តៃវ៉ាន់​បាត់បង់​សម្ព័ន្ធភាព​ការទូត​ជាមួយ​កោះ​ណូរូ​ទៅ​ចិន បន្ទាប់ពី​គណបក្ស​កាន់​អំណាច​បាន​ឈ្នះការ​បោះឆ្នោត

បង្គោល​​សម្រាប់ចង​ទង់ជាតិ​កោះណូរូ​ត្រូវបាន​ទុក​ឱ្យ​នៅ​ទំនេរនៅ​មុខ​អគារ​ទីស្នាក់ការ​ការទូត​ ក្នុង​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

កោះ​តៃវ៉ាន់​បាន​ប្រកាស​ពី​ការកាត់ផ្តាច់​ទំនាក់​ទំនង​ការទូតជាមួយ​កោះ​ណូរូចាប់ពីថ្ងៃ​ចន្ទ ទី ១៥ ខែ​មករា បន្ទាប់ពី​ប្រទេស​ជា​កោះ​នៅ​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ​បាន​ប្រកាសសេចក្តីសម្រេច​ផ្លាស់ប្តូរ​ការទទួល​ស្គាល់ផ្នែក​ការ​ទូត​ពី​កោះ​តៃវ៉ាន់​ទៅ​កាន់​ចិនដី​គោក​ជំនួស​វិញ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ រដ្ឋាភិបាល​កោះ​ណូរូ​បាន​និយាយ​ថា ការផ្លាស់ប្តូរ​ទំនាក់ទំនង​ការ​ទូត​នេះ​គឺ​ស្រប​ជាមួយ​នឹង «គោលនយោបាយ​ចិន​តែ​មួយ» ដែល​ចែង​ថា រដ្ឋាភិបាល​ស្របច្បាប់​តែ​មួយ​គត់​ដែល​តំណាង​ឱ្យ​ប្រទេស​ចិន​ទាំង​មូល​ គឺសាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បាន​ប្រកាស​ថា កោះ​ណូរូ​នឹង​បញ្ឈប់ទំនាក់ទំនង​ឬ​ការដោះដូរ​ផ្លូវការ​ណាមួយ​ជាមួយ​កោះ​តៃវ៉ាន់។

អំឡុងពេល​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ អនុ​រដ្ឋមន្រ្តី​ការបរទេស​លោក Tien Chung-kwang និយាយ​ថា រដ្ឋាភិបាល​ក្រុង​តៃប៉ិ​នឹង​ដក​មន្រ្តី​និង​បុគ្គលិក​ទូត​របស់​ខ្លួន​ពី​បេសកកម្ម​នៅ​កោះ​ណូរូ​ ហើយ​បាន​ស្នើ​ឱ្យ​ប្រជាជាតិ​កោះ​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​កោះ​តៃវ៉ាន់។

លោក Tien បាន​ថ្លែង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ថា៖ «ចាប់តាំង​ពី​ឆ្នាំ ២០២៣ ​មក យើង​បាន​ទទួល​ព័ត៌មាន​ដែល​បង្ហាញ​ថា ​ចិន​បាន​ទាក់ទង​យ៉ាង​សកម្ម​ទៅ​កាន់​អ្នក​នយោបាយ​នៅ​កោះ​ណូរូ​ ហើយបាន​ព្យាយាម​ប្រើប្រាស់​ជំនួយ​ហិរញ្ញវត្ថុ​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ប្រែក្រឡាស់​ផ្នែក​ការ​ទូត​នៅ​កោះ​ណូរូ»។

លោក Tien បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា រដ្ឋាភិបាល​កោះ​ណូរូ​បានចាប់​ផ្តើម​ពិចារណាពី​ការផ្លាស់ប្តូរ​ការទូត​ទៅ​កាន់​ចិន​ក្នុងអំឡុងពេល​អាណត្តិ​របស់​អតីតប្រធានាធិតី​លោក Russ Joseph Kun កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។ បើ​ទោះ​បី​ជា​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ផ្នែក​ទំនាក់​ទំនង​ទ្វេភាគី បន្ទាប់ពី​លោក David Adeang បាន​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​ប្រចាំ​កោះ​ណូរូ ​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០២៣ លោក Tien បាន​និយាយ​ថា កោះ​ណូរូ​បាន​បន្ត​ស្នើសុំ​កោះ​តៃវ៉ាន់​នូវ​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ទំហំ​ធំ ​ដែល​មាន​លើស​ពី​អ្វី​ដែល​កោះ​តៃវ៉ាន់​ជាធម្មតា​ផ្តល់​ទៅឱ្យ​សម្ព័ន្ធមិត្ត​ការទូត​របស់​ខ្លួន។

លោក Tien បាន​លើកឡើង​ថា សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​កោះ​ណូរូ​ក្នុង​ការភ្ជាប់​ចំណង​ការទូត​ជាមួយ​ចិន បើ​ទោះ​បី​ជា​មាន​ជំនួយ​ជា​ច្រើន​ដែល​កោះ​តៃវ៉ាន់​បាន​ផ្តល់ឱ្យ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ​គឺ​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ។ លោក​ក៏​បាន​ថ្កោល ទោស​សេចក្តីសម្រេច​របស់​ចិន​ នៅ​ក្នុង​ការ​ដណ្តើមយក​សម្ព័ន្ធមិត្ត​ការទូត​មួយ​ទៀត​ពី​កោះ​តៃវ៉ាន់ បន្ទាប់​ពី​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់​ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មករា ដោយ​ពណ៌នា​ចំណាត់ការ​នេះ​ថាប្រកបដោយចេតនា​ និង​ជា​ការ​ប៉ុនប៉ង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​នៅ​កោះ​តៃវ៉ាន់។

លោក Tien ថ្លែង​ថា៖ «នៅពេល​ដែល​បណ្តា​ប្រទេសប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នៅលើ​ពិភពលោក​អបអរសាទរ​កោះ​តៃវ៉ាន់​អំពី​ការជោគជ័យ​នៃ​ការបោះឆ្នោត រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជ្រើស​ការគាបសង្កត់​កោះតៃវ៉ាន់​ក្នុង​បែបផែន​ដូចនេះ»។ លោក Tien បន្ថែម​ទៀត​ថា ចំណាត់ការពី​រដ្ឋាភិបាល​ចិន​នេះ​ជា​ការសងសឹក​ប្រឆាំង​នឹង​គុណតម្លៃ​លទ្ធិប្រជាធិបតេយ្យ​ និង​តតាំង​យ៉ាង​កម្រោល​មកលើ​រចនាសម្ព័ន្ធ​សណ្តាប់ធ្នាប់​អ​អន្តរជាតិ»។

ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បោះបង់​ចោលការតតាំង​ ហើយ​វិលត្រឡប់​មក​គោរព​សណ្តាប់ធ្នាប់​អន្តរជាតិ ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ខ្លួន​ស្វាគមន៍​សេចក្តីសម្រេច​របស់​កោះ​ណូរូ​ក្នុង​ការកាត់ផ្តាច់ «​អ្វី​ដែល​ជា​ទំនាក់ទំនង​ការទូត» ជាមួយ​កោះ​តៃវ៉ាន់។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «មាន​តែ​ចិន​តែ​មួយ​គត់​នៅ​លើ​ពិភពលោក។ តៃវ៉ាន់​ជា​ផ្នែក​មិន​អាច​កាត់ផ្តាច់បាន​ពី​ដែនដី​ចិន ហើយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែ​មួយ​គត់​ដែល​តំណាង​ឱ្យ​ចិន​ទាំង​មូល»។ សេចក្តីថ្លែងការណ៍​នោះបន្ថែម​ទៀត​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង«ត្រៀមខ្លួន​ស្រេចហើយ​ដើម្បី​ធ្វើការ​ជាមួយ​កោះ​ណូរូ។

រូបឯកសារ៖ លោក Lai Ching-te អនុប្រធានាធិបតី​តៃវ៉ាន់ សាទរ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ប្រធានាធិបតីជាមួយ​ដៃគូ​របស់​លោក គឺលោកស្រី Bi-khim Hsiao (ស្តាំ) នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ព័ត៌មាន​នៃ​ការកាត់ផ្តាច់​ចំណង​ការទូត​ពី​កោះ​ណូរូ​នេះ​កើត​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កោះ​តៃវ៉ាន់​បានធ្វើការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​គណបក្ស​កាន់​អំណាច​គឺ គណបក្ស​ប្រជាធិបតេយ្យ​ចម្រើននិយម​ដែល​គាំទ្រ​ឱ្យ​កោះ​តៃវ៉ាន់​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន​ បាន​ឈ្នះ​អាណត្តិ​ប្រធានាធិបតី ៣ លើក​ជាប់ៗគ្នា​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

បន្ទាប់​ពី​ការ​បោះឆ្នោត​នេះ រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា លទ្ធផល​នៃ​ការបោះឆ្នោត​មិន​ឆ្លុះ​បញ្ចាំង​ពី​មតិសាធារណជន​មួយ​ភាគធំ​នៅ​កោះ​តៃវ៉ាន់​ ហើយ​បាន​សង្កត់ថា​លទ្ធ ផល​នេះ​មិន​អាច​ផ្លាស់ប្តូរ​ការពិត​ដែល​ថា​តៃវ៉ាន់ ​គឺ​ជា​ផ្នែក​មួយ​របស់​ចិន​នោះ​ទេ។

អ្នក​វិភាគ​ខ្លះ​និយាយ​ថា ​ការសម្រេច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការដណ្តើម​យក​សម្ព័ន្ធមិត្ត​របស់​កោះតៃវ៉ាន់​ គឺ​ជា​ជ័យជម្នះ​ដែល​រដ្ឋាភិបាល​ចិន​អាច​ទាមទារ បន្ទាប់ពី​ខ្លួន​បាន​ប្រើប្រាស់​ភាសា​ព្រមាន​ខ្លាំងៗ​មក​លើ​កោះតៃវ៉ាន់​ពី​ផលវិបាក​ដែល​អាច​កើតមាន​ពី​ការបោះឆ្នោត​ឱ្យ​បេក្ខភាពពី​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ជា​ប្រធានាធិបតី​ថ្មី​នោះ។

អ្នកស្រី Amanda Hsiao ជា​អ្នកវិភាគ​ជាន់ខ្ពស់​ស្តីពី​ចិន​នៅ​អង្គការ​វិបត្តិ​អន្តរជាតិ​ ឬ (International Crisis Group) បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «រដ្ឋាភិបាល​ចិនចាំបាច់​គោរព​តាម​ភាសា​មុតមាំ​របស់​ខ្លួនដោយ​ត្រូវ​ធ្វើការ​ឆ្លើយតប​ខ្លះ។ ដូច្នេះ​នេះ​ប្រហែល​ជា​ចំណាត់ការ​ដំបូង​នៅ​ក្នុង​ចំណោម​ចំណាត់ការ​បន្តបន្ទាប់​ដែល​អាច​កើតមាន»។

ចាប់តាំង​ពី​ចិន​បាន​ប្រើប្រាស់​ចំណាត់ការ​ស្រដៀង​គ្នា​នេះ​ដើម្បី​សងសឹក​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់​មក អ្នក​វិភាគ​ខ្លះ​និយាយ​ថា ​ពត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។ លោក Lev Nachman អ្នកវិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យា ល័យ​ជាតិ Chengchi នៅ​កោះ​តៃវ៉ាន់​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ពួក​យើង​ភាគច្រើន​ចាត់ទុក​ការដណ្តើមយក​សម្ព័ន្ធមិត្ត​ការទូត​ជា​មធ្យោបាយ​នៅ​ក្នុង​បញ្ជី​របស់​ចិន​ចំពោះ​ការ​ដាក់បន្ទុក​លើ​កោះតៃវ៉ាន់​ ចំពោះ​ជ័យជម្នះ​សាជាថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ ចម្រើននិយម​ ហើយ​ជា​មធ្យោបាយ​ដែល​ពួកគេ​មាន​បំណង​នឹង​ធ្វើ»។

ស្រប​ពេល​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា បាន​ធ្វើ​ឱ្យ​កោះ​តៃវ៉ាន់​នៅ​សល់​សម្ព័ន្ធ មិត្ត​ការទូត​តែ ១២ ប៉ុណ្ណោះ​ លោក Nachman បាន​និយាយ​ថា រដ្ឋាភិបាល​កោះ​តៃវ៉ាន់​អាច​បន្សាប​ឥទ្ធិពល​នៃ​ការសងសឹក​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាមរយៈ​ការ​លើកឡើង​នូវ​ភាសា​ដែល​ថា​ ការ​វិវត្ត​ទាំង​នេះ​គឺ​ជា​ឧទាហរណ៍​នៃ​ «ការយាយី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មក​លើ​កោះតៃវ៉ាន់»។

លោក​បាន​ថ្លែង​ថា៖ «ដរាប​ណា​កោះតៃវ៉ាន់​ប្រកាន់​ភ្ជាប់​សារ​ដូច្នេះ ខ្ញុំ​នៅ​តែ​គិត​ថា ​កោះ​តៃវ៉ាន់​នឹង​ហាក់​ដូចជា​ខ្លាំង​ជាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។ លោកបន្ថែមទៀត​ថា ​ការព្យាយាម​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការទន្ទ្រាន​យក​សម្ព័ន្ធមិត្ត​ការ​ទូត​របស់​តៃវ៉ាន់​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មើល​ទៅ​ដូចជា​អ្នកយាយី​ ជាជាង​ការធ្វើ​ឱ្យ​គណបក្សប្រជាធិបតេយ្យ​ចម្រើន​និយម​មើល​ទៅ​ទន់ខ្សោយ។

បើ​ទោះ​បីរដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក Lai Ching-te នឹង​មិន​ស្បថ​ចូល​កាន់​តំណែង​រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​ឧសភា​ក៏​ដោយ អ្នកស្រី Hsiao នៅ​អង្គការ​វិបត្តិ​អន្តរជាតិ​បាន​ព្យាករណ៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹងប្រើប្រាស់​វិធាន ការ​មិនមែន​យោធា​ដើម្បី​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ពីព្រោះ​ចំណាត់ការ​កាល​ពី​ថ្ងៃ​ចន្ទ​បង្ហាញ​ថា រដ្ឋាភិបាល​ចិន​មិនចង់​ឱ្យ​គេ​ចាត់​ទុក​ខ្លួន​ថា​ជា​«ការ​បង្កហេតុ​ហួសហេតុ​នោះ​ទេ»។

អ្នកស្រី​ Hsiao បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ការ​ឆ្លើយតប​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ការមិនពេញចិត្ត​ខ្លាំង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត ហើយ​ខ្ញុំ​គិត​ថា មាន​លទ្ធភាព​ដែល​ពួកគេ​ប្រហែល​ត្រូវ​ជ្រើស​ប្រើប្រាស់​ការឆ្លើយតប​មិនមែន​តាមរយៈ​យោធា​ច្រើន​ជាង​មុន»។

ស្រប​ពេលសហរដ្ឋអាមេរិក​និង​ចិន​កំពុង​ប្រជែង​គ្នា​ដណ្តើម​យក​ឥទ្ធិពល​នៅតំបន់​ប៉ាស៊ី ហ្វកក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​វិភាគខ្លះ​គិត​ថា ការផ្លាស់ប្តូរគោលជំហរ​របស់​កោះ​ណូរូ​ពី​កោះ​តៃវ៉ាន់​មក​កាន់​ចិន​ដី​គោក​នឹ ង​មាន​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​មក​លើ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​តំបន់​នេះ។

លោក Ian Chong សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ បុរី​ បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ថា៖ «កោះ​ណូរូ​គឺ​ជា​ប្រទេស​តូច​ជាង​គេ​បង្អស់​មួយ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ ហើយ​ដោយសារ​តែ​ចំណុច​នៃ​ការប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ ស្ថិត​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​គឺ​ពាក់ព័ន្ធ​នឹង​លទ្ធភាពចូល​ប្រើប្រាស់ កោះណូរូ​ប្រហែលជាមិនសំខាន់​ខ្លាំង​នៅ​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា