ដែល​មើល​ទៅ​ហាក់​ដូចជាមូលដ្ឋាន​កងទ័ព​អាកាសអាមេរិក Andersen នៅ​លើ​កោះ Guam​ ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកដែលដែល​គ្រប់គ្រង​ដោយ​អាមេរិក​នោះ។​

វីដេអូ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍នៅ​លើគណនី Weibo របស់កងទ័ព​រំដោះ​ប្រជាជន​ចិន​នោះ​ កើត​មាន​ឡើង​បន្ទាប់​ពី​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅថ្ងៃ​ទី​២​ ជិត​ដែន​កោះ​តៃវ៉ាន់​ ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ខ្លួន​ ចំពោះដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​ជាន់​ខ្ពស់ក្រសួង​ការបរទេស​អាមេរិក​ ទៅកាន់​ដែន​កោះ​តៃវ៉ាន់​ ក្នុង​ពេល​ថ្មីៗ​នេះ៕​