តៃវ៉ាន់ប្រឈមនឹងឧបសគ្គគោលនយោបាយការបរទេស ខណៈចិនបង្កើនសម្ពាធការទូត

រូបឯកសារ៖ លោក Lai Ching-te ដែលទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ ថ្លែង​នៅលើ​ឆាកមួយ​ក្រោយ​ទទួល​ជ័យជម្នះ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ប្រទេស​ចិន​បាន​បង្កើន​សម្ពាធ​ការទូត​លើ​កោះ​តៃវ៉ាន់​ចាប់តាំង​ពី​គណបក្ស Democratic Progressive Party (DPP) ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​តៃវ៉ាន់ បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត​កាលពី​ថ្ងៃ​ទី ១៣ ខែ​មករា​កន្លង​ទៅ​នេះ។ ចិន​បាន​បង្កើន​សម្ពាធ​ដូច្នេះ​តាម​រយៈ​ការ​ព្យាយាម​ដណ្តើម​យកសម្ព័ន្ធមិត្ត​ការទូត​ពី​តៃវ៉ាន់​និង​រិះគន់​បណ្តា​ប្រទេស​ដែល​អបអរសាទរ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី​របស់​តៃវ៉ាន់។

អ្នក​វិភាគ​មួយ​ចំនួន​បាន​ថ្លែង​ថា យុទ្ធនាការ​ដាក់​សម្ពាធ​ថ្មី​ចុងក្រោយ​បង្អស់​របស់​ចិន​លើ​តៃវ៉ាន់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រកួតប្រជែង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ដណ្តើម​ឥទ្ធិពល​នៅតំបន់​ប៉ាស៊ីហ្វិក និង​ជា​ការ​ប៉ុនប៉ង​ដើម្បី​ចោទ​ប្រកាន់​គណបក្ស DPP ដែល​គាំទ្រ​ការ​រក្សា​អធិបតេយ្យភាព​របស់​តៃវ៉ាន់​ថា​ជា​គណបក្ស​អសមត្ថភាព។

លោក Marcin Jerzewski អ្នក​វិភាគ​អំពី​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​តៃវ៉ាន់​នៅ​អង្គការ European Values Center for Security Policy ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រាក​នៃ​ប្រទេស​ឆែក​បាន​ប្រាប់ VOA នៅ​ក្នុង​ទីក្រុង​តៃប៉ិ​ថា៖ «រដ្ឋាភិបាល​ចិន​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​តៃវ៉ាន់​យល់​ថា​គណបក្ស DPP គ្មាន​សមត្ថភាព​ការពារ​លំហ​អន្តរជាតិ​របស់​តៃវ៉ាន់»។

ទោះបីជាចិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទាក់ទាញ​ប្រទេស​ណូរូ​ដែល​ជា​សម្ព័ន្ធមិត្ត​ការទូត​មួយ​របស់​តៃវ៉ាន់​ក៏ដោយ លោក Jerzewski បាន​ថ្លែង​ថា លោក​គិត​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​មិន​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រជាជន​តៃវ៉ាន់​នោះ​ទេ។

លោក​និយាយ​ដូច្នេះ​ថា៖ «ប្រជាជន​តៃវ៉ាន់​មិន​ខ្វល់ខ្វាយ​ខ្លាំង​នោះ​ទេ​អំពី​ការ​រក្សា​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​តៃវ៉ាន់​ជាមួយ​សម្ព័ន្ធមិត្ត​ការទូត​ផ្លូវការ​របស់​ខ្លួន»។

នៅ​ក្នុង​សារ​លើ​បណ្តាញ​សង្គម​អនឡាញ Facebook របស់​ក្រសួង​ការបរទេស​តៃវ៉ាន់​អំពី​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​តៃវ៉ាន់​ក្នុង​ការ​បញ្ចប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ណូរូ ប្រជាជន​តៃវ៉ាន់​មួយ​ចំនួន​បាន​សរសេរ​ថា តៃវ៉ាន់​មិន​ត្រូវការ​សម្ព័ន្ធមិត្ត​ការទូត​ដែល​សុំ​តែ​ជំនួយ​ហិរញ្ញវត្ថុ​នោះ​ទេ រីឯ​អ្នក​ខ្លះ​ទៀត​ថា តៃវ៉ាន់​គួរតែ​ផ្តោត​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ដៃគូ​ត្រឹមត្រូវ។

ក្នុង​អំឡុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី ១៥ ខែ​មករា ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​ប្រកាស​អំពី​ការ​សម្រេច​បញ្ចប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ណូរូ ដោយ​លើកឡើង​អំពី​កិច្ច​ប្រឹងប្រែង​ជា​បន្ត​របស់​ចិន​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​ដីកោះ​ប៉ាស៊ីហ្វិក​នេះ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​តាមរយៈ​ការ​សន្យា​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ។

រដ្ឋាភិបាល​តៃវ៉ាន់​បាន​ចាត់ទុក​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​នេះ​ថា​ជា​ការ​សងសឹក​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី ១៣ ខែ​មករា​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា​នេះ​ជា​ការ​ប្រឆាំង​យ៉ាង​ជាក់ច្បាស់​នឹង​របៀប​រៀបរយ​អន្តរជាតិ។

នៅ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​ការ​រិះគន់​របស់​តៃវ៉ាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning បាន​ថ្លែង​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា​ថា ការ​សម្រេច​របស់​ប្រទេស​ណូរូ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​ជាមួយ​ប្រទេស​ចិន​បាន​បង្ហាញ​ថា «មតិ​សាកលលោក​និង​របត់​ប្រវត្តិសាស្ត្រ​កំពុង​ងាក​ទៅ​រក​គោលការណ៍​ចិន​តែមួយ»។

ក្រោយពី​មាន​ការ​សម្រេច​របស់​ប្រទេស​ណូរូ​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា​មក វិទ្យាស្ថាន​អាមេរិកាំង​នៅ​តៃវ៉ាន់ (American Institute in Taiwan (AIT)) ដែល​តាម​ជាក់ស្ដែង​គឺ​ជា​ស្ថានទូត​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​តៃប៉ិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ហៅ​ការ​វិវត្តនេះ​ថា​ជា​ការ​សម្រេច​អំពី​អធិបតេយ្យភាព «ដ៏​ខកចិត្ត»។

វិទ្យាស្ថាន​អាមេរិកាំង​នៅ​តៃវ៉ាន់​នេះ​បាន​ព្រមាន​ថា រដ្ឋាភិបាល​ចិន​ជារឿយៗ «ធ្វើ​ការ​សន្យា​ជា​ថ្នូរ​នឹង​ទំនាក់ទំនង​ការទូត​ដែល​នៅ​ទីបំផុត​មិន​អាច​សម្រេច​បាន» ហើយ​វិទ្យាស្ថាន​នេះ​បាន​លើកទឹកចិត្ត​ប្រទេស​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រឡូក​ជាមួយ​តៃវ៉ាន់។

រូបឯកសារ៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសចិន​ចេញ​ប្រតិបត្តិការ​ល្បាត​ក្នុង​អំឡុង​សមយុទ្ធមួយ នៅក្បែរ​កោះតៃវ៉ាន់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

ការ​វិវត្ត​នេះ​បាន​កាត់បន្ថយ​ចំនួន​សម្ព័ន្ធមិត្ត​ការទូត​ផ្លូវការ​របស់​តៃវ៉ាន់​មក​នៅ​ត្រឹម ១២ និង​នាំឱ្យ​មាន​ការ​ចោទ​ជា​សំណួរ​ថា​តើ​តៃវ៉ាន់​គួរ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​សម្ព័ន្ធមិត្ត​ដែល​សុទ្ធតែ​ជា​ប្រទេស​តូចៗ​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​ច្រើន​ក្រាស់ក្រែល​ទាំងនេះដែរ​ឬ​ទេ។

អ្នក​វិភាគ​ម្នាក់​បាន​ប្រាប់ VOA ថា វា​នឹង​ពិបាក​សម្រាប់​តៃវ៉ាន់​ក្នុង​ការ​ឈ្នះ «ល្បែង​ការទូត​ប្រាក់​ដុល្លារ» ដោយសារតែ​ចិន​តែងតែ​អាច​យក​ឈ្នះ​លើ​តៃវ៉ាន់​នៅ​ក្នុង​ល្បែង​នេះ។

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​តៃវ៉ាន់ ប្រភព​ការទូត​តៃវ៉ាន់​មួយ​បាន​ថ្លែង​ថា ប្រទេស​ណូរូ​បាន​ស្នើសុំ​តៃវ៉ាន់​នូវ​កញ្ចប់​ជំនួយ​ប្រហែល ៨៣,២៣ លាន​ដុល្លារ​ដើម្បី​រក្សា​ប្រតិបត្តិការ​មន្ទីរ​ឃុំឃាំង​មួយ​កន្លែង។ ប៉ុន្តែ​តៃវ៉ាន់​មិន​អាច​រែក​បន្ទុក​ជំនួយ​ដ៏​ច្រើន​នេះ​ដោយ​ខ្លួន​ឯង​បាន ហើយ​ប្រទេស​ណូរូ​បាន​ប្ដូរ​ការ​ទទួលស្គាល់​ការទូត​ទៅ​រក​ចិន​វិញ មុន​ពេល​តៃវ៉ាន់​ផ្តល់​ចម្លើយ​ចុងក្រោយ​ដល់​ប្រទេស​ណូរូ។

ខណៈ​ដែល​ប្រទេស​ចិន​ដណ្តើម​យក​សម្ព័ន្ធមិត្ត​ការទូត​របស់​ខ្លួន តៃវ៉ាន់​ស្វែងរក​វិធី​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​ជាមួយ​នឹង​បណ្ដា​ប្រទេសប្រជាធិបតេយ្យ​ដែល​មាន​គំនិត​ដូច​គ្នា។ បន្ទាប់ពី​គណបក្ស DPP ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត សហរដ្ឋ​អាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស ជប៉ុន សិង្ហបុរី និង​ហ្វីលីពីន​បាន​អបអរសាទរ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​របស់​តៃវ៉ាន់​លោក Lai Ching-te។

ដើម្បី​ជា​ការ​ឆ្លើយតប ចិន​បាន​ចេញ​ការ​ជំទាស់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ប្រទេស​ទាំង​នោះ និង​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេស​ចិន​ឱ្យ​ព្រមាន​រដ្ឋាភិបាល​ហ្វីលីពីន «កុំ​ឱ្យ​លេង​ជាមួយ​ភ្លើង»។

លោក Timothy Rich សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Western Kentucky បាន​ថ្លែង​ថា ការ​គាំទ្រ​ដែល​តៃវ៉ាន់​បាន​ទទួល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​កិច្ច​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​ធ្វើ​ឱ្យ​តៃវ៉ាន់​នៅ​ឯកោ​បាន​បរាជ័យ ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​អំពី​ទំនាក់ទំនង​ដ៏​តានតឹង​រវាង​ប្រទេស​ទាំង​ប៉ុន្មាន​ដែល​បាន​លើកឡើង​ខាងលើ​ជាមួយ​នឹង​ប្រទេស​ចិន​ផង​ដែរ។

លោក​បាន​ប្រាប់ VOA ថា៖ «តៃវ៉ាន់​បាន​ទទួល​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ក្រៅ​ផ្លូវការ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នៅ​ក្នុង​តំបន់​ផង​ដែរ ចំណែក​ឯ​ប្រទេស​ចិន​មិន​អាច​ធ្វើ​អ្វី​បាន​ទេ បាន​ត្រឹមតែ​កត់សម្គាល់​មើល​ប៉ុណ្ណោះ»។

លោក Jerzewski បាន​ថ្លែង​ថា ប្រទេស​ផ្សេង​ទៀត​នឹង​ចាត់ទុក​ការ​ឆ្លើយតប​បែប​ខឹងសម្បា​របស់​ចិន​ថា ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ចិន «មិនមែន​ជា​ប្រទេស​ដែល​មាន​ហេតុផល​និង​គួរ​ឱ្យ​ទុកចិត្ត​ក្នុង​កិច្ចការ​អន្តរជាតិ​នោះ​ទេ»។ លើស​ពី​នេះ​ទៀត វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​យល់ឃើញ​ថា «ចិន​គឺ​ជា​អ្នក​សម្លុត​គំរាមកំហែង»។

អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា បើ​ប្រៀបធៀប​ទៅនឹង​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ជាមួយ​សម្ព័ន្ធមិត្ត​ផ្លូវការ ទំនាក់ទំនង​ក្រៅ​ផ្លូវការ​របស់​តៃវ៉ាន់​ជាមួយ​នឹង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​គំនិត​ដូច​គ្នា​មាន​សារៈសំខាន់​ខ្លាំង​ជាង​នេះ​ច្រើន​សម្រាប់​តៃវ៉ាន់ ដោយសារ​ប្រទេស​ទាំង​នោះ​អាច​ផ្តល់​ឱ្យ​តៃវ៉ាន់​នូវ​អត្ថប្រយោជន៍​ជាក់ស្តែង។

លោក Chen Yu-hua អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Akita International University បាន​ប្រាប់ VOA ក្នុង​បទសម្ភាសន៍​ជា​វីដេអូ​ថា៖ «សម្រាប់​ថ្នាក់ដឹកនាំ​នៅ​តៃវ៉ាន់ អ្វី​ដែល​សំខាន់​ចំពោះ​ផល​ប្រយោជន៍​ជាតិ​របស់​តៃវ៉ាន់​គឺ​សន្តិសុខ​និង​វិបុលភាព»។

តាម​ទស្សនៈ​របស់​លោក បើ​ប្រៀបធៀប​ទៅ​នឹង​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​ប្រទេស​តូចៗ ទំនាក់ទំនង​ក្រៅ​ផ្លូវការ​របស់​តៃវ៉ាន់​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​មាន​សារៈសំខាន់​ចំពោះ​ផល​ប្រយោជន៍​ជាតិ​របស់​តៃវ៉ាន់។

លោក​បាន​ថ្លែងថា៖ «ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​អាច​ផ្តល់​នូវ​សន្តិសុខ​និង​វិបុលភាព​ដល់​តៃវ៉ាន់»។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់​នេះ​គួរតែ​បន្ត​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដែលមិន​ងាយ​នឹង​រង​ឥទ្ធិពល​របស់​ចិន៕